ក្រុមហ៊ុន​ផ្សារ​មូលបត្រកម្ពុជា បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្រ្ត​ ៤​ចំណុច​ដើម្បី​ជំរុញការ​​​ជួញ​ដូរ​



ការ​ជួញ​ដូរ​នៅ​ក្នុង​វិស័យ​មូល​បត្រ​កម្ពុជា បច្ចុប្បន្ន​​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​យើង​សង្កេត​ឃើញ​ថា ការ​ជូញ​ដូរ​ក្នុង​មួយ​ថ្ងៃ​ជា​មធ្យម មាន​ប្រហែល​​ ១ម៉ឹន​ដុល្លា​ប៉ុណ្ណោះ​ ដោយ​ឡែក​បើ​យើង​មើល​ទៅ​លើ​ទី​ផ្សារ​បរទេស​វិញ​​ មាន​រហូត​ដល់​រាប់រយ​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ថ្ងៃ​ ដោយ​សារ​តែ​វិស័យ​នេះ​មាន​សារៈ​សំខាន់​និង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាជន​ក៏​ដូច​ជា​បណ្ដា​ក្រុម​ហ៊ុន​នានា ទើប​ក្រុមហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា​(ផ.ម.ក.)​ជម្រុញ​ឲ្យ​សាធារណៈ​ជន​ទូ​ទៅ​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះ​ករ។ លោក​ស្រី​ គីម សុផានីតា ប្រធាន​ស្ដីទី​នាយក​ដ្ឋាន​ប្រតិបត្តិ​ការ​ទីផ្សារ នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​អំពី​ ការ​វិវត្តន៍​នៃ​ការ​ចូល​រួម​វិនិយោគ​ក្នុង​វិស័យ​មូលបត្រ​នៅ​កម្ពុជា ក្នុងសិក្ខា​សាលា​សម្រាប់​អ្នក​សាព័ត៌មាន​លើក​ទី​​០៨ ស្ដី​ពី "បច្ចុប្បន្ន​ភា់ព​ទីផ្សារ​មូល​បត្រ​នៅ​កម្ពុជា" នៅ​ទី​ស្ដី​ការ​គណកម្មការ​មូលបត្រ​កម្ពុជា ដោយ​ក្នុង​នោះ​លោក​ស្រី​បាន​លើក​ឡើង​អំពី​យុទ្ធសាស្រ្ត​ចំនួន​៤​របស់​ ផ.ម.ក. ដើម្បីជំរុញ​ដល់​ការ​ជួញ​ដូរ៖ ទី១ ការ​បង្កើត និង​ជម្រុញ​ផលិតផល​ថ្មីៗ៖ ផ្សារ​ណា​ក៏​ដូច​ជា​ផ្សារ​ណា​ដែរ​ទាល់​តែ​មាន​ទំនេញ​ច្រើន​ទើប​គេ​ចង់​ទិញ​នឹង​ចង់​លក់ ដូច្នេះ​ត្រូវ​រក​ផលិតផល​ និង​ក្រុមហ៊ុន​ល្អ​ៗ​ឲ្យបាន​ច្រើន​ដើម្បី​ឲ្យ​ក្រុមហ៊ុន​អាច​បំពេញ​តម្រូវ​ការ​បាន​ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី សុផានីតា លោក​ស្រី​បន្ត​ថា​ ក្រុមហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា​ដោយ​មាន​ការ​គាំ​ទ្រ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​យល់​ឃើញ​ថា​ក្រុមហ៊ុន​ដែល​សាក​សម​បំផុត​សម្រាប់​បោះ​ផ្សាយ​លក់​មូល​បត្រ​គឺ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​មីក្រូ​ហិរញ្ញវត្ថុ​ព្រោះ ភាគច្រើន​ប្រជា​ជន​ទុក​ចិត្ត​ហើយ​ខាង​ក្រុមហ៊ុន​ទាំង​នោះ​ក៏​រកស៊ី​ចំណេញ​ច្រើន​ដែរ។ ទី២ ការ​ផ្សព្វផ្សាយ​ទី​ផ្សារ​ក្នុង​ស្រុក​នឹង​ក្រៅ​ស្រុក៖ ដោយ​សារ​តែ​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​មិន​សូវ​បាន​ស្គាល់​ពាក់​ព័ន្ធនឹង​វិស័យ​នេះ​ដូច្នេះ​ហើយ​វា​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ជំរុញ​​ឲ្យ​ពួកគាត់​ចូលរួម ដូច្នេះ​ហើយ​ ផ.ម.ក. ​និង​ព្យាយាម​បង្កើត​សិក្ខា​សាលា​ពាក់​ព័ន្ធ​នឹង​វិស័យ​នេះ​បន្ថែម​ទៀត​ដើម្បី​ពន្យល់​ដល់​ពួកគាត់។ ដោយ​សារ​តែ​នៅ​ក្នុង​ស្រុក​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ពង្រឹង ដូច្នេះ​ផ.ម.ក.​​ ក៏​បាន​រៀប​ចំ​សិក្ខា​សាលាទៅ​ក្រៅ​ប្រទេស​​ជា​ច្រើនផង​ដែរ​​ដើម្បី​ទាក់​ទាញ​វិនិយោគ​ក្រៅ​ស្រុក​។ ទី៣ វគ្គ​បណ្ដុះ​បណ្ដាល​ និង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ៖ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​បាន​រៀប​ចំ​ជា​សិក្ខា​សាលា​ជា​ច្រើន​ដើម្បី​បណ្ដុះ​បណ្ដាល​ដល់​ប្រជាពលរដ្ឋ​អំពី​សារៈប្រយោជន៍​នៃ​វិស័យ​នេះ​ ជាក់​ស្ដែង​នៅ​ឯ​​ផ្សារ​មូល​បត្រ​ផ្ទាល់គឺ​មាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជា​ប្រចាំ​ខែ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​លោក​អ្នក ដូច្នេះ​លោក​អ្នក​អាច​តាម​ដាន​ហ្វេសប៊ុក​ផេក​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ដើម្បី​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​នេះ​។ ទី៤ គម្រោងអភិវឌ្ឍ​ផ្នែក​ប្រតិបត្តិការ​នាពេល​ខាង​មុខ​ដើម្បី​ជម្រុញ​ការ​ជួញ​ដូរ៖ គម្រោង​ពង្រីក​ម៉ោង​ជួញ​ដូរ ព្រោះ​បច្ចុប្បន្ន​ផ្សារ​មូលបត្រ​គឺ​ធ្វើ​ការ​ជួញ​ដូរ​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ ដូច្នេះ​ផ.ម.ក. មាន​​គម្រោង​នឹង​បន្ថែម​ម៉ោង​ជួញ​ដូរ​រហូត​ដល់​ម៉ោង​៣​រសៀល ក្នុង​នោះ​ផង​ដែរ​ផ.ម.ក.​ ក៏​កំពុង​តែ​សិក្សាពី​លិទ្ធភាព​​​ឲ្យ​វិនិយោគិន​គាត់​អាច​បើក​គណនេយ្យ​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​បាន​ដោយ​មិន​ចាំបាច់​ទៅ​ដល់​ក្រុមហ៊ុន​មូលបត្រក្នុង​ការ​បំពេញ​សំណុំ​ឯកសារ​ផ្សេងៗ បន្ថែម​ពី​នោះ​​ផ.ម.ក​. ក៏​កំពុង​តែ​​សហការ​ជា​មួយ​គណកម្មការ​មូលបត្រ​កម្ពុជា​ផង​ដែរ​ដើម្បី​ជួយ​គាំ​ទ្រ​ផ្នែក​ប្រតិបត្តិ​ការរបស់​ពួកគាត់​ និង​មួយ​ទៀត​ផ.ម.ក.​ និង​​មាន​គម្រោង​​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ជួយ​សម្រួល​ដល់​ការ​ជួញ​ដូរ​ប័ន​បំណុល​ផង​ដែរ៕ អត្ថបទ​៖ ជួប ស្រីរ័ត្ន
X
5s