ហ្វីលីពីន បញ្ជាឱ្យបង្កើនការនាំចូលម្ហូបអាហារ ដើម្បីទប់ទល់នឹងអតិផរណា
ដើម្បីទប់ទល់នឹង អតិផរណាដែលកំពុងតែឡើងខ្ពស់ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល បង្កើនការនាំចូលម្ហូបអាហារ ខណៈប៉ូលិសត្រូវបានបញ្ជា ឱ្យបង្ក្រាបអ្នកជួញដូរបំប៉ោងតម្លៃទំនិញ។
ការកើនឡើងនៃតម្លៃទំនិញ បានក្លាយជាបញ្ហានយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់ ក្នុងប្រទេសហ្វីលីពីន និងបានគំរាមកំហែងដល់ការគាំទ្ររបស់លោក Duterte ដែលនឹងឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី នាពាក់កណ្ដាលឆ្នាំក្រោយ។ គេហទំព័រ Nikkei បានចុះផ្សាយថា ដំណាំកសិកម្មប្រទេសហ្វីលីពីន បានការរងខូចខាតយ៉ាងដំណំ ដោយសារព្យុះទីហ្វុង Mangkhut កាលពីពាក់កណ្ដាលខែកញ្ញា បើប៉ាន់ប្រមាណជាទឹកប្រាក់ប្រហែល ២៧ ពាន់លានប៉េសូ ស្មើនឹង ៤៩៧ លានដុល្លារអាមេរិក ដែលនេះនឹងអាចជំរុញឱ្យមានអតិផរណាបន្ថែមទៀត។ ជុំវិញបញ្ហានេះ លោក Duterte បានដឹកនាំក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្ថយការរឹតបន្តឹង លើការនាំចូលអាហារ និងលើកកម្ពស់ឧបសគ្គនានា ដើម្បីឱ្យមានទំនិញ ផ្គត់ផ្គង់ភ្លាមៗដល់អ្នកប្រើប្រាស់។ ក្រុមមន្ត្រីប្រទេសនេះ បាននិយាយ កាលពីសប្ដាហ៍មុនថា ការផ្លាស់ប្ដូរនេះនឹងលុបបំបាត់ឈ្មួញកណ្ដាល ដែលបំប៉ោងតម្លៃ។ លោកប្រធានាធិបតី ក៏បានអនុញ្ញាតឱ្យឈ្មួញឯកជននាំចូលអង្ករ ខណៈអ្នកប្រើប្រាស់ លោកអនុញ្ញាតឱ្យនាំចូលស្ករស។ លោក Duterte បានបញ្ជាឱ្យនាំចូលត្រីបន្ថែម ដើម្បីបង្កើនការផ្គត់ផ្គង់ដែលមានស្រាប់ និងពន្លឿនការដឹកជញ្ជូន និងការចែកចាយ ការនាំចេញផលិតផលកសិកម្ម។ លោកបានដឹកនាំនាយកដ្ឋានពាណិជ្ជកម្ម និងកសិកម្ម ដើម្បីកាត់បន្ថយគម្លាតរវាងតម្លៃកសិផល និងលក់រាយ ហើយបានស្នើសុំឱ្យការិយាល័យស៊ើបអង្កេតជាតិ និងប៉ូលិសជាតិហ្វីលីពីន ជួយកំណត់អត្តសញ្ញាណអ្នករៀបចំ និងបំប៉ោងតម្លៃ។ រដ្ឋាភិបាល បានឱ្យដឹងថា តម្លៃប្រភេទម្ហូបអាហារ មាន ត្រី សាច់ បន្លែ អាហារសមុទ្រ និងអង្ករ បានឡើងខ្ពស់ ២,៤ % នៃអត្រាអតិផរណា ៦,៤ % នៅក្នុងខែសីហា ដែលអត្រាខ្ពស់បំផុត ក្នុងរយៈពេលជិតមួយទសវត្សរ៍។ រីឯតម្លៃស្ករសក្នុងប្រទេសនេះ ក៏កើនឡើងដែរ៕
ដោយ៖ សុវណ្ណមុនីលីតា ប្រភព៖ Asia.nikkei.com