សេដ្ឋកិច្ចឌីជីថល SME នឹងជួយ GDP អាស៊ានកើនជាង ១ ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ ២០២៥
បើផ្អែកតាមការសិក្សា របស់ក្រុមហ៊ុនប្រឹក្សាយោបល់ Bain & Co ចុះផ្សាយដោយ Businesstimes សេដ្ឋកិច្ច Digital នៃសហគ្រាសខ្នាតតូច និងមធ្យម (SME) នឹងជួយបង្កើនចំណូលផលិតផលក្នុងស្រុក (GDP) របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ចន្លោះពី ៧៨០ ពាន់លានទៅ ១,១៣ ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ ២០២៥។
សព្វថ្ងៃនេះ ជំនួញក្នុងទម្រង់ឌីជីថល បានរួមចំណែកទីផ្សារ ៧% ស្មើ ២០០ ពាន់លានដុល្លារនៃសំហំ GDP សរុបរបស់អាស៊ាន។ អ្នកស្រាវជ្រាវរបស់ Bain & Co ប្រាប់ថា ការព្យាករណ៍នៃទំហំទឹកប្រាក់ ១,១៣ ទ្រីលានដុល្លារនេះ ក៏ដោយសារសេដ្ឋកិច្ចក្នុងតំបន់ មានកំណើនគួរឱ្យកត់សម្គាល់។ បន្ទាប់ពីហក់ក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ឬឌីជីថល បើតាមរបាយការណ៍ ការលក់រាយនៃសហគ្រាសខ្នាតតូច និងមធ្យម ច្រើនជាង ២ ៣០០ នៅអាស៊ាន ជាមធ្យមមានកំណើន ១៥%។ ចំណែកវិស័យដឹកជញ្ជូនកើនពី ១០ ទៅ ២០% ខណៈកសិពាណិជ្ជកម្មកើន ៥% ទៅ ១៥% ដែលតួលេខនេះ បានមកពីការស្ទង់មតិអ្នកពាក់ព័ន្ធផ្នែកនេះ។ យ៉ាងណាការរាំងស្ទះនៅតែមាន ដោយមានតែសហគ្រាសខ្នាតតូច និងមធ្យម ១៦% ប៉ុណ្ណោះ ប្រើបច្ចេកវិទ្យាឌីជីថល ប្រហែល ៤០% ខ្វះជំនាញផ្នែកនេះ (Skill gap) និង ៤៥% មិនប្រាកដប្រជាអំពីបច្ចេកវិទ្យាឌីជីថល។ របាយការណ៍បង្ហាញទៀតថា ប្រទេសសមាជិកអាស៊ាន គួរធ្វើការជាមួយវិស័យឯកជន ដើម្បីបង្កើនជំនាញនេះ (Digital skills road maps) ដូចដែលបានធ្វើរួចមកហើយ ក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ អ្នកវិភាគស្រាវជ្រាវ នៅក្រុមហ៊ុន Credit Suisse ប្រចាំអាស៊ីអាគ្នេយ៍ លោក Johnson Loh ប្រាប់ The Business Times ថា កំណែទម្រង់ឌីជីថល ដែលធ្វើឱ្យការងារមានសុវត្ថិភាព និងកើនផលិតភាព គឺជា កំណើនសេដ្ឋកិច្ចដ៏អស្ចារ្យ។ សហគ្រាសខ្នាតតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មួយ រួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះជារឿងល្អ បើវិស័យនេះហក់ចូលជំនួញឌីជីថល កាន់តែច្រើន។
អ្វីជា SME? សហគ្រាសខ្នាតតូច និងមធ្យម SMEs ជាឃ្លាកាត់មកពី “Small and medium-sized enterprises” ឬគេអាចហៅម្យ៉ាងទៀតថា “សហគ្រាសខ្នាតតូច និងមធ្យម (SMBs)”។ និយមន័យ “សហគ្រាសខ្នាតតូច និងមធ្យម” នៅកម្ពុជាតាមអនុក្រឹត្យ លេខ ១២៤ អនក្រ.បក ចេញដោយរដ្ឋាភិបាល ស្ដីពីការលើកទឹកចិត្តភ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពរដ្ឋាភិបាល ជំពូកទី២ “ការកំណត់និយមន័យ និងវិស័យអាទិភាព ក្នុងមាត្រា ៤ បានឱ្យដឹងថា៖ សហគ្រាសធុនតូច សំដៅលើសហគ្រាសដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀលដល់ ៧០០ លានរៀល ឬ សហគ្រាសដទៃទៀត ដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច ស្របតាមច្បាប់ និងបទបញ្ញត្តិស្ដីពីពន្ធដារ ឬមាននិយោជិកចាប់ពី ១០ នាក់ទៅ ៥០ នាក់។ ចំណែក សហគ្រាសធុនមធ្យម សំដៅលើសហគ្រាស ដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៧០០ លានរៀលដល់ ៤ ០០០ លានរៀល ឬ សហគ្រាសដទៃទៀត ដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធមធ្យម ស្របតាមច្បាប់ និងបទបញ្ញត្តិស្ដីពីពន្ធដារ ឬមាននិយោជិកចាប់ពី ៥១ នាក់ដល់ ១០០ នាក់៕
ដោយ៖ សុវណ្ណមុនីលីតា