ថៃជួបរដ្ឋប្រហារច្រើនលើកច្រើនសា ចុះហេតុអ្វីសេដ្ឋកិច្ចរបស់ខ្លួននៅតែរឹងមាំដដែល?
តាមការសង្កេតមើលពីអ្នកជំនាញសេដ្ឋកិច្ច បានយល់ស្របលើចំណុចរួមមួយចំនួនដែលជាហេតុផលនៅពីក្រោយភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ថៃ បើទោះបីជាមានរដ្ឋប្រហារ និងការកាន់កាប់ដោយរបបយោធារយៈពេលយូរ នៅក្នុងប្រទេសមួយទាំងមូល ក៏មិនអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនទទួលរងផលប៉ះពាល់នោះដែរ។ ចំណុចពិសេសមួយចំនួនដែលនៅពីក្រោយភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ានមួយនេះ មានជាអាទិ៍៖
១. មិនសូវមានសកម្មភាពអំពើហិង្សា ខុសពីប្រទេសជាច្រើនផ្សេងទៀតដែលជាទូទៅ រដ្ឋប្រហារសុទ្ធតែកើតមានជាមួយនឹងអំពើហិង្សាពីសំណាក់អ្នកកាន់អំណាច និងអ្នកប្រឆាំង។ ក៏ប៉ុន្តែរដ្ឋប្រហារនៅប្រទេសថៃវិញ ហាក់បីដូចជាមានបរិបទផ្សេង ពោលគឺមិនសូវមានសកម្មភាពហិង្សាណាមួយកើតឡើង ក្រៅពីការធ្វើបាតុកម្មទាមទារឱ្យមានការបោះឆ្នោតជាបន្ទាន់មួយនៅក្នុងស្ថានភាពតូចតាចតែប៉ុណ្ណោះ។
២. ក្រុមយោធាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ ផ្អែកទៅលើរដ្ឋធម្មនុញ្ញរបស់ថៃ ព្រះមហាក្សត្រទទួលបានសិទ្ធិជាប្រធានជួរមុខរបស់កងទ័ពនៅក្នុងប្រទេស។ លើសពីនេះទៅទៀត គ្រួសាររាជរង្សនៅក្នុងប្រទេសថៃត្រូវបានរដ្ឋការពារ និងផ្តល់សិទ្ធិអំណាចយ៉ាងខ្ហាំង ខណះដែលប្រជាជនរបស់ប្រទេសនេះក៏៏មានការគោរព និងកោតខ្លាចទៅលើព្រះមហាក្សត្រខ្លួនផងដែរ។
ហេតុដូចនេះហើយ ថ្វីត្បិតតែប្រទេសស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានពិតមែន ប៉ុន្តែវត្តមានរបស់មហាក្សត្រនៅក្នុងប្រទេសនៅតែអាចការពារស្ថានការណ៍នៅក្នុងប្រទេសបានភាគច្រើន មិនឲ្យធ្លាក់ទៅរកភាពវឹកវរផងដែរ។
៣. រដ្ឋប្រហារកើតឡើងច្រើនដងមកហើយ សម្រាប់ប្រទេសថៃ រដ្ឋប្រហារបានកើតមាននៅក្នុងប្រទេសខ្លួនច្រើនលើកច្រើនសាមកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៣២ នៅពេលដែលរដ្ឋប្រហារទម្លាក់រាជវង្សចេញពីអំណាច។ គិតមកទល់ពេលនេះ រដ្ឋាភិបាលទីក្រុងបាងកក បានជួបរដ្ឋប្រហារសរុប ១៩ លើកមកហើយ ក្នុងនោះ ១២ លើកទទួលបានជោគជ័យ។ ដូច្នេះសម្រាប់ប្រជាជនរបស់ខ្លួនស្ទើរតែចាត់ទុកថា វាជារឿងធម្មតាទៅហើយ ព្រោះរដ្ឋប្រហារទាំងនោះមិនបានបង្កបញ្ហាគួរឲ្យគត់សម្គាល់ណាមួយជាដុំកំភួនខ្លាំងក្លានោះឡើយ។
៤. វិស័យទេសចរណ៍ចូលរួមចំណែកយ៉ាងសកម្មក្នុងសេដ្ឋកិច្ចជាតិ ថ្វីបើមានបញ្ហារដ្ឋប្រហារច្រើនលើកច្រើនសាក៏ពិតមែន ប៉ុន្តែប្រទេសថៃនៅតែទទួលបានភ្ញៀវទេសចរណ៍ទៅកំសាន្តមិនដាច់ គ្រាន់តែថាពួកគេមិនសូវសម្រុកទៅទស្សនាច្រើនដូចកាលមុនៗ។ គេសង្កេតឃើញថា គ្រប់រមនីយដ្ឋាន កន្លែងកំសាន្ត និងសកម្មភាពទេសចរណ៍ទាំងឡាយនៅតែទាក់ទាញទៅដល់អ្នកទេសចរណ៍ទាំងនេះឲ្យមកទស្សនាប្រទេសនេះរាប់លានអ្នកនៅក្នុងមួយឆ្នាំៗ។ ចំណុចនេះក៏ជាហេតុផលធំមួយដែលធ្វើអោយសេដ្ឋកិច្ចរបស់ខ្លួននៅតែអភិវឌ្ឍទៅមុខជាធម្មតាដដែល។
ទោះបីជាបែបនេះក្តី អំឡុងពេលមានរដ្ឋប្រហារលើកនេះ ថ្វីត្បិតតែវាមិនបានធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសថៃដើរថយក្រោយពិតមែន ក៏ប៉ុន្តែសេដ្ឋកិច្ចរបស់ខ្លួនក៏មិនសូវទទួលបានការលូតលាស់ខ្លាំងក្លាណាស់ដែរ នៅក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញនេះក៏អាចចាត់ទុកជារឿងដែលគួរអោយកោតសរសើរ និងគួររៀនសូត្រពីប្រទេសថៃផងដែរ ដែលប្រជាជាតិមួយនេះអាចរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនឲ្យបោះជំហានទៅមុខ បើទោះបីជាធ្លាប់ហែលឆ្លងកាត់ស្ថានការណ៍រាប់មិនអស់បែបណាក៏ដោយ៕
ប្រភព៖ សុត្ថា វត្តី