ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាមាន ៥រួចទៅហើយ? តោះស្វែងយល់ទាំងអស់គ្នា
ចាប់តាំងពីបង្កើតផ្សារមូលបត្រកម្ពុជានៅឆ្នាំ២០១២ មក មានតែក្រុមហ៊ុន ៥ប៉ុណ្ណោះដែលបានចុះបញ្ជីដោយជោគជ័យ ខណៈមានក្រុមហ៊ុនមួយចំនួនទៀតបាននិងកំពុងតែរៀបចំនិតីវិធី ត្រៀមចុះបញ្ជីនៅផ្សារមូលបត្រនេះដែរ។ ថ្ងៃនេះ BizKhmer សូមណែនាំពីក្រុមហ៊ុនទាំង ៥ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាដោយជោគជ័យ ដោយផ្អែកទៅលើខ្លឹមសារចេញផ្សាយរបស់ផ្សារមូលបត្រកម្ពុជា។ កំពង់ផែក្រុងព្រះសីហនុ(ក ស ស)(P A S)
កំពង់ផែក្រុងព្រះសីហនុ(ក ស ស) ជាក្រុមហ៊ុនរដ្ឋ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥៦ គិតមកដល់បច្ចុប្បន្ន មានអាយុកាលប្រមាណ ៦២ឆ្នាំទៅហើយ។ កំពង់ផែក្រុងព្រះសីហនុបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនក្នុងផ្សារមូលបត្រ នៅថ្ងៃទី ៨ មិថុនា ឆ្នាំ ២០១៧។តម្លៃភាគហ៊ុនដំបូង(IPO) មានតម្លៃ ៥,០៤០ រៀល/ហ៊ុន គិតមកដល់បច្ចុប្បន្ន ថ្លៃភាគហ៊ុនចុងក្រោយមានតម្លៃ ៦,៤៦០រៀល ក្នុងមួយហ៊ុនតាមដែលផ្សារមូលបត្រចេញផ្សាយ កាលពីថ្ងៃ ១២ តុលា ២០១៨។ ក ស ស ជាកំពង់ផែអន្ដរជាតិសមុទ្រទឹកជ្រៅតែមួយគត់នៅកម្ពុជា ដែលមានទំហំផ្ទៃដីប្រមាណ១២៥ហិចតា នៅក្រុងព្រះសីហនុ។ កំពង់ផែព្រះសីហនុ ផ្ដល់សេវាកម្ម នាំនាវាចេញ-ចូល លើកដាក់ផ្ទេរទំនិញ ផ្ទុកទំនិញ ស្ដុកទំនិញនៅឃ្លាំង និង ទីលាន ព្រមទាំងដឹកជញ្ជូនទំនិញ តាមរយៈបណ្ដាញផ្លូវគោក (ផ្លូវជាតិ ៣ និង លេខ ៤) បណ្ដាញរថភ្លើង (តភ្ជាប់ទៅរាជធានីភ្នំពេញ និង ខេត្តកំពត) និង បណ្ដាញផ្លូវអាកាស(តភ្ជាប់ទៅខេត្ដសៀមរាប និង រាជធានីភ្នំពេញ)។បច្ចុប្បន្ននេះក៌មានសេវាក្នុងតំបន់សេដ្ឋកិច្ចពិសេសដូចជាជួលឃ្លាំងនិងថែរក្សាទំនិញ លើកដាក់ និងដឹកជញ្ជូនទំនិញ រួមទាំងសេវាសន្តិសុខក្នុងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស។
ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ក្រុមហ៊ុន អេសអ៊ីហ្សិត ភីអិលស៊ី (PPSP) ជាក្រុមហ៊ុនឯកជនដែលបានបង្កើតឡើងនៅឆ្នាំ ២០០៦ ។បានចុះបញ្ជីចូលក្នុងផ្សារមូលបត្រនៅថ្ងៃទី ៣០ ឧសភា ២០១៦ ។ ថ្លៃភាគហ៊ុនដែលបានបោះលក់ក្នុងដំបូង (IPO) មានតម្លៃ ២,៨៦០រៀល/ហ៊ុន។ ភីភីអេសភី ជាអ្នកអភិវឌ្ឍ និងជាប្រតិបត្តិករនៃ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (”PPSEZ”) និង ប៉ោយប៉ែត ភីភី អេសអ៊ីហ្សិត (“Poipet PPSEZ”) ។ ជាក្រុមហ៊ុនអភិវឌ្ឍដីឧស្សាហកម្មសម្រាប់លក់ និង/ឬ ជួល។ មានផ្គត់ផ្គង់សេវាកម្មដែលពាក់ព័ន្ធ ជាមួយបរិក្ខារចាំបាច់នានា នៅក្នុងបរិវេណ PPSEZ ដែលរួមមាន ប្រព្រឹត្តកម្មទឹកសំណល់ ការផ្គត់ផ្គង់ និងចែកចាយទឹកស្អាត សេវាជួល ការថែទាំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សេវាផ្ដល់ប្រឹក្សាយោបល់ និងជំនួយកិច្ចការរដ្ឋបាល សេវាសន្តិសុខ ការផលិត និងចែកចាយថាមពលអគ្គីសនី ព្រមទាំងសេវាផែស្ងួត ជូនដល់អ្នកដែលបានជួល ក្នុង PPSEZ។ ក្រុមហ៊ុនរក្សាបាននូវចំនួនវិនិយោគិនតំបន់ច្រើនជាងគេក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង ៣៤ ជាមួយនឹងផ្ទៃដីរបស់ PPSEZ ដែលមានប្រមាណ ៣៥៧.៣២ហិចតា។
កំពង់ផែស្វយ័តភ្នំពេញ(ក ស ភ)(PPAP) កំពង់ផែស្វយ័តភ្នំពេញជាក្រុមហ៊ុនរដ្ឋដែលបានបង្កើតឡើងនៅ១៩០៥ ។ កំពង់ផែស្វយ័តបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ៩ ធ្នូ ឆ្នាំ ២០១៥។ ថ្លៃភាគហ៊ុនដែលបានបោះផ្សាយ លើកដំបូង (IPO) មានតម្លៃ ៥,១២០រៀល/ហ៊ុន គិតមកដល់បច្ចុប្បន្នភាគហ៊ុនចុងក្រោយមានតម្លៃ ៦៤០០រៀល/ហ៊ុន តាមរយៈការផ្សាយរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ក ស ភ ជាក្រុមហ៊ុនមានទីតាំងនៅរាជធានីភ្នំពេញ។ជាប្រតិបត្តិករកំពង់ផែទន្លេធំជាងគេបំផុត និងជាអាជ្ញាធរគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្មផែ ។ មណ្ឌលអាជីវកម្មផែមានប្រវែង ១៦០គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំទៅដល់ព្រំប្រទល់កម្ពុជា-វៀតណាមនៅឯក្អមសំណ។ ក.ស.ភ. មានចំណតផែចម្បងៗចំនួន៤ គឺ៖ ទី១: ចំណតផែកុងតឺន័រ, ទី២: ចំណតផែពហុបំណង ទី៣: ចំណតផែអ្នកដំណើរ និងទេសចរណ៍ ទី៤: ចំណតផែទន្លេបិទ ។ ហ្រ្គេនធ្វីន (ហ ធ អ) (GTI) ក្រុមហ៊ុន ហ ធ អ បានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលស្ថិតនៅផ្ទៃដីទំហំប្រមាណ ៣២.៣៤១ ម៉ែត្រការ៉េ ក្នុងប្រទេសកម្ពុជា ជាមួយនឹងរោងចក្រទំហំ១១.៦៨២ម៉ែត្រការ៉េ។នៅក្នុង ២០០៧ ហ្រ្គេនធ្វីនបានទិញរោងចក្រសម្លៀកបំពាក់ដ៌ធំមួយ ក្នុងចំណោមរោងចក្រធំៗក្នុងអំឡុងទសវត្សន៍១៩៩០។ហ្គ្រេនធ្វីន បានចុះបញ្ជីក្នុងផ្សារមូលបត្របោះផ្សាយភាគហ៊ុនលើកដំបូងនៅថ្ងៃទី១៦ មិថុនា ឆ្នាំ ២០១៤។ ដែលមានថ្លៃ (IPO) ៩,៦៤០ រៀល/ហ៊ុន។ ហ្គ្រេនធ្វីន ជាក្រុមហ៊ុនម៉ៅការបន្ដ នឹង ផលិតសម្លៀកបំពាក់នាំចេញ ។ហ្គ្រេនធ្វីនរួមមានម៉ាកសម្លៀកបំពាក់កីឡាល្បីៗ ដូចជាម៉ាក Adidas, Reebok, Taylor Made, Salomon, New Balance (NB), Kohl’s, Nautica, North Face, Russell Athletic។ល។
រដ្ឋាករស្វយ័ត្វទឹកភ្នំពេញ( ប ទ ស ភ) (P W S A) រដ្ឋាករទឹកស្វយ័ត្វភ្នំពេញបង្កើតឡើងក្នុងឆ្នាំ ១៨៩៥ គិតមកដល់បច្ចុប្បន្នមានអាយុកាល ១២៣ឆ្នាំទៅហើយ។ ជាក្រុមហ៊ុនដែលមានអាយុកាលចាស់ជាងគេក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីទាំង ៥ របស់ផ្សារមូលបត្រ។ប ទ ស ភ បានចុះបញ្ជីបោះផ្សាយភាគហ៊ុននៅថ្ងៃទី ១៨ មេសា ឆ្នាំ ២០១២។ដែលមានថ្លៃ (IPO) ៦,៣០០រៀល /ហ៊ុន។ រដ្ឋាករទឹកស្វយ័ត្វភ្នំពេញជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ចែកចាយទឹកស្អាតក្នុងព្រះរាជាណាចក្រកម្ពុជា។គិតត្រឹម ឆ្នាំ ២០១៦ រដ្ឋាករទឹកស្វយ័ត្វបានចែកចាយទឹកស្អាតប្រមាណ ១៧៨.២៣៤.០៣៩ ម៉ែត្រគុប ដោយគោរពតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក និងបានតបណ្តាញទឹកជូនប្រជាពលរដ្ឋ បានចំនួន ២១.៨១១បណ្តាញ។
ដោយ៖ គឹម ច័ន្ទលាភ ប្រភព៖ ផ្សារមូលបត្រកម្ពុជា