ស្ពានវែងបំផុតតភ្ជាប់ចិនទៅហុងកុង និងម៉ាកាវ បម្រើផលប្រយោជន៍ច្រើនលើសពីសេដ្ឋកិច្ច
ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ និងស្ពានសុទ្ធសឹងតែជាសរសៃឈាមនៃការការអភិវឌ្ឍន៍។ ដោយផ្អែកលើគោលការណ៍នេះហើយ ប្រទេសចិនបានព្យាយាមបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍របស់ខ្លួនឱ្យបានយ៉ាងរឹងមាំ និងសម្បូរបែប ទាំងក្នុង និងក្រៅប្រទេស។ តួយ៉ាងដូចជាពេលថ្មីៗនេះ ប្រទេសចិនបានសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងសមុទ្រមួយដែលជាតំណភ្ជាប់យ៉ាងសំខាន់រវាងទីក្រុងហុងកុង ទៅកាន់ចិនដីគោកតាមរយះខេត្ត និងទីក្រុងសំខាន់ៗទាំង៣គឺទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងខេត្តជូហៃ។
[caption id="attachment_60332" align="aligncenter" width="750"] Source: Anthony Kwan/Bloomberg[/caption]
ស្ពាននេះមានប្រវែង ៥៥គីឡូម៉ែត្រ ដែលត្រូវបានគេចាត់ទុកជាស្ពានវែងជាងគេបំផុតលើពិភពលោក។ ចំណាយទឹកប្រាក់ប្រមាណជា ២២ពាន់លានដុល្លារ ស្ពាននេះចាប់ផ្តើមបើកការដ្ឋានសាងសង់តាំងពីឆ្នាំ២០០៩ និងទើបតែបើកឱ្យប្រើប្រាស់នៅចុងឆ្នាំ២០១៨ នេះទេ ពោលគឺបើគិតពីរយៈពេលសាងសង់ ប្រមាណជិតដល់ ១ទស្សវត្សទៅហើយ។
[caption id="attachment_60335" align="aligncenter" width="750"] Source: CCTV News[/caption]
លក្ខណះពិសេសរបស់ស្អាននេះ មិនត្រឹមតែមានប្រវែងដ៏វែងនោះទេ ប៉ុន្តែវាក៏មានផ្លូវក្រោមសមុទ្រសម្រាប់ឱ្យកប៉ាល់ធំៗធ្វើដំណើរឆ្លងកាត់តំបន់ឧស្សាហកម្ម លីងតីងយ៉ាង ពិសេស "Pearl River Delta" នោះផងដែរ។ សម្រាប់ផ្លូវ Tunnel ក្រោមសមុទ្រ ត្រូវបានគេហៅឈ្មោះថា កុងប៉ី (Gongbei) ដែលត្រូវបានគេជីកជុំវិញតំបន់នោះដល់ទៅ ៣៣៦.៨ម៉ែត្រការ៉េ ប្រវែង ២ ៧៤១គីឡូម៉ែត្រ និងមានកម្ពស់២១ម៉ែត្រ ដែលធ្វើឱ្យផ្លូវក្រោមសមុទ្រមួយនេះក្លាយទៅជាផ្លូវ Tunnel ធំជាងគេបំផុតនៅក្នុងពិភពលោក។
ផ្លូវនេះអាចជាការចំណេញយ៉ាងខ្លាំងសម្រាប់អ្នកធ្វើដំណើរទៅមក ទីក្រុងទាំង ៣នេះ ពោលគឺជាទូទៅការធ្វើដំណើរពីទីក្រុងហុងកុងទៅកាន់ចិនដីគោក គឺចំណាយប្រមាណជា ៣ម៉ោង រឺលើសពីនេះ ប៉ុន្តែជាមួយស្ពាននេះការធ្វើដំណើរឥឡូវធ្លាក់ចុះមកត្រឹមប្រមាណជា ៣០នាទីតែប៉ុណ្ណោះ។
[caption id="attachment_60333" align="aligncenter" width="750"] source: Xinhua Net[/caption]
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការជិតដាក់សម្ភាធឱ្យដំណើរការស្ពាននេះ មានមតិជាច្រើន បានគាំទ្រ និងប្រឆាំងជាមួយនឹងគម្រោងដ៏មហាសាលមួយនេះ។ ខណះដែលជនជាតិចិន នៅខាងដីគោកភាគច្រើន មានសុទិដ្ឋិនិយមថា ស្ពាននេះនឹងនាំនូវប្រយោជន៍ដល់ពួកគេ ភាគច្រើនប្រជាជនដែលនៅទីក្រុងហុងកុងមិនសូវជាពេញចិត្តនឹងគម្រោងនេះប៉ុន្មានទេ។
ជាមួយនឹងការលើកឡើងរបស់បណ្តាអ្នកដែលបញ្ចេញការមិនពេញចិត្ត គឺថា ការសាងសង់ស្ពាននេះគឺដើម្បីបម្រើគោលបំនងនយោបាយរបស់ចិនដីគោកដែលព្យាយាមក្តោបក្តាប់ទីក្រុងហុងកុងឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនទាំងស្រុង (អត់មានស្វ័យភាពដូចមុន)។ គួរបញ្ជាក់ផងដែរថា ទីក្រុងហុងកុងគឺជាតំបន់ស្វ័យ័តពិសេស តាមរដ្ឋធម្មនុញ្ញរបស់ចិនគឺ "ប្រទេស១ ប្រព័ន្ធ២" ដែលមានរដ្ឋាភិបាលខ្លួនឯង មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលក្រុងប៉េកាំងនោះទេ ដែល ស្វ័យ័តភាពនេះនឹងត្រូវអស់នៅឆ្នាំ២០៤៧។
[caption id="attachment_60334" align="aligncenter" width="750"] Source: Philippe Lopez/AFP/Getty Images[/caption]
ជារឿយៗ រដ្ឋាភិបាលប៉េកាំង តែងតែបញ្ចេញនូវបំណងចង់ក្តោបក្តាប់ទីក្រុងហុងកុងយកមកគ្រប់គ្រងវិញ ដោយសារតែលក្ខខណ្ឌអំណោយផលនៃទីក្រុងដ៏ទំនើបមួយនេះ។ ទន្ទឹមនឹងនេះ ប្រជាជនទីក្រុងហុងកុងដ៏ធ្លាប់សម្តែងការមិនពេញចេញ ដោយបង្កើតជា មហាបាតុកម្មជាដើម។ ទោះបីជាយ៉ាងណាក៏៏ដោយ មកទល់ពេលនេះមិនទាន់មានសកម្មភាពអ្វីគួរជាទីចាប់អារម្មណ៍នោះឡើយ។
ដើម្បីដឹងថាតើទីក្រុងហុងកុងនិងរដ្ឋាភិបាលស្វ័យ័តរបស់ខ្លួននឹងមានដំណោះស្រាយយ៉ាងណាជាមួយនឹងរដ្ឋាភិបាលប៉េកាំងបន្ទាប់ពីឆ្នាំ២០៤៧នោះ ទាល់តែចាំតាមដានមើលទាំងអស់គ្នា៕
ដោយ៖ វត្តី សុត្ថា