ហេតុអ្វីអ្នកគួរសន្សំលុយមួយផ្នែកសម្រាប់ប្រើប្រាស់ពេលជួបគ្រាអាសន្ន?
ថវិកាសង្គ្រោះបន្ទាន់ ( Emergency Fund) គឺជាថវិកាមួយដោយឡែកក្រៅពីប្រាក់សន្សំទូទៅ (Personal Saving Money)។ ថវិកានេះគឺជាទូទៅត្រូវប្រើនៅពេលមានបញ្ហាចៃដន្យណាមួយកើតឡើងហើយត្រូវបានគេវាយតម្លៃថា វាអាចជួយឲ្យអ្នកមានលុយចាយគ្រប់គ្រាន់នៅក្នុងរយៈពេល៥ ទៅ ៦ ខែទៅមុខទោះបីជាអ្នកគ្មានចំណូលក៏ដោយ។
ជាគោលការណ៍របស់អ្នកជំនាញគ្រប់គ្រងហិរញ្ញវត្ថុ បានផ្តល់ដំបូន្មានថា គ្រួសារ ឬបុគ្គលគ្រប់រូបគួរមានថវិកាមួយផ្នែកក្រៅពីប្រាក់សន្សំផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ពេលមានករណីចាំបាច់ណាមួយកើតមានឡើងក្នុងគោលដៅដើម្បីកុំឲ្យធ្លាក់ចូលក្នុងវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរឡើង។ ហេតុអ្វីអ្នកត្រូវមានប្រាក់សន្សំមួយនេះ? ខាងក្រោមនេះជាមូលហេតុសំខាន់ៗដែលអ្នកគួរស្វែងយល់៖
១.អ្នកស្ថិតក្នុងស្ថានភាពមានបំណុល នៅពេលអ្នកកំពុងមានបំណុលក្នុងដៃ អ្នកគួរតែលៃលកសន្សំប្រាក់មួយផ្នែកទៀតសម្រាប់ទុកជាថវិកាសង្គ្រោះបន្ទាន់ (Emergency Fund)។ នេះគឺដើម្បីជៀសវាងថា នៅពេលអ្នកជួបបញ្ហាលុយកាក់ ឬមានការចំណាយលើសខ្ទង់កំណត់ដោយប្រកាណាមួយដោយចៃដន្យដូចជា រថយន្តខូច ឬ មានជំងឺត្រូវព្យាបាលភ្លាមៗ នោះអ្នកអាចនឹងយកថវិកានេះទៅប្រើប្រាស់បាន។ នេះនឹងមិនធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង ហើយនៅតែអាចផ្ដោតលើការរកប្រាក់ផ្សេងទៀតមកដោះបំណុលបានជាធម្មតា។
២.ប្រភពចំណូលរបស់អ្នកមានតែមួយគត់ ការចំណាយរបស់អ្នកនឹងប៉ះពាល់ប្រសិនបើអ្នកមានប្រភពចំណូលតែមួយគត់ ហើយមានបញ្ហាមួយកើតមានឡើង។ ឧទាហរណ៍ថា ប្រភពចំណូលរបស់អ្នកនេះត្រូវបាត់បង់ ការងារត្រូវបានគេបញ្ឈប់ ឬមានជំងឺកើតឡើងភ្លាមៗ នោះវានឹងធ្វើឲ្យអ្នកធ្លាក់ចូលក្នុងបំណុលតែម្តង ប្រសិនបើអ្នកមិនមានថវិកាសម្រាប់ត្រៀមសង្គ្រោះទេនោះ។ ដូច្នេះនៅពេលអ្នកងើបផុតពីបំណុល ហើយអ្នកមានគ្រួសារ អ្នកត្រូវបន្ថែមប្រាក់សន្សំថវិកានេះទុកត្រៀមចាយវាយពេលមានបញ្ហាកើតឡើង។ ប្រសិនបើអ្នកនៅលីវទេ អ្នកត្រូវតែប្រញាប់សន្សំកាន់តែឆាប់កាន់តែល្អ។
៣.អ្នកមានជំនួញផ្ទាល់ខ្លួន សម្រាប់អ្នកដែលមានមុខរបរផ្ទាល់ខ្លួន វាជារឿងចាំបាច់ដែលត្រូវមានថវិកាមួយផ្នែកសម្រាប់បណ្ដោះទាល់ពេលជួបបញ្ហាណាមួយកើតឡើងដោយចៃដន្យ។ អ្វីដែលសំខាន់នោះគឺនៅពេលដែលអ្នកសង្កេតឃើញថា អាជីវកម្មរបស់អ្នកចាប់ផ្តើមធ្លាក់ចុះដែលជាសញ្ញាណមួយសម្រាប់អ្នកត្រូវត្រៀមប្រាក់មួយផ្នែកសម្រាប់ទូទាត់ដូចជា ថ្លៃទឹកភ្លើង បុគ្គលិក និងការចំណាយផ្សេងៗទៀត កុំឲ្យធ្លាក់ចូលទៅក្នុងវិបត្តិបំណុល។
៤.ទិញចលនទ្រព្យ ឬអចលនទ្រព្យបង់រំលោះ ការទិញចលនទ្រព្យ ឬ អចលនទ្រព្យបង់រំលោះដូចជា រថយន្ត ទូរស័ព្ទ ផ្ទះ ឬ ដី នេះជាករណីមួយដែលអ្នកត្រូវយកចិត្តទុកដាក់សន្សំប្រាក់សម្រាប់គ្រាមានអាសន្ន។ ឧទាហរណ៍ថា អ្នកបាត់បង់ប្រភពចំណូល គ្មានការងារធ្វើ មានជំងឺ ឬ ត្រូវការប្រាក់បន្ទាន់សម្រាប់ដោះស្រាយបញ្ហាផ្សេងៗ នោះអ្នកនឹងអាចយកលុយដែលត្រៀមទុកនោះមកទូទាត់បាន ហើយវាមិនធ្វើឲ្យប៉ះពាល់ដល់ថវិកាដែលអ្នកត្រៀម ទុកសម្រាប់បង់រំលោះរបស់អស់ទាំងនេះទៀតផង។
៥.អ្នកចង់សម្រេចគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រសិនបើអ្នកចង់សម្រេចគោលដៅដែលអ្នកដៅទុកដូចជា ចង់បានផ្ទះ ឬបើកជំនួញមួយនៅក្នុងរយៈពេល ៥ ឆ្នាំ ឬ ១០ឆ្នាំខាងមុខ វាចាំបាច់ហើយដែលអ្នកត្រូវមានថវិកាសម្រាប់សង្គ្រោះបន្ទាន់នេះ។ ក្នុងករណីអ្នកមានគម្រោងថា ៥ ឆ្នាំ ឬ ១០ ឆ្នាំទៀតអ្នកត្រូវរកលុយឲ្យបាន ៥ ម៉ឺនដុល្លារ នោះគោលដៅនេះនឹងបរាជ័យប្រសិនបើអ្នកមិនមានលុយត្រៀមទុកព្រោះហេតុការណ៍ផ្សេងៗនឹងកើតមានឡើងនៅក្នុងអំឡុងពេលណាមួយដែលធ្វើឲ្យអ្នកត្រូវដកលុយផ្សេងៗក្រៅពីលុយសន្សំសម្រាប់គ្រាអាសន្នមកចាយវាយ ទីបំផុតគម្រោងហិរញ្ញវត្ថុត្រូវប៉ះពាល់៕
ប្រភព៖ balance