អ្វីទៅជាហេតុផលដែលធ្វើ​ឱ្យ​ដំណើរការនៃសមាហរណ​កម្មអាស៊ានយឺតជាងសហភាពអឺរ៉ុប?​



  ថ្វីបើសមាគមន៍អាស៊ាន​បាននិង​កំពុង​ធ្វើសមាហរណកម្ម ហើយ​​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community)​​ត្រូវ​បាន​​បង្កើត​ឡើង​ជា​​ផ្លូវ​ការ​តាំងពីចុងឆ្នាំ២០១៥ ក៏ពិតមែន ប៉ុន្តែបើមើលទៅដំណើរការនៃសមាហរណកម្មនេះ ហាក់បីដូចជាមានលក្ខណះយឺតបន្តិច ពោលគឺបើប្រៀបធៀបទៅនឹងសមាគមន៍ក្នុងតំបន់ដូចជាសហភាពអឺរ៉ុប ​អាស៊ាន​ហាក់​នៅ​ឆ្ងាយ​ពី​គេ។ ។ បាតុភូតនេះ អាចបកស្រាយបានដោយហេតុផល ៤យ៉ាងធំៗ រួមមានដូចខាងក្រោមនេះ៖

១. ភាពខុសគ្នាយ៉ាងសម្បូរបែបនៃប្រជាជាតិអាស៊ាន ថ្វីត្បិតតែស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នាក៏ពិតមែន ប៉ុន្តែគ្រប់បណ្តាប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍​ មានភាពខុសគ្នាស្ទើរតែគ្រប់វិស័យ ដោយក្នុងនោះមិនថា ភាសា ជំនឿ វប្បធម៌ទំនៀមទម្លាប់ របបនយោបាយ និង​សេដ្ឋកិច្ច​។ ហេតុដូច្នេះហើយ ចង់​ឱ្យ​ប្រទេសទាំង ១០ចូលគ្នា​ក្លាយជាប្រជាជាតិរបស់សហគមន៍អន្តរជាតិមួយ ​មិនមែនជារឿងដែលអាចធ្វើបាន​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ។

២. គម្លាតនៃការអភិវឌ្ឍន៍ បើនិយាយអំពីគម្លាតនៃការអភិវឌ្ឍន៍វិញ គ្រប់បណ្តាប្រទេសនៅក្នុងអាស៊ានសុទ្ធតែមានសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផ្សេងៗគ្នា។ វិសមភាព​ផ្នែក​សេដ្ឋកិច្ច​ គឺ​ជា​ចំណុច​ធំ​មួយ​ដែល​យើង​អាច​មើល​ឃើញ​ថា​ ​មាន​ប្រទេសខ្លះមានបាន ប្រទេសខ្លះទៀតបែរជាមិនសូវមានការអភិវឌ្ឍន៍ មានចំណូល​ទាបទៅវិញ។ ជាក់ស្ដែង​ប្រទេស​ ៦​ ដែល​មាន​ដែល​មាន​សេដ្ឋកិច្ច​​លូតលាស់​ខ្លាំង​ដូច​ជា​ សិង្ហបុរី ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ​​ ជា​ដើម​​ ​មាន​គំលាត​ឆ្ងាយ​ពី​ ប្រទេស​ ៤​ទៀតជា​អាទិ៍ វៀតណាម កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ​ដែល​មាន​សេដ្ឋកិច្ច​​នៅ​តូច​នៅ​ឡើយ។ ផ្ទុយពីប្រទេសនៅក្នុងតំបន់អឺរ៉ុបដែលច្រើនតែមានការអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នា ភាពខុសគ្នានេះជាហេតុផលដែលធំមួយដែលធ្វើ​ឱ្យ​អាស៊ានពិបាកនឹងធ្វើ​ឱ្យ​សហគមន៍​សេដ្ឋកិច្ច​មួយ​នេះ​ជោគជ័យឆាប់រហ័ស។​

៣. ការអនុវត្តន៍វប្បធម៌របស់អាស៊ី “Asian Value” និង ASEAN and the Principle of Non-Interference បើនិយាយពីវប្បធម៌ និងផ្នត់គំនិតវិញ មេដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ាន​ និយមប្រកាន់យកគោលការណ៍មិន​សូវ​រិះគុណការសម្រេចចិត្ត​លើ​បញ្ហា​ណា​មួយ​​របស់​សមាជិក​​ទៅវិញទៅមក ដើម្បីជៀស​វាង​បញ្ហាមើលមុខគ្នាមិនចំជាដើម។ ជាក់ស្ដែង​ ​មួួ​យ​ក្នុង​ចំណោម​បញ្ហា​ប្រ​ឈម​មួយ​ចំនួន​ គឺ​បញ្ហា​​សិទ្ធិ​មនុស្ស។ គោលការណ៍នេះដែរ ក៏ជាហេតុមួយដែលធ្វើ​ឱ្យ​ការក្លាយខ្លួនជាសមាគមន៌​ដែល​មាន​សន្ទុះ​ខ្លាំង​ព្រម​គ្នា​មាន​ការ​ពិបាក។

៤. ការចូលរួមយ៉ាងសកម្មពីសំណាក់ប្រទេសខាងក្រៅតំបន់ ជឿ រឺមិនជឿ អាស៊ានពេលនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រទេសនៅខាងក្រៅតំបន់ ពិសេសគឺប្រទេសមហាអំណាច​ដូចជាចិន និងអាមេរិចជាដើម។​ ការដើរតួយ៉ាងសកម្មរបស់ប្រទេសទាំងនេះហើយដែលតែងតែធ្វើ​ឱ្យ​សមាជិកនៅក្នុងអាស៊ានច្រើនតែបែកបាក់សាមគ្គីគ្នា ហើយតែងតែអាងលើប្រទេសមហាអំណាចទាំងអស់នោះ។ ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែការធ្វើសមាហរណកម្មរបស់អាស៊ានមិន​ទាន់​ទទួលបានផ្លែផ្កា​ដូច​សហភាព​អឺរ៉ុប​ក៏ពិតមែន ប៉ុន្តែ​យើង​អាច​មើល​ឃើញ​ថា​ ​មាន​ការ​បោះជំហ៊ាន​ទៅ​មុខ​យ៉ាង​សន្សឹមៗ ហើយនេះ អាច​ចាត់​ទុក​ថា​ជា​ចំណុច​វិជ្ជមានដែល​មានកើតឡើងជាបន្តបន្ទាប់៕​

ដោយ៖ សុត្ថា វត្តី

X
5s