ម៉ាឡេស៊ី ក្រោយអាណត្តិលោកណាជីប និងការទប់ទល់ជាមួយនឹងឥទ្ធិពលរបស់ចិន
រឿងរ៉ាវនៅក្នុងប្រទេសម៉ាឡេស៊ីនៅតែជាចំណុចចាប់អារម្មណ៍របស់អ្នកនយោបាយ និងអ្នកសេដ្ឋកិច្ចជុំវិញពិភពលោក ដោយសារតែលទ្ធផលបោះឆ្នោតដែលអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្រ្តីរបស់ម៉ាឡេស៊ីគឺលោកមហាធៀ មហាម៉ាត់ ឡើងកាន់តំណែងជាថ្មី ហើយផ្តួលរំលំលោកណាជីប រាហ្សាក់ ជាមួយនឹងអំពើពុករលួយយ៉ាងក្តៅគគុករបស់លោកផ្ទាល់តែម្តង។
កាលពីប៉ុន្មានឆ្នាំមុន លោកណាជីប ត្រូវបានសារពត៌មានទូទាំងពិភពលោកហែកមុខម្តងរួចមកហើយ បន្ទាប់ពីបែកធ្លាយនូវទិន្នន័យមួយទាក់ទិននឹងការបាត់ប្រាក់ ១.៧ពាន់លានដុល្លារ ពីគម្រោង 1Malaysia Development Berhad (1MDB) ដោយកាលណោះលោកណាជីប គឺជាមុខសញ្ញាដ៏ធំបំផុតដែលត្រូវផ្តល់ចម្លើយយ៉ាងសមស្របមួយឱ្យទៅមហាជន។ ចាប់តាំងពីពេលនោះមក ប្រជាជនម៉ាឡេស៊ីចាប់ផ្តើមបាត់បង់ទំនុកចិត្តទៅលើមេដឹកនាំម្នាក់នេះ។ នៅក្នុងខែឧសភាដែលជាពេលម៉ាឡេស៊ីធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គេបានឃើញលោក មហាធៀ ត្រលប់ចូលមកក្នុងនយោបាយវិញ ដោយឈរឈ្នោះជាតំនាងរាស្ត្រដើម្បីឱ្យយប្រជាជនបោះឆ្នោតរើស។ រឿងដែលគួរអោយចាប់អារម្មណ៍នោះគឺលោកមហាធៀត្រូវបានជាប់ឆ្នោត និងជ្រើសតាំងជានាយករដ្ឋមន្ត្រីម្តងទៀត ទាំងដែលលោកបានអាយុដល់ទៅ៩៣ឆ្នាំទៅហើយ។ បន្ទាប់ពីលោកបានឡើងកាន់តំណែង លោកបានពន្លះស្បែករដ្ឋាភិបាលលោកណាជិប ដោយចាប់ផ្តើមពីលោកណាជីបមុនគេបង្អស់តែម្តង។
Source: The National
ក្នុងនោះ លោកបានបើកការស៊ើបអង្កេតទៅលើបញ្ហាពុករលួយទាក់ទងការលួចកិបកេងថវិការរដ្ឋផ្សេងៗ បូកជាមួយនឹងការបើកដៃឱ្យយវិនិយោគិនបរទេសចូលមកវិនិយោគដែលនាំឱ្យខាតបង់ប្រយោជន៍ ជាងនាំប្រយោជន៍ដល់ប្រទេសម៉ាឡេស៊ី ។ លោកមហាធៀ ក៏បានសិក្សាឡើងវិញទៅលើគម្រោងសាងសង់ខ្នាតយក្សដែលជាផ្នែកមួយនៃគម្រោងវិនិយោគខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន។ គម្រោងនេះមានឈ្មោះថា East Coast Rail Link (ECRL) ក្នុងទឹកប្រាក់ប្រមាណជា ១៤ពាន់លាន ដែលប្រទេសម៉ាឡេស៊ីនឹងពិចារណាឡើងវិញ ព្រោះគម្រោងនេះនឹងមិនបានធ្វើអោយប្រទេសម៉ាឡេស៊ីរីកចម្រើននោះទេ ផ្ទុយទៅវិញប្រទេសខ្លួន នឹងធ្លាក់ទៅក្នុងអន្លង់បំណុលរបស់ចិនទៅវិញ។
Source: Rail Professional
លើសពីនេះទៅទៀត តាមការចុះផ្សាយពីសារពត៌មាន The Washington Post កាលពីថ្ងៃទី ៣០ ខែឧសភា លោកមហាធៀ អាចនឹងកាត់ចោលគម្រោងមេធំរបស់ម៉ាឡេស៊ី ដោយការដែលធ្វើបែបអាចនឹងឱ្យប្រទេសម៉ាឡេស៊ីកាត់បន្ថយបំណុលរបស់ខ្លួនបានយ៉ាងហោចណាស់ក៏ ៥០ពាន់លានដុល្លារអាមេរិចដែរ ដោយចំនួនទឹកប្រាក់នេះ គឺអាចឱ្យអាមេរិចធ្វើជញ្ជាំងការពារតាមបំណងលោកដូណាល់ ត្រាំ ដល់ទៅ២ដងឯណោះ។ ក្រៅពីនេះ លោកមហាធៀក៏បានផ្អាកការទិញលក់ និងសាងសង់គម្រោងលំនៅដ្ឋានខ្នាតយក្សមួយឈ្មោះថា Forest City នៅខេត្តចូហូ ជាប់ព្រំដែនប្រទេសសឹង្ហបុរីផងដែរ។ ក្នុងការចំណាយទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ គម្រោងនេះមិនអាចដំណើរការជាបណ្តោះអាសន្នដោយសារតែលោកមហាធៀ គិតថា គម្រោងនេះមិនយុត្តិធម៍សម្រាប់ប្រជាជនម៉ាឡេស៊ីឡើយ។ ហេតុផលទីមួយគឺគម្រោងនេះមិនត្រូវបានលក់ជនជាតិម៉ាឡេស៊ីនោះទេ ត្បិតគម្រោងដឹកនាំឱ្យយចិនមួយនេះធ្វើនៅលើទឹកដីម៉ាឡេស៊ីក៏ដោយ។
Source: Asian Correspondent
លោកមហាធៀបានបន្តទៀតថា លោកនឹងមិនអនុញ្ញាតឱ្យបរទេសណាម្នាក់មានសិទ្ធិកាន់កាប់អចលនទ្រព្យណាមួយនៅក្នុងម៉ាឡេស៊ីជាដាច់ខាត ព្រោះបើមិនអីចឹងទេ គម្រោងដែលមានប៉ុន្មានជាង ៧០ម៉ឺនបន្ទប់នេះនឹងក្លាយជាឋានសួគ៌ដ៏កក់ក្តៅមួយសម្រាប់ជនបរទេសចំនូលស្រុកមកក្នុងប្រទេសម៉ាឡេស៊ីហើយ។ គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តបញ្ចេញសកម្មភាពទៅលើគម្រោងធំៗទាំងនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពដែលប្រឆាំងជាមួយនឹងប្រទេសចិន ព្រោះភាគច្រើននៃគម្រោងទាំងនេះសុទ្ធតែមានចំណែកវិនិយោគិន និងរដ្ឋាភិបាលចិន។ប៉ុន្តែសម្រាប់រដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងហើយថា ខ្លួនពុំមានបំណងអ្វីចង់កាច់កុងគ្នាជាមួយនឹងប្រទេសចិននោះទេ។ អ្វីដែលខ្លួនកំពុងតែធ្វើអោយដើម្បីឳ្យប្រទេសម៉ាឡេស៊ីមានការរីកចម្រើន និងស្ថេរភាពតែប៉ុណ្ណោះ៕
ដោយ៖ វត្តី សុត្ថា