SHE Investment ប្រកាសកម្មវិធី «អភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន & មធ្យម» សម្រាប់សហគ្រិនស្ត្រីជាផ្លូវការ
ស៊ី អ៊ិនវេសមិន (SHE Investments) សហគ្រាសសង្គមដែលផ្តោតទៅលើការជួយពង្រីកអាជីវកម្ម និង លើកកម្ពស់សហគ្រិនស្ត្រីនៅកម្ពុជា បានបើកសម្ពោធនៅវគ្គបណ្ដុះបណ្ដាលមួយស្ដីអំពី “អភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន និងមធ្យម” ដោយមានការសហការនិងគាំទ្រពី USAID និង Development Innovations កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះនាសណ្ឋាគារ The Great Duke Phnom Penh។
លោកស្រី Celia Boyd នាយិកាគ្រប់គ្រងទូទៅនៃ SHE Investments មានប្រសាសន៍ថា កម្មវិធីនៃវគ្គបណ្ដុះបណ្ដាលនេះនឹងជួយបង្ហាញពីវិធីសាស្រ្តនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយទៅលើការអភិវឌ្ឍន៍ជំនាញក្នុងសហគ្រាសរបស់ពួកគាត់ពីផ្នែកហិរញ្ញវត្ថុ ផ្នែកគ្រប់គ្រង រហូតដល់ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សដែលជាឱកាសនៅក្នុងការជួយដល់អាជីវកម្មទាំងអស់នៅកម្ពុជា។ ក្នុងនោះផងដែរ លោកស្រីក៏បានចូលរួមត្រេកអរចំពោះសហគ្រិនស្រ្តីចំនួន ៥៨រូបដែលទទួលបានអាហារូបករណ៍សិក្សារយៈពេល ៦ខែនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ។
លោកជំទាវ សូ ស្រីម៉ិច អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មក៏បានបង្កើតនៅកម្មវិធីចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធអនឡាញផងដែរ ព្រមទាំងមានព័ត៌មានជាច្រើនទាក់ទងផ្នែកច្បាប់នៃការធ្វើអាជីវកម្មដែលផ្ដល់ឱកាសដល់សហគ្រិនស្រ្តីអាចសិក្សាស្វែងយល់បាន ពិសេសក៏មានព័ត៌មានពីកម្មវិធីបណ្ដុះបណ្ដាលដល់សហគ្រិនដែលមួយឆ្នាំអាចនឹងរៀបចំឡើងពីរដង ដូច្នេះសហគ្រិនស្រ្តីគួរចូលទៅតាមដានព័ត៌មាននៅក្នុង Website របស់ក្រសួង។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ញ៉ែម មរកត មានប្រសាសន៍លើកឡើងថា គ្មានការអភិវឌ្ឍណាមួយកើតឡើងដោយគ្មានការចូលរួមរបស់ស្រ្តីទេ ពោលគឺស្រ្តីមានវត្តមាននៅគ្រប់វិស័យទាំងអស់ ហើយបច្ចុប្បន្ននេះនៅកម្ពុជាអាជីវកម្មដែលមានស្រ្តីជាម្ចាស់មានចំនួន ៦១%នៃអាជីវកុម្មទូទាំងប្រទេស ប៉ុន្តែអាជីវកម្មរបស់ពួកគាត់គឺស្ថិតនៅក្នុងកម្រិតទាបនៅឡើយ ដែលប្រាក់ចំណូលជាមធ្យមរបស់បុរស ស្មើរនឹង ២ដងនៃប្រាក់ចំណេញរបស់ស្ត្រី។
គួរបញ្ចាក់ផងដែរថា កម្មវិធីបណ្តុះបណ្ដាលនេះបង្កើតឡើងក្នុងគោលបំណងជួយជម្រុញឲ្យសហគ្រិនស្រ្តីយល់ដឹងពីវិធីសាស្រ្តក្នុងការប្រើប្រាស់បណ្ដាញសង្គម និងបច្ចេកវិទ្យាដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគាត់ មានភាពរីកចម្រើន៕