ជ្រុងវិជ្ជមាននៃបំណុលរបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះប្រទេសកំពុងអភិវឌ្ឍ
ប្រធានបទទាក់ទងនឹងបំណុលរបស់ប្រទេសចិនមកកាន់ប្រទេសកំពុងអភិវឌ្ឍត្រូវបានគេយកស្រាវជ្រាវមិនចេះចប់មិនចេះហើយ ជាពិសេសពីសំណាក់អ្នកប្រាជ្ញបញ្ញវ័ន្ត និងអ្នកតាក់តែងគោលនយោបាយជាដើម។ ជារឿយៗ មានសារព័ត៌មានជាច្រើនបានចុះផ្សាយទាក់ទងនឹងបញ្ហាដែលប្រទេសមួយចំនួនកំពុងតែជួបប្រទះទាក់ទងនឹងកម្ចីអភិវឌ្ឍន៍ពីប្រទេសចិន ដែលវាបានធ្វើអោយប្រទេសមួយចំនួនចាប់ផ្តើមមានការរាថយមិនហ៊ានលាដៃទទួលជំនួយ ឬកម្ចី។ តើបំណុលរបស់មហាអំណាចចិនចំពោះប្រទេសកំពុងអភិវឌ្ឍពិតជាសុទ្ធតែនាំយកមកនូវភាពអវិជ្ជមានពិតមែនឬ?
បើបកស្រាយឱ្យស្រួលស្តាប់បន្តិច រាល់គ្រប់ការអភិវឌ្ឍន៍សុទ្ធតែមានផលប៉ះពាល់គ្រាន់តែ តិច ឬច្រើន។ ដូចគ្នាទៅនឹងការទទួលយកកម្ចីពីប្រទេសខាងក្រៅអីចឹងដែរ វាជៀសមិនផុតពីផលប៉ះពាល់មួយចំនួនខ្លាំងណាស់។ ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍវិញ ផលប៉ះពាល់នេះ អាចធ្វើឲ្យទទួលបានការចំណេញមួយចំនួនដែលពួកគេត្រូវការ។ មើលទៅកាន់សមត្ថភាពដែលកម្ចីពីប្រទេសចិន វាអាចជះផលវិជ្ជមានបានក្នុងរូបភាពបីយ៉ាងធំៗ ដែលក្នុងនោះរួមមាន៖
១. ការហូរចូលនូវមូលធនសម្រាប់អភិវឌ្ឍន៍ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ បញ្ហាហិរញ្ញវត្ថុគឺជារឿងសំខាន់មួយនៅក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដូច្នេះកម្ចីដែលបានមកពីប្រទេសចិនអាចអនុញ្ញាតឲ្យប្រទេសទាំងនោះប្រើប្រាស់ដើម្បីយកមកអភិវឌ្ឍគ្រប់វិស័យនៅក្នុងប្រទេសខ្លួន។ ម្យ៉ាងវិញទៀត ដោយសារតែប្រទេសចិនឥឡូវកំពុងតែផ្តោតសំខាន់ទៅលើគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ដូច្នេះប្រទេសកំពុងអភិវឌ្ឍជាច្រើនអាចប្រើប្រាស់កម្ចីទាំងនោះមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលការអភិវឌ្ឍន៍នេះអាចជួយពង្រឹងដល់ប្រព័ន្ធគមនាគមន៍ និងការដឹកជញ្ជូនជម្រុញវិស័យពាណិជ្ជកម្មក្នុងប្រទេស និងជាមួយដៃគូក្រៅប្រទេសផ្សេងៗបានទៀតផង។
២. កម្ចីឥតលក្ខខណ្ឌ ថ្វីត្បិតបើមានស្ថាប័នហិរញ្ញវត្ថុជាច្រើនអាចផ្តល់កម្ចីទៅកាន់ប្រទេសកំពុងអភិវឌ្ឍក៏ពិតមែន ប៉ុន្តែជារឿយៗកម្ចីទាំងនោះគឺមានផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌដ៏តឹងរឹងមួយចំនួន ដូចជាការគោរពសិទ្ធិមនុស្ស បំបាត់អំពើពុករលួយ រឺការប្រកាន់យកលទ្ធិប្រជាធិបតេយ្យឲ្យបានល្អឥតខ្ចោះជាដើម។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ បញ្ហាទាំងនោះសុទ្ធសឹងតែជាបញ្ហាដែលពិបាកនឹងជៀសផុតបំផុត ដូច្នេះហើយកម្ចីទាំងនោះបាននាំមកនូវសម្ពាធទៅកាន់រដ្ឋាភិបាលយ៉ាងខ្លាំងដើម្បីសម្រេចឲ្យបានគោលដៅទាំងនោះ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសចិន កម្ចីដែលរដ្ឋាភិបាលចិនផ្តល់ឲ្យ ជាទូទៅគឺមិនទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស រឺបំបាត់អំពើពុករលួយអ្វីនោះឡើយ។
៣. អ្នកដទៃមិនឲ្យ ចិនឲ្យ ពេលខ្លះ វាជារឿងងាយស្រួលយល់បំផុតដែលប្រទេសកំពុងអភិវឌ្ឍខ្ចីលុយពីប្រទេសចិន ខណះដែលខ្លួនមិនសូវទទួលបានកម្ចីពីសំណាក់ស្ថាប័នហិរញ្ញវត្ថុពិភពលោក ព្រោះវាជួនកាល ប្រទេសកំពុងអភិវឌ្ឍទាំងនោះអាចនឹងមានការលំបាកនៅក្នុងការដាក់សំណើរកម្ចី។
ដោយសារតែស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារពិភពលោកជាដើម សុទ្ធតែដំណើរការតាមស្តង់ដារប្រទេសក្នុងលោកខាងលិច ដូច្នេះច្បាប់វិន័យ និងតម្រូវការនៅក្នុងការដាក់ស្នើកម្ចីតែងតែមានភាពតឹងរឹង និងពេលខ្លះថវិកាដែលផ្តល់ឲ្យប្រទេសទាំងនោះខ្ចីអាចនឹងមិនគ្រប់តម្រូវការទៀត។ ប៉ុន្តែសម្រាប់ប្រទេសចិនវិញ ភាគច្រើនកម្ចីនោះមានលក្ខណះងាយស្រួល។ តួយ៉ាងដូចជាប្រទេសវ៉េណេស៊ុយអ៊ែឡាជាដើម ខណះដែលពិបាកនឹងទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗក្នុងពិភពលោក ប៉ុន្តែប្រទេសនេះទទួលបានកម្ចីពីប្រទេសចិនយ៉ាងងាយស្រួល។ ប៉ុន្តែដូចដែលបានបញ្ជាក់ពីខាងលើ រៀងរាល់កម្ចីទាំងនោះសុទ្ធតែមានចំនុចវិជ្ជមានដែលត្រូវតែសិក្សា ដូច្នេះវាក៏មិនខុសអ្វីពីកម្ចីរបស់ប្រទេសចិនមួយនេះដែរ។ ក្រៅពីចំណុចវិជ្ជមានដែលកម្ចីប្រទេសចិនអាចជួយដល់ប្រទេសក្រីក្រ វាក៏នាំមកនូវរឿងឈឺក្បាលមិនចេះចប់មិនចេះហើយដល់ប្រទេសនោះបានផងដែរ៕
ដោយ៖ សុត្ថា វត្តី