ទីផ្សារគោល និងទីផ្សារកំណើន (Main Board Vs Growth Board)​



តាមប្រសាសន៍ លោក ទ្រី តៃហ៊ី នាយកគ្រប់គ្រងទីផ្សារមូលបត្រកម្ពុជាបានប្រាប់ ឱ្យ​ដឹងថាជាទូទៅផ្សារមូលបត្រសព្វថ្ងៃមិនថាប្រទេសណានោះទេ ភាគច្រើនបែងចែកចេញជាពីរ  ឬ បី ឬ បួន តែសម្រាប់ទីផ្សារមូលបត្រកម្ពុជាសព្វថ្ងៃ​​ គេបែងចែកផ្សារជាពីរប្រភេទ​ប៉ុណ្ណោះ​នោះ គឺ​ទីផ្សារគោល (Main board) និងទីផ្សារកំណើន(Growth Board)។

តើទីផ្សារគោល និង ផ្សារកំណើនខុសម្ដេច? ទីផ្សារគោល (Main Board) ជាកន្លែងដែល ក្រុមហ៊ុនធំៗមានឈ្មោះល្បី និង​មានលំនឹងល្អបោះផ្សាយភាគហ៊ុនលក់។ ក្រុមហ៊ុនដែលចូលទៅក្នុងទីផ្សារគោលមានការទាមទារលក្ខខណ្ឌច្រើនក្នុងការចុះបញ្ជី។ ក្រុមហ៊ុនដែលនូវក្នុងផ្សារគោលភាគច្រើនជាក្រុមហ៊ុនដែលល្អ មានឈ្មោះបោះសំឡេង​រួច​ទៅ​ហើយ។

ភាគហ៊ុនដែរបោះផ្សាយលក់ក៌មានតម្លៃខ្ពស់ទៅតាមក្រុមហ៊ុនដែរបានចុះបញ្ជីផងដែរ។ ចំពោះក្រុមហ៊ុនដែលចូលទៅក្នុងទីផ្សារគោល ប្រាក់ចំណេញរបស់ក្រុមហ៊ុនមិនសូវជាច្រើននោះទេ ប៉ុន្ដែលំនឹងនៃអាជីវកម្មរបស់ពួកគេមានស្ថេរភាពល្អ និង មានហានិភ័យតិចតួចតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់វិនិយោគិនដែលចង់វិនិយោគទៅលើភាគហ៊ុនក្នុងរយៈពេលវែង គួរតែជ្រើសរើសទីផ្សារគោលសម្រាប់ធ្វើការវិនិយោគ។ -Low Risk Low Return បើយោង​តាម​គេហទំព័រ​របស់​ផ្សារមូលបត្រ​កម្ពុជា​ និង​ស្រដៀង​ទៅ​នឹង​ចំណុច​ខាង​លើ​ដែរ​ ទីផ្សារគោលគឺជាផ្សារដំបូងបង្អស់ត្រូវបានបង្កើតឡើង និង​ដាក់​ឱ្យ​ដំណើរ​ការ​សម្រាប់​ការ​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​សក្តានុពល​ដែល​មាន​ស្តង់ដារ​ និង​ទំហំធំ។ ​ទីផ្សារ​នេះ​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នាំយក​ភាគ​ហ៊ុនទាំងអស់​ក្រោយការបោះផ្សាយ មកចុះបញ្ជីនិងជួញដូរនៅក្នុងប្រព័ន្ធរបស់ ផ.ម.ក.។

ទីផ្សារកំណើន (Growth Board) ជាកន្លែង​សម្រាប់​ឱ្យ​អាជីវកម្មធុនតូច-ធុនមធ្យមចុះបញ្ជី លក្ខខណ្ឌក្នុងការចុះបញ្ជីមានតិចជាងទីផ្សារគោល។ ក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីកំណើន ភាគច្រើនជាក្រុមហ៊ុនតូចៗ និងមានលំនឹងក្រុមហ៊ុនមធ្យមប៉ុន្ដែទទួលបានប្រាក់ចំនេញច្រើន ទន្ទឹមនឹងនោះក៏មានហានិភ័យខ្ពស់ដែរ។ សម្រាប់ភាគលាភដែលក្រុមហ៊ុនបង់ទៅឱ្យ​វិនិយោគិនក៌ច្រើនទៅតាមនឹងដែរ។ ចំពោះវិនិយោគិន ដែលចង់ ទទួលបានភាគលាភច្រើន អាចចូលទៅទីផ្សារកំណើនបានសម្រាប់ធ្វើការវិនិយោគ។ -High Risk High Return

​ដោយ៖ គឹម ច័ន្ទលាភ

X
5s