ហេតុផលពិតប្រាកដនៃគម្រោងអភិវឌ្ឍន៍ខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់មហាអំណាចចិន
គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ (One Belt One Road Initiative) របស់ចិនត្រូវបានគេចាត់ទុកថា ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលអ្នកជំនាញភាគច្រើនមានការចាប់អារម្មណ៍ខ្ពស់។ គម្រោងនេះមានការចូលរួមដោយប្រទេសផ្សេងៗដល់ទៅ ៦៥ប្រទេសនៅគ្រប់ទ្វីប និងឧបទ្វីបនៅលើពីភពលោក។ គម្រោងនេះត្រូវបានលើកឡើងនៅក្នុងអាណត្តិរបស់បុរសខ្លាំងនៅប្រទេសចិន គឺលោកប្រធានាធិបតី ស៊ី ជីងពីង កាលពីឆ្នាំ ២០១៣ កន្លងទៅ។
គោលដៅនៅក្នុងការបង្កើតគម្រោងនេះឱ្យចេញជារូបរាង គឺនៅក្នុងគោលបំណងដើម្បីជម្រុញពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនក្នុងតំបន់ និងប្រទេសមួយទៅនឹងប្រទេសមួយផ្សេងទៀត តាមរយៈគម្រោងនេះ។ គម្រោង ខ្សែក្រវ៉ាត់មួយផ្លូវមួយ ត្រូវបានគេប្រមើលមើលថា នឹងអាចបញ្ចប់ទៅបាននៅក្នុងឆ្នាំ ២០៤៩ ដោយចំណាយទឹកប្រាក់ប្រមាណជាក្នុងចន្លោះពី ១ទ្រីលាន (១,០០០, ០០០, ០០០,០០០)ទៅ ៨ ទ្រីលាន (៨,០០០,០០០,០០០, ០០០) ដុល្លារអាមេរិក។
[caption id="attachment_59941" align="aligncenter" width="750"] Source: Reuters[/caption]
ដោយសារតែគម្រោងនេះ នឹងត្រូវប្រើប្រាស់ថវិការច្រើនលើសលប់ ហើយក្នុងនោះចិនគឺជាប្រភពមួយដែលចាំធានាលើបញ្ហាហិរញ្ញវត្ថុ ដោយធ្វើការឱ្យកម្ចី វិនិយោគ រឺឱ្យជំនួយផ្សេងៗទៅប្រទេសដែលពាក់ព័ន្ធ វាគឺជារឿងសំខាន់មួយដែលត្រូវដឹងថា តើអ្វីទៅគឺជាហេតុផលពិតប្រាកដដែលជម្រុញទឹកចិត្តប្រទេសចិនឱ្យវិនិយោគលើគម្រោងមួយនេះ?
បង្កើនល្បឿនសេដ្ឋកិច្ចរបស់ខ្លួន
ថ្វីត្បិតតែប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី២បន្ទាប់ពីអាមេរិកពិតមែន ប៉ុន្តែប្រជាជនចិននៅតែរស់នៅក្នុងភាពក្រីក្រច្រើនណាស់ដោយសារតែការអភិវឌ្ឍន៍នៅក្នុងប្រទេសនេះមិនមានភាពស្មើគ្នាទេ ពោលគឺថា នៅតាមបណ្តាខេត្ត ឬ ក្រុងនានាដែលរីកចម្រើនមានមិនសូវច្រើននោះទេ ព្រោះក្នុងនោះមានខេត្តមួយចំនួនពុំសូវមានសកម្មភាពសេដ្ឋកិច្ចឡើយហេតុនេះខ្លួនពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលប្រកួតប្រជែងទីផ្សារនោះទេ។
[caption id="attachment_59943" align="aligncenter" width="750"] Source: The Beijinger[/caption]
ដូច្នេះហើយការបង្កើតគម្រោងនេះត្រូវបានបង្កើតឡើងមក ដើម្បីឱ្យសេដ្ឋកិច្ចរបស់ខេត្តទាំងនោះ ចាប់ផ្តើមមានសកម្មភាព ដើម្បីជួយទៅដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសចិនទាំងមូល។ ម្យ៉ាងវិញទៀត ចិនក៏មានបំណងចង់ធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានស្ថិរភាពល្អផងដែរ។ តួយ៉ាងដូចជាប្រភពនៃថាមពលដែលចិនកំពុងតែប្រើប្រាសសព្វថ្ងៃនេះគឺនាំចូលពីប្រទេសផ្សេងៗ ដោយសារតែនៅក្នុងប្រទេសខ្លួនមានរោងចក្រឧស្សាហកម្មជាច្រើន។
នេះបានធ្វើឲ្យរដ្ឋាភិបាលនៃទីក្រុងប៉េកាំង រំពឹងទុកថា បន្ទាប់ពីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់គ្នាពីប្រទេសមួយទៅមួយហើយនោះ ចិនអាចធានា ថាមពលដែលខ្លួនប្រើប្រាស់អាចនាំចូលពីប្រទេសរុស្សី តួមេនីស្ថាន និងអូបេគីស្ថានបានដោយពុំមានភាពរអាក់រអួល។
បង្កើនការនាំចេញគ្រឿងដែកលោហៈធាតុរបស់ខ្លួន
តាំងពីឆ្នាំ២០០៦ មក ចិនចាប់ផ្តើមផ្តោតសំខាន់ទៅលើឧស្សាហក្មដែករបស់ខ្លួន ដោយក្នុងនោះនៅក្នុងឆ្នាំ២០១៤ ចិនបានផលិតគ្រឿងដែកដល់ទៅ ៨៨២.៧លានតោន ដែលស្មើរនឹង ៥០%នៃផលិតកម្មដែករបស់ពិភពលោកទៅហើយ។ ការផលិតដ៏ច្រើនលើសលប់នេះ ធ្វើឱ្យតម្លៃដែកធ្លាក់ចុះ ព្រោះការផ្គត់ផ្គង់មានច្រើនជាងតម្រូវការខ្លាំងពេកដូច្នេះហើយ ខ្លួនត្រូវសម្លឹងមើលទីផ្សារខាងក្រៅប្រទេសដែលអាចក្លាយជាគោលដៅនាំចេញនូវផលិតផលដែករបស់ខ្លួន។
[caption id="attachment_59944" align="aligncenter" width="750"] Source: Getty Image[/caption]
ឆ្លើបតបនឹងការបង្កើតគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលចិន ពួកគេអាចសហការជាមួយប្រទេសទាំងនោះដោយតម្រូវឱ្យពួកគេប្រើប្រាស់ដែកដែលនាំចេញពីចិនដើម្បីយកទៅកសាងរចនាសម្ព័ន្ធតាមប្រទេសរៀងៗខ្លួន។ ជាលទ្ធផល ចិនមិនត្រឹមតែអាចធ្វើឱ្យបំនងប្រាថ្នារបស់ខ្លួនបានសម្រេចនោះទេ ប៉ុន្តែខ្លួនក៏អាចធ្វើឱ្យផលិតកម្មដែករបស់ខ្លួនអាចត្រូវបាននាំចេញទៅទីផ្សារក្រៅប្រទេសទៀត។
ពង្រឹងកិត្តិនាមរបស់ចិននៅលើឆាកអន្តរជាតិ
ដើម្បីដឹកនាំ ឬមានឥទ្ធិពលទៅលើប្រទេសដទៃ ដំបូងគឺចិនត្រូវតែពង្រឹងមុខមាត់ និងកិត្តិស័ព្ទរបស់ខ្លួននៅក្នុងការគិតរបស់អ្នកដទៃជាមុនសិន។ ប្រទេសចិន បើប្រៀបធៀបជាមួយនឹងអាមេរិកដែលជាដៃ គូ ប្រគួតប្រជែងរបស់ខ្លួន គឺមិនសូវមានឥទ្ធិពលប៉ុន្មាននោះទេ ដោយសារតែមហាអំណាចមួយនេះទើបតែចាប់ផ្តើមពង្រឹងគោលនយោបាយបរទេសប៉ុន្មានទស្សវត្សចុងក្រោយនេះតែប៉ុណ្ណោះ។ ដូនេះដើម្បីឱ្យខ្លួនអាចមានឥទ្ធិពលជាងមុនទៅលើប្រទេសជុំវិញខ្លួន និងនៅលើពិភពលោក ចិនត្រូវតែបញ្ចេញសកម្មភាពមួយចំនួន ដោយក្នុងនោះគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយនេះនឹងអាចជាគម្រោងដ៏ប្រសើរមួយដែលអាចឲ្យខ្លួនបង្កើនទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ។
បង្កើនឥទ្ធិពលរបស់ខ្លួន
តាមការស្រាវជ្រាវរបស់លោកបណ្ឌិតសាស្ត្រាចារ្យ ផ្នែកសិក្សាយុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលស្រាវជ្រាវញូវដេលីបានលើកបង្ហាញថា "ខណះដែលអឺរ៉ុបកាលពីសម័យអាណានិគមធ្លាប់ប្រើប្រាស់ទូកចំបាំងដើម្បីបង្ខំគ្រប់គ្រងប្រទេសផ្សេងៗ ចិននាពេលបច្ចុប្បន្នគឺប្រើប្រាស់បំណុលឯករាជ្យដើម្បីគ្រប់គ្រង់ប្រទេសដែលចូលក្នុងអន្ទាក់បំណុលរបស់ខ្លួន"។
[caption id="attachment_59942" align="aligncenter" width="750"] Source: North South News[/caption]
តួយ៉ាងការលើកឡើងនេះត្រូវបានគេមើលឃើញស្របពេលដែលវត្តមានរបស់ប្រទេសចិននៅក្នុងប្រទេសផ្សេងៗក្នុងតំបន់អាស៊ី និងអាហ្រ្វិកជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ពិតជាមានបញ្ហាមែន ដោយក្នុងនោះលើកយកតំបន់អាហ្វិ្រចមកជាឧទាហរណ៍ ប្រទេស Djibouti បានក្លាយជាបន្ទាយកងទ័ពរបស់ចិនដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រអាហ្រ្វិកហើយ។ ការដាក់តាំងបន្ទាយទ័ពរបស់ខ្លួននៅក្រៅប្រទេសរឹតតែធ្វើឱ្យចិនអាចសម្ញែងឥទ្ធិពលរបស់ខ្លួនបានច្រើនជាងមុនបន្ថែមទៀត។
សរុបមកវិញ ក្នុងការចំនាយកម្លាំង និងលុយដើម្បីបង្កើតគម្រោងនេះឱ្យចេញជាផ្លែផ្កា ចិនមិនមែនគិតពីប្រយោជន៍សេដ្ឋកិច្ចតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលខ្លួនទទួលបានគឺជាប្រយោជន៍របស់ពេលយូរដែលរួមមានទាំងនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួនទៀតផង៕
ដោយ៖ វត្តី សុត្ថា