ពាក្យបច្ចេកទេសមូលបត្រសំខាន់ៗដែលលោកអ្នកគួរដឹង
ទីផ្សារមូលបត្រ (Securities Market) គឺជាកន្លែងដែលប្រមូលគៀងគរនូវមូលធន ដែលសំដៅដល់ទីកន្លែងលក់-ទិញមូលបត្រ និយាយសមញ្ញ យើងអាចហៅទីផ្សារមូលបត្រថាជា “ ទីផ្សារភាគហ៊ុន”។ ក្នុងផ្សារមូលបត្រមានពាក្យបច្ចេកទេសជាច្រើនដែលអ្នកមិនទាន់ដឹង។ ដូចនេះ ថ្ងៃនេះ BizKhmer សូមលើកយកពាក្យបច្ចេកទេសមូលបត្រមួយចំនួនមកចែករំលែក៖
ក្រុមហ៊ុនមូលបត្រ (Securities Firm) សំដៅដល់ក្រុមហ៊ុន ឬ ក្រុមហ៊ុនសហកម្មសិទ្ធដែលទទួលបានអាជ្ញាបណ្ណដើម្បីធ្វើអាជីវកម្មមូលបត្រ ដោយស្របទៅតាមច្បាប់ស្ដីពី ការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។
ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត (Public Limited Company) សំដៅដល់ក្រុមហ៊ុនដែលបង្កើតឡើងចុះបញ្ជីតាមច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម ក្នុងគោលបំណងបោះផ្សាយមូលបត្រជាសារណៈ។
Initial Public Offerings (IPO) ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិដែលមិនធ្លាប់បានបោះផ្សាយលក់ជាសាធារណៈពីមុនមក ដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្រុត ដែលមានចែង ក្នុងច្បាប់ អនុក្រឹត្យ និងប្រកាសនេះ។
ក្រុមហ៊ុនធានាទិញមូលបត្រ (Underwriter) ជាអ្នកគ្រប់ការចេញលក់និងផ្សព្វផ្សាយមូលបត្រជាសាធារណៈពីសារជីវកម្ម។
កិច្ចសន្យាធានាទិញ សកម្មភាព ឬដំណើរការ ធ្វើឡើងដោយសហជីព (syndicate) ក្នុងការធានាលក់មូលបត្រដែល បោះផ្សាយមួយលើកៗ ដោយធ្វើការទិញ មូលបត្រ នោះតាមតម្លៃកំណត់ពីរដ្ឋាភិបាល ឬ ក្រុមហ៊ុនបោះផ្សាយ។
នីតិបុគ្គលប្រតិស្រុត នីតិបុគ្គលដែលត្រូវបានអនុញ្ញាតឱ្យបោះផ្សាយនិងធ្វើសំណើលក់មូលបត្រជាសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជាស្របតាមច្បាប់នេះ និងបទប្បញ្ញត្តិផ្សេងៗ ។ នីតិបុគ្គលនេះមិនមែន ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា។ ថ្លៃសុំទិញ (Bid Price) ថ្លៃមូលបត្រ ឬទំនិញ ដែលស្នើឡើងដោយអ្នកទិញ។
អន្ដរឈ្មួញកណ្ដាល/ Interdealer broker ឈ្មួញកណ្ដាលដែលសម្រួលដល់កិច្ចការជួញដូររវាងពាណិជ្ចករនានាតាមរយៈការផ្ដល់នូវព័ត៌មាន និងផ្គូរផ្គ្គង បញ្ជាទិញ-លក់។
ក្រុមហ៊ុនពាណិជ្ជករមូលបត្រ (Dealer) ជាអ្នកមានសិទ្ធធ្វើការជួញដូរភាគហ៊ុនឲ្យខ្លួនឯងបាន និងអាចធ្វើការជួញដូរឲ្យវិនិយោគិនផ្សេងៗទៀតបានផងដែរ។
ភាគហ៊ុនមានសិទ្ធបោះឆ្នោត (Voting Share) សំដៅដល់ភាគហ៊ុន របស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្រុត ដែលផ្ដល់សិទ្ធបោះឆ្នោតទៅអោយអ្នកកាន់កាប់ភាគហ៊ុនដែលបានចុះបញ្ជី។
ភ្នាក់ងារទូទាត់សាច់ប្រាក់ ( Cash Settle Agents ) គឺជាធនាគារពាណិជ្ជដែលទទួលស្គាល់ដោយ SECC ដើម្បីទូទាត់សាច់ប្រាក់ពីការវិនិយោគ។ មូលបត្របំណុល (Debt Securities) ឧបករណ៍ហិរញ្ញវត្ថុដែលបោះផ្សាយដោយបុគ្គលណាមួយ ដោយបញ្ជាក់ ឬទទួលស្គាល់នូវបំណុលរបស់ខ្លួនចំពោះបុគ្គលមួយទៀតដែលបានអោយខ្ចីប្រាក់ ឬដាក់ជាប្រាក់បញ្ញើជាមួយបុគ្គលនោះ ឬ បុគ្គលនោះជំពាក់តាមវិធីផ្សេងពីនេះ ហើយទោះបីជាមាន ឬគ្មានទ្រព្យដាក់ធានាក្ដី។
ឧបករណ៍និស្សន្ទ ឬ ឧបករណ៍ដេរីវេទីវ (Derivative Instrument) ជាកិច្ចសន្យាដែលផ្ដល់សិទិ្ធ ឬ កាតព្វកិច្ចនៃមូលបត្រដើមទៅអោយបុគ្គលណាមួយដោយរាប់បញ្ចូលទាំងសិទិ្ធ ឬ កាតព្វកិច្ចទិញ លក់ ឬ ដាក់ពាក្យ សុំទិញមូលបត្រក្នុងពេលអនាគត ដោយមិនគិតថាបុគ្គលនេះមានបំណងប្រើសិទ្ធ ឬ មិនប្រើសិទ្ធប្រើប្រាស់នេះក៌ដោយ។
ដោយ៖ គឺម ច័ន្ទលាភ
ប្រភព៖ ទីផ្សារមូលបត្រកម្ពុជា