តើអាស៊ាននឹងអស្ចារ្យយ៉ាងណា ប្រសិនបើសមាជិកទាំង ១០ ចាប់ដៃគ្នាធ្វើជាប្រទេសតែមួយ?
នៅពេលបច្ចុប្បន្ននេះ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា (ASEAN) កំពុងក្លាយជាតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្លាំងក្លាថ្មីមួយនៅលើពិភពលោក។ ប្រសិនបើគេបូកបញ្ចូលប្រទេសជាសមាជិកអាស៊ានទាំង ១០ ជាប្រទេសតែមួយនោះ គេនឹងសង្កេតឃើញថា ចំណុចពិសេស ៧ យ៉ាងនឹងកើតមានឡើងដូចខាងក្រោមនេះ៖
១.ប្រសិនបើសមាជិកអាស៊ានទាំង ១០ ក្លាយជាប្រទេសតែមួយ វានឹងក្លាយជាប្រទេសដែលផលិតប្រេងដូង និងជ័រកៅស៊ូច្រើនជាងគេបំផុតនៅលើពិភពលោក និង ជាប្រទេសដែលទទួលបានការវិនិយោគពីបរទេស (FDI) ក្នុងទំហំទឹកប្រាក់ច្រើនជាងគេបំផុតលំដាប់ទី២នៅលើសាកលលោក។
២.អាស៊ាននឹងក្លាយជាប្រទេសមួយដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកលំដាប់ទី៣ បន្ទាប់ពីចិន (១,៣៧ ពាន់លាននាក់) ឥណ្ឌា (១,៣២ពាន់លាននាក់) និងអាស៊ាន ៦៣២ លាននាក់ឬ ប្រហែល ៨,៨% ក្នុងចំណោមប្រជាជនសាកលលោកសរុបជាង ៧,៤ ពាន់លាននាក់។
៣.អាស៊ាននឹងក្លាយជាប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតលំដាប់ទី៧ នៅលើសាកលលោក ពោលគឺមានផ្ទៃដីប្រមាណ ៤,៤ លានគីឡូម៉ែត្រការ៉េ ឬស្មើនឹង ៣% នៃផ្ទៃដីសាកលលោកទាំងមូល។ លើសពីនេះទៅទៀត ទឹកដីតំបន់មួយនេះគ្រប់ដណ្តប់ដោយធនធានធម្មជាតិដ៏ច្រើនមហាសាល និងប្រព័ន្ធជីវចម្រុះយ៉ាងច្រើនសំបូរបែបសម្រាប់បម្រើឲ្យសេដ្ឋកិច្ចក្នុងតំបន់។
៤.អាស៊ាននឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលំដាប់ទី៥នៅលើពិភពលោក។ យោងតាមស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) បានរកឃើញថា ទំហំផលិតផលក្នុងស្រុក (GDP) របស់សមាជិកអាស៊ានទាំង១០ បូកបញ្ចូលគ្នាសរុបមានទំហំ ២,៧៣ ពាន់ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ ពោលគឺធំជាងសេដ្ឋកិច្ចអង់គ្លេស (២,៦៣ ពាន់ពាន់លានដុល្លារ) និង ឥណ្ឌា (២,៦១ ពាន់ពាន់លានដុល្លារ)។
៥.ជាមួយនឹងកំណើនសេដ្ឋកិច្ចថេរ ៥,២% នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ អាស៊ានគឺជាតំបន់ដែលមានកម្លាំងពលកម្មធំជាងគេបំផុតលំដាប់ទី៣ បន្ទាប់ពីចិន និងឥណ្ឌា ប៉ុន្តែធំជាងទំហំកម្លាំងពលកម្មនៅតំបន់អឺរ៉ុប និងអាមេរិក។ ក្នុងនោះគេរកឃើញថា ក្នុងចំណោមប្រជាជនអាស៊ានសរុបជាង ៦០០ លាននាក់ អាស៊ានមានកម្លាំងយុវជនវ័យក្មេងដែលមានអាយុក្រោម ៣០ឆ្នាំ រហូតដល់ទៅជាងពាក់កណ្តាលនៃប្រជាជនសរុប។
៦.នៅក្នុងឆ្នាំ ២០៥០ ខាងមុខអាស៊ានត្រូវបានគេព្យាករណ៍ថា នឹងវ៉ាដាច់ សហភាពអឺរ៉ុប និងជប៉ុនក្លាយទៅជាតំបន់មួយមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតលំដាប់ទី៤ បន្ទាប់ពីចិន ឥណ្ឌា និង អាមេរិក។
៧.បើគេបូកបញ្ចូលកងទ័ពរបស់បណ្តាសមាជិកអាស៊ានទាំង ១០ គេនឹងសង្កេតឃើញថា តំបន់នេះមានកម្លាំងយោធាធំជាងគេបំផុតលំដាប់ទី២ ពោលគឺមានយោធាសកម្ម ១,៨២៧ លាននាក់ បន្ទាប់ពីចិនដែលមានកងទ័ពសរុប ២,៣៣ លានអ្នក។ ចំណែកការចំណាយលើវិស័យការពារជាតិវិញ អាស៊ានឈរនៅលេខរៀងទី ១០ ដែលចំណាយលើវិស័យការពារជាតិច្រើនជាងគេ ពោលគឺមានចំនួនសរុប ៣៨,២ ពាន់លានដុល្លារ ។
៨.អាស៊ានគឺជាជម្រកក្រុមហ៊ុនធំៗរបស់ពិភពលោករហូតដល់ទៅ ២២៧ ក្រុមហ៊ុនបើគិតត្រឹមឆ្នាំ ២០១៦ កន្លងទៅ ខណៈដែលកាលពីឆ្នាំ ២០០៦ វាមានត្រឹមតែ ៤៩ ក្រុមហ៊ុនធៗតែប៉ុណ្ណោះ។ ក្រុមហ៊ុននីមួយៗយ៉ាងហោចណាស់រកប្រាក់ចំណូលបានជាង ១ ពាន់ដុល្លារឡើងទៅ ហើយសិង្ហបុរីជាទឹកដីដែលក្រុមហ៊ុនទាំងនេះបោះទីតាំងបង្កើតទីស្នាក់ការ និងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធច្រើនជាងគេបង្អស់ក្នុងចំណោមសមាជិកទាំង ១០៕
ប្រភព៖ wakeupsg vs nextbigfuture vs cnbc