ធនាគារអឺរ៉ុប BRED Bank វិនិយោគនៅកម្ពុជាដោយសំឡឹងឃើញចន្លោះខ្វះខាតលើសេវាកម្មស្ដង់ដារអន្តរជាតិ​



BRED Bank Cambodia ​ដែលជាបុត្រសម្ព័ន្ធមួយរបស់ ធនាគារ BRED Banque Populaireដែល​មាន​ការិយាល័យ​កណ្ដាល​ នៅ​ទី​ក្រុង​ប៉ារីស ​ប្រទេស​បារាំង ​បានចាប់​ផ្ដើម​ចូល​មក​​វិនិយោគ ​​នៅ​ប្រទេស​​កម្ពុជា ​នៅ​ខែ​មីនា ឆ្នាំ​២០១៧។ បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​​ ​BRED Bank​ Cambodia មាន​សាខា​ចំនួន​៣ គឺ​នៅ​ការិយាល័យ​កណ្ដាល​ផ្លូវ​នរោត្តម ​សាខា​​ទី១ នៅ​ខណ្ឌ​ទួលគោក​ និង​សាខា​​មួយ​ទៀត​នៅ​ខេត្ត​សៀម​រាប​ដែល​​ត្រូវបានបើក​សម្ពោធជាផ្លូវការ ​​កាលពីថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៨ កន្លងទៅ​នេះ។ ខាង​ក្រោម​នេះ​ គឺ​ជា​កិច្ច​សម្ភាសន៍​រវាង​ Bizkhmer និង លោក​ មិន​ សុផា នាយក​ប្រតិបត្តិរង​នៃ​ធនាគារ​ BRED Bank​ Cambodia៖ BizKhmer៖ ហេតុ​អ្វី​បាន​ជា​ធនាគារ BRED Bank ​សម្រេច​មក​វិនិយោគ​នៅ​កម្ពុជា ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៧? លោក មិន សុផា៖ ចំពោះ​គោល​ដៅ​របស់​​ BRED Bank ​ក្នុង​ការ​មក​វិនិយោគ​នៅ​កម្ពុជា ​មិន​មែន​ត្រឹម​តែ​នៅ​ក្នុង​ខែមីនា​ ឆ្នាំ​២០១៧​ នោះ​ទេ គឺ​ចាប់​ផ្ដើម​សិក្សា​តាំង​ពី​ ២ទៅ​៣​ឆ្នាំ​មុន​ ដូច​ជា​ការ​សិក្សាទៅ​លើ​សក្ដានុពល​ទី​ផ្សារ សិក្សា​ទៅ​លើ​តម្រូវ​ការ ភាព​ខ្វះ​ចន្លោះ​​ចំពោះ​ទី​ផ្សារ​ធនាគារ​នៅ​ស្រុក​ខ្មែរ ហើយ​បើ​យើង​មើល​ពី​សក្ដានុពល​ទីផ្សារ ​មើល​ទៅ​លើ​ធនាគារ​ ​មាន​ច្រើន​ ប៉ុន្តែ​ចំពោះ​ធនាគារ​ដែល​មាន​លក្ខណៈ​ស្ដង់ដារ​អន្តរជាតិ​ ​នៅ​មាន​ចន្លោះ​ខ្វះខាត។ ដូច្នេះ​ ធនាគារ​យើង​នៅ​មើល​ឃើញ​ពី​សក្ដានុពល​ទី​ផ្សារ​ដែល​អាច​ឲ្យ​យើង​វិនិយោគ​នៅ​ប្រទេសកម្ពុជា​បាន។ BizKhmer៖ សម្រាប់​ក្របខ័ណ្ឌ​ទីផ្សារ​ក្រៅ​ប្រទេស​នៃ​ការ​វិនិយោគ​របស់​ BRED Bank​ តើ​កម្ពុជា​ជា​ប្រទេស​ទី​ប៉ុន្មាន​ដែរ? លោក មិន សុផា៖កាល​ពី​៦​ឆ្នាំ​មុន​ ធនាគារ​បាន​ចាប់​ផ្ដើម​នៅ​ប្រទេស​ឡាវ ក្រោយ​មក​នៅ​ប្រទេស​​កម្ពុជា ហើយ​យើង​ក៏​មាន​នៅ​ប្រទេស​ថៃ​ក្រោម​រូបភាព​​ជា​មូលដ្ឋាន​នៃ​​ក្រុម​បច្ចេកវិទ្យា(IT) ​របស់ BRED Bank។ BRED Bank ក៏​មាន​ការិយាល័យ​តំណាង​នៅ​ភូមា​ ដែលបច្ចុប្បន្ន យើង​កំពុង​តែ​ធ្វើ​ការ​សិក្សា​ដើម្បី​ទទួល​បាន​សិទ្ធិ​​ពេញលេញ​នៅ​ទី​នោះ​។ ទន្ទឹម​នឹង​នោះ​ BRED Bank ក៏​មានវត្តមាន ​នៅ​តំបន់​ប៉ាស៊ីហ្វិក ​និង​ប្រទេសនៅទ្វីប​អាហ្រ្វិក​មួយ​ចំនួន​ទៀត​ផង​ដែរ។ BizKhmer៖ តើ​លោក​អាច​ជម្រាប​ពី​ទិដ្ឋភាព​រួម​បាន​ទេ​ពី​ការ​ប្រកួត​ប្រជែង ថា​តើ​វា​មាន​ទំហំ​ប៉ុណ្ណា​ ចំពោះ​ក្របខណ្ឌ​​ធនាគារ​ពាណិជ្ជ​ក្នុង​ស្រុក​ និង​ប្រភេទ​ដែល​ផ្ដល់​សេវាកម្ម​លក្ខណៈ​ស្ដង់ដាអន្តរជាតិ​? លោក មិន សុផា៖បើ​និយាយ​ពី​ចំនួន​ធនាគារ​សព្វ​ថ្ងៃ​ គឺ​មាន​ប្រមាណ​ជា​ជាង ​៥០​ ​គិតរាប់ទាំងធនាគារ​ពាណិជ្ជ​​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​។ ដូច្នេះ​ការ​ប្រកួត​ប្រជែង​​ មាន​លក្ខណៈ​តានតឹង​ ហើយ​ការ​ប្រកួត​ប្រជែង​ដែលមានលក្ខណៈ​ស្ដង់ដា​រនិងគួរឲ្យ​ទុក​ចិត្ត ​គឺ​នៅ​មាន​ចន្លោះ​ខ្វះ​ខាត​នៅ​ឡើយ។ធនាគារ BRED Bank Cambodia ត្រូវបាន​បង្កើត​ឡើង​ ដោយឈរលើ​គោល​ការណ៍​សំខាន់ៗ ​៤ ​ចំណុច។ ​ទី១ ធនាគារ​គឺ​ជា​ដៃ​គូរបស់​អតិថិជន​។ ធនាគារយើងមិន​មែន​គ្រាន់​តែ​ឲ្យ​ប្រាក់​​អតិថិជន​ខ្ចី​ ឬ​ក៏​ទទួល​ប្រាក់បញ្ញើពី​អតិថិជន ហើយគឺ​ចប់​នោះ​ទេ។ យើង​ធ្វើការសហការគ្នា​រវាង​នាយក​ធនាគារ​ប្រធានសាខា ​ប្រធាន​ទំនាក់​ទំនង​នានា​ដែល​មាន​សមត្ថភាព និង​បទពិសោធន៍ដើម្បីធ្វើ​ការ​ជា​មួយ​អតិថិជន ​និងដើម្បី​ឲ្យ​យល់​ពី​តម្រូវ​ការ​របស់​អតិថិជន។ ទី២ កត្តា​តម្លៃ​ Fair Price។ ​អត្រា​ការ​ប្រាក់​ និងតំលៃផ្សេងៗ​របស់ធនាគារយើង​គឺមានតម្លាភាព។ ទី ៣ ​ធនាគារ​បើក​ធ្វើការ ពី​ម៉ោង​ ៨​ព្រឹក​ដល់​ម៉ោង ​៨យប់ ដែល​ទន្ទឹម​នោះ​ ធនាគារ​ភាគ​ច្រើន​គឺ​បើកធ្វើការ​តែពី​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​៤​រសៀលប៉ុណ្ណោះ។ ទី៤​ សេវា​កម្ម​ជាកញ្ចប់​និងមានលក្ខណៈ​ទូលំ​ទូលាយ​ ហើយ​ផលិតផលក៏​មាន​គ្រប់​ប្រភេទដែរ​។ BizKhmer៖  ការ​វិនិយោគ​នៅ​កម្ពុជា ជា​របស់ ​BRED Bank ទាំង​ស្រុង​ ឬ​ក៏មាន​ភាគហ៊ុននិក​​ផ្សេងទៀត​ចូលរួម? ធនាគារ​ BRED Bank ត្រៀម​​មូល​ធន​សរុប​ប៉ុន្មាន​ដែរ​សម្រាប់​ការ​វិនិយោគ​នៅកម្ពុជា? លោក មិន សុផា៖ចំពោះ​ដើម​ទុន​វិនិយោគ​ គឺ​ជា​របស់ ​​BRED Bank​ ទាំង​ស្រុង​ ។ បើ​តាម​ច្បាប់​ធនាគារ​ជាតិ​នៅ​កម្ពុជា ​ធនាគារត្រូវ​ការ​មូលធន​ចំនួន​ ៧៥​លាន​ដុល្លារ​​អាមេរិក សម្រាប់​ធ្វើ​ជា​ដើម​ទុន។​ ​ដំ​បូងឡើយធនាគារចាប់ផ្ដើម​ជាមួយដើមទុន​ត្រឹមតែ ៥០​លាន​ដុល្លារ​​ប៉ុណ្ណោះ​ ប៉ុន្តែដើម្បីឲ្យ​ត្រូវ​ទៅ​តាម​ល័ក្ខខណ្ឌ​ធនាគារ​ជាតិ​ យើងក៏បាន​វិនិយោគ​ដើម​ទុន​ ៧៥លាន​ដុល្លារ ដើមទុនរបស់យើងមិន​មែនមាន​ត្រឹម​តែ​​ប៉ុណ្ណឹង​នោះ​ទេ យើង​មាន​ច្រើន​ជាង​នេះទៅទៀត​​ ពីព្រោះ​ថាពួក​យើង​មក​នេះ​ក្រោម​រូភាព​ជា​បុត្រសម្ព័ន្ធរបស់​ធនាគារ​ BRED នៅ​ទី​ក្រុង​ប៉ារីស ​ប្រទេស​បារាំង​។ BizKhmer៖  ចំពោះ​គម្រោង​​នាថ្ងៃ​អនាគត​​តើ​ BRED Bank Cambodia នឹង​ពង្រីក​សាខា​របស់ខ្លួនដល់ ​២៥ខេត្ត​ ក្រុង​ ឬ​យ៉ាង​ណា? លោក មិន សុផា៖សម្រាប់​ទស្សនៈ​វិស័យ​រយៈ​ពេល​ខ្លី​ នៅ​ក្នុង​គម្រោង​ដែល​យើង​បាន​អនុវត្តន៍ ​គឺ​អាច​ខ្ទង់​ពី ​១៥​ទៅ​២០​សាខា​ នៅ​ក្នុង​២ទៅ​៣​ឆ្នាំ​ខាង​មុខ​។ BizKhmer៖ តើ​  BRED Bank Cambodia មាន​កំណត់​វិស័យ​ណា​មួយ​ជា​ វិស័យ​គោលដៅ​សម្រាប់​ការ​ផ្ដល់​សេវាកម្ម​របស់​ខ្លួន​ឬ​ទេ? លោក មិន សុផា៖បើ​និយាយ​រឿង​ផ្ដោត​ទៅ​លើ​វិស័យ​ណា​មួយ​នោះ គឺ​​យើង​ផ្ដោត​ទៅ​លើ​វិស័យ​ណា​ដែល​គាំទ្រ​ទៅ​នឹង​លក្ខខណ្ឌ​សេដ្ឋ​កិច្ច​របស់​ប្រទេស ហើយ​ក្នុង​នោះ​គឺ​យើង​ផ្ដោត​ទៅ​លើ​វិស័យ​កសិកម្ម​ ការ​នាំ​ចេញ​ស្រូវ​អង្ករ វិស័យ​ទេសចរណ៍ ​ផលិតកម្ម​ក្នុង​ស្រុក វិស័យ​កាត់ដេរ និង​វិស័យ​ផលិតកម្ម​ផ្សេងៗ​ជា​ដើម។ ប៉ុន្តែ​​ យើងមិន​មែន​​ផ្ដោត​តែ​ទៅ​លើ​វិស័យទាំង​នោះ​ទាំង​ស្រុង​ទេ គឺ​សំខាន់​ឲ្យ​តែ​វិស័យ​នោះ​មាន​សក្ដានុពល។ BizKhmer៖ តើ​លោក​អាច​ប្រាប់​ពី​ទំហំ​ឥណទាន​សរុប​របស់​ធនាគារ BRED Bank Cambodia​ បាន​​ដែរ​ឬ​ទេ? លោក មិន សុផា៖ តាម​ពិត​ទៅ ​ទំហំ​សាច់​ប្រាក់​ទាំង​អស់​នោះ​ វា​ស្ថិត​នៅ​ក្នុង​ផែន​ការ។ បើ គិត​ចាប់​ពី​ខែ​​កញ្ញា ​មក ​គឺ​មាន​ទំហំ​ប្រហែល​ ១០០លានដុល្លារ​ ហើយ​អាចនឹង​កើន​ឡើងដល់​ ១៥០​លាន ​នៅ​បំណាច់​ឆ្នាំ​នេះ​៕
X
5s