ហានិភ័យសំខាន់ៗ ៣សម្រាប់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ និងវិនិយោគិន គួរស្វែងយល់
ការវិនិយោគទៅលើមូលបត្រ ពិតជាមានហានិភ័យ ហើយវារឹតតែមានហានិភ័យខ្ពស់ប្រសិនបើយើងមិនយល់ពីប្រភេទហានិភ័យដែលត្រូវប្រឈម។ ពិតណាស់ថា បើហានិភ័យណាមួយកើតឡើង ស្ថានភាពហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន អាចនឹងទទួលរងផលប៉ះពាល់ខ្លាំង ដូច្នេះនៅក្នុងការវិនិយោគទៅលើមូលបត្រ វិនិយោគិនអាចនឹងជួបប្រទះហានិភ័យមួួយចំនួនជៀសពុំរួចគ្រាន់តែថា មានទំហំតូច ឬធំប៉ុណ្ណោះ។
តើហានិភ័យទាំងនោះ មានកម្រិត ឬទំហំប៉ុណ្ណាដែរ? ហើយថាតើយើងគួរមានវិធានការបែបណាខ្លះ ដើម្បីទប់ស្កាត់ និងដោះស្រាយវា? ខាងក្រោមនេះគឺជាការចែករំលែកទាក់ទងនឹងហានិភ័យនៅក្នុងការវិនិយោគមូលបត្ររបស់លោក ហោ សីុម៉េត នាយកប្រតិបត្តិការ និងហិរញ្ញវត្ថុនៃក្រុមហ៊ុនអេស៊ីលីដា សីុឃ្យូរីធី ភីអិលស៊ី។
ហានិភ័យអត្រាប្ដូរប្រាក់៖ កត្តានេះកើតឡើងដោយសារមានការប្រែប្រួលនៃអត្រាប្ដូរប្រាក់រវាងរូបិយប័ណ្ណមួយជាមួយនឹងរូបិយប័ណ្ណមួយទៀត។ លោក ស៊ីណេត បានលើកឡើងថា ភាគហ៊ុននៅស្រុកខ្មែរ គេជួញដូរជាប្រាក់រៀល ប៉ុន្តែហេតុអ្វីយើងជួបប្រទះនឹងហានិភ័យនៃអត្រាប្ដូរប្រាក់ ក៏ព្រោះតែប្រជាជនខ្មែរភាគច្រើន សន្សំទុកលុយដុល្លារច្រើនជាងលុយខ្មែរ ដូច្នេះបើចង់ទិញភាគហ៊ុន ក៏ត្រូវតែបង្ខំចិត្តប្តូរជាលុយរៀល ដូច្នេះយើងនឹងត្រូវខាតមួយចំណែកនៅពេលដែលយើងដូរលុយ ហើយនៅពេលដែលយើងលក់វិញ យើងបានមកជាលុយរៀល បើចង់ទុកជាលុយដុល្លារ គឺត្រូវប្ដូរម្ដងទៀត។ ប្រសិនបើប្រាក់នោះ តិចតួច មិនអីនោះទេ តែបើមានទំហំច្រើន នោះយើងនឹងខាតច្រើន។ ដោយឡែក សម្រាប់អ្នកវិនិយោគបរទេសវិញ គឺពិតជាត្រូវប្រឈមខ្លាំង ព្រោះពួកគាត់ជាជនបរទេសហើយនៅពេលដែលគាត់មកស្រុកខ្មែរ គាត់យកលុយដុល្លារមក ឬអាចយករូបិយប័ណ្ណផ្សេង ដូច្នេះគាត់ត្រូវខាតនៅពេលដែលគាត់ដូរលុយរៀល ប្រសិនបើទីផ្សារមានករប្រែប្រួលខ្លាំង។ ថ្វីត្បិតតែវិនិយោគិនអាចប្រឈមនឹងហានិភ័យនៃអត្រាប្តូរប្រាក់ក៏ពិតមែន តែទោះជាយ៉ាងណាក៏អត្រាប្ដូរប្រាក់រវាងប្រាក់រៀល និងដុល្លារ នៅមានស្ថេរភាពល្អនៅទីផ្សារនៃប្រទេសកម្ពុជា។
ហានិភ័យសន្ទនីយភាពសាច់ប្រាក់៖ ដោយសារតែទីផ្សារមូលបត្រនៅកម្ពុជាយើងនៅតូចនៅឡើយ ហើយការជួញដូរគឺនៅតិច ដូច្នេះនៅពេលដែលយើងលក់វិញគឺអាចនឹងលក់មិនដាច់ ម្យ៉ាងវិញទៀតការដាក់កំហិតលើលទ្ធភាពរបស់វិនិយោគិនក្នុងការជួញដូរមូលបត្រនៅថ្លៃ ឬក៏នៅពេលវេលាដែលចង់បាន ដោយសារការកំណត់ការប្រែប្រួលថ្លៃប្រចាំថ្ងៃ។
ហានិភ័យពាក់ព័ន្ធនឹងបទបញ្ញត្តិនានា៖ លទ្ធភាពនៃការប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពីពន្ធលើចំណូលមូលធន ដោយបច្ចុប្បន្នមិនទាន់មានច្បាប់ដែលដាក់ពន្ធលើចំណូលមូលធននៅឡើយទេ ប៉ុន្តែអាចនឹងមាននៅពេលអនាគត។ មួយទៀត ទាក់ទងនឹងពន្ធកាត់ទុកលើចំណូលភាគលាភរបស់ភាគហ៊ុនិកអភិវាសជន ដែលសំដៅលើជនបរទេស ដែលពួកគេអាចនឹងខាតបង់ទៅលើការបង់ពន្ធ ៧%ក្នុងការលើកទឹកចិត្ត ៥០%៕
អត្ថបទ៖ ជួប ស្រីរ័ត្ន