IMF៖ សេដ្ឋកិច្ចកម្ពុជា នឹងកើន ៧,២៥ % ក្នុងឆ្នាំនេះ
កាលពីថ្ងៃអង្គារ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គួរតែកើននៅកម្រិត ៧,២៥ % ក្នុងឆ្នាំនេះ និង ៧ % នៅឆ្នាំក្រោយ។
លោក Jarkko Turunen ដឹកនាំ ក្រុម IMF ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ១៩ កញ្ញា ដល់ ២ តុលា បានឱ្យដឹងថា ឥណទានធនាគារ ដែលផ្ដល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យ ត្រូវបានគេរំពឹងនឹងកើនឡើងប្រហែល ២០ %ក្នុងឆ្នាំ២០១៨ រួមជាមួយនឹងគុណភាពឥណទាន និងការផ្ដល់ប្រាក់កម្ចីដោយគ្មានការអនុញ្ញាត ពីសំណាក់អ្នកអភិវឌ្ឍអចលនទ្រព្យ នៅតែបន្តបង្កហានិភ័យ ដល់ស្ថិរភាពហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច។ នេះបើផ្អែមតាមការចុះផ្សាយរបស់ Reuters។
លោក Turunen បន្តទៀតថា ធនាគារជាតិនៃកម្ពុជា បានចាត់វិធានការគោលនយោបាយជាច្រើន ដើម្បីកាត់បន្ថយហានិភ័យរួមមានការដាក់បញ្ចូល ការការពារ ការអភិរក្សមូលធន និងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។
យ៉ាងណា IMF បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនកំណែទម្រង់ក្នុងវិស័យសុខាភិបាល និងអប់រំ ដើម្បីសម្រេចបានអត្រាកំណើន ៧ % ក្នុងរយៈពេលជាមធ្យម (ចន្លោះ ៥ ទៅ ៦ ឆ្នាំ) និងលើកកម្ពស់ បរិយាកាសពាណិជ្ជកម្ម ដោយទម្លាក់តម្លៃថាមពល អភិវឌ្ឍន៍ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ៕
ដោយ៖ សុវណ្ណមុនីលីតា