តើប្រជាជនច្រើន ឬក៏ប្រជាជនតិច ដែលធ្វើឱ្យ​ប្រទេសមួយពិបាកក្នុងការអភិវឌ្ឍ?​



ប្រជាជន និងការអភិវឌ្ឍគឺ​ជា​ធាតុ​ផ្សំ​ដែលមិនអាចខ្វះបានរបស់​ប្រជាជាតិ​នីមួួយៗ។ ប្រជាជនច្រើនអាចជាកម្លាំងពលកម្មសេដ្ឋកិច្ចមួយដ៏ខ្លាំងក្លាដែលអាចធ្វើឱ្យប្រទេសនោះអភិវឌ្ឍទៅមុខ ប៉ុន្តែទន្ទឹមគ្នានេះដែរ ប្រជាជនច្រើនពេលបែរជាអាចជាបញ្ហាក្នុងការអភិវឌ្ឍទៅវិញក្នុង​ករណី​មួយ​ចំនួន​ដូច​ជា​ប្រទេស​ឥណ្ឌា​ជា​ដើម។ បើដូច្នេះ តើប្រជាជនច្រើន ឬក៏ប្រជាជនតិច ដែលធ្វើឱ្យប្រទេសមួយពិបាកក្នុងការអភិវឌ្ឍ?

ប្រធានបទនេះជាប្រធានបទមួយដែលមានការជជែកវែកញែកយោបល់គ្នាច្រើនណាស់ ព្រោះមនុស្សផ្សេងគ្នាយល់ និងមានហេតុផលផ្សេងៗគ្នាក្នុងការឆ្លើយសំណួរនេះខុសគ្នា។ ប្រជាជនច្រើនក្នុងប្រទេសគឺជារឿងល្អ ព្រោះប្រជាជនគឺជាកម្លាំងស្នូលនៃការអភិវឌ្ឍ។ ប្រជាជនជាកាតាលីករមួយដ៏សំខាន់ ព្រោះគ្រប់វិស័យទាំងអស់សុទ្ធតែត្រូវការប្រជាជនមកធ្វើការបំពេញនូវរាល់ចន្លោះប្រហោងទាំងនោះ។ លើសពីនេះទៅទៀត ប្រជាជនច្រើនគឺបង្កើតបានជាទីផ្សារមួយដ៏ធំ ធ្វើឱ្យ​វិស័យសេដ្ឋកិច្ចមានដំណើរការទៅមុខ។ តួយ៉ាងដូចជាប្រទេសចិនជាដើម ដោយសារតែមានកម្លាំងប្រជាជនច្រើនហើយទើបអាចទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅប្រទេសរបស់ខ្លួនច្រើន។ ត្រលប់មកវិញ ប្រទេសចិនទទួលបានការអភិវឌ្ឍស្ទើរតែគ្រប់វិស័យចេញពីប្រជាជនរបស់ខ្លួន។​ 

source: Maxdefault[/caption] ប៉ុន្តែទន្ទឹមនឹងគុណប្រយោជន៍នៃប្រជាជនច្រើននេះដែរ នៅតែមានបញ្ហាមួយចំនួនដែលជាបញ្ហាគួរឱ្យ​បារម្ភ ដែលរួមមានដូចជាបញ្ហាបរិស្ថាន កាកសំណល់ កង្វក់ ភាពក្រីក្រ និងអំពើអសន្តិសុខផ្សេងៗ ដែលទាំងនេះសុទ្ធតែជាឧបសគ្គនៃការអភិវឌ្ឍ។ នេះដោយសារតែនៅពេលដែលប្រជាជនច្រើន ការគ្រប់គ្រងក៏កាន់តែមានភាពលំបាកជាងមុនដែរ។ បើនិយាយអំពីប្រជាជនតិចវិញ ការគ្រប់គ្រងមានភាពងាយស្រួលជាងឆ្ងាយ។ ប្រទេសដូចជាសិង្ហបុរីជាដើម អាចអភិវឌ្ឍប្រទេសរបស់ខ្លួនបានមកដល់ថ្ងៃនេះអាចមកពីហេតុផលមួយដែរ គឺថាដោយសារតែប្រជាជនរបស់ខ្លួនមិនសូវមានច្រើន ដូច្នេះចង់សម្រេចគោលនយោបាយអ្វីមួយមិនសូវជាមានការពិបាកខ្លាំងប៉ុន្មានទេ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗដែលមានចំនួនប្រជាជនច្រើន។​ 

source: BBC Travel[/caption] ប៉ុន្តែទន្ទឹមនឹងការងាយគ្រប់គ្រងនេះផងដែរ ការដែលមានប្រជាជនតិចពេកអាចពិបាកក្នុងការជម្រុញសេដ្ឋកិច្ច ព្រោះកម្លាំងពលករមិនសូវមានច្រើន ដូច្នេះហើយចំនូលក៏អាចបានតិចទៅតាមនោះដែរ។ សម្រាប់ករណីប្រទេសសឹង្ហបុរីវិញមានលក្ខណៈខុសគ្នា ដោយសារតែប្រទេសនេះមិនសូវផ្តោតសំខាន់លើកម្លាំងពលកម្មនោះទេ ប៉ុន្តែនៅលើគុណភាពការងារច្រើនជាង ដោយយោងតាមហេតុផលថាសឹង្ហបុរីតែងតែចាត់ទុកវិស័យអប់រំជាវិស័យដែលសំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ។ 

source: Qantas[/caption] លើសពីនេះទៅទៀត ដោយសារតែប្រទេសសឹង្ហបុរីនេះមានទឹកដីតូច ដូច្នេះហើយការដែលមានប្រជាជនមិនសូវច្រើនគឺមិនមែនជាបញ្ហាធំនោះឡើយ ព្រោះចំនួនប្រជាជន និងទំហំទឹកដីមានលក្ខណៈសមមាត្រគ្នាល្អ ខុសពីប្រទេសធំៗប៉ុន្តែមានមនុស្សនៅតិច ដែលធ្វើឱ្យធនធានជាច្រើនមិនត្រូវបានប្រើប្រាស់ដល់កម្រិត ដែលវាគឺជាបញ្ហាមួយព្រោះកាលណាកន្លែងនោះគ្មានមនុស្សនៅ ការអភិវឌ្ឍក៏ពិបាកចូលខ្លួនទៅដែរ។ 

ដូចគ្នានេះដែរ ដើម្បីសម្រេចអោយបានថាតើប្រជាជនច្រើន ឬតិចដែលល្អសម្រាប់ការអភិវឌ្ឍ វាទាមទារឱ្យមើលទៅលើដំណាក់កាលនៃការអភិវឌ្ឍ ថាតើប្រទេសនោះកំពុងអភិវឌ្ឍឬយ៉ាងណា ឬក៏ប្រទេសនោះកំពុងតែផ្តោតសំខាន់លើវិស័យអ្វីមួយ។ ឧទាហរណ៍ ប្រសិនជាប្រទេសនោះកំពុងតែផ្តោតសំខាន់លើវិស័យកសិកម្ម វាយនភណ្ឌ និងឧស្សាហកម្មធុនស្រាល នោះកម្លាំងពលកម្មគឺត្រូវការច្រើន ដូច្នេះមានប្រជាជនច្រើនអាចជាចំណុចវិជ្ជមាន។ ដូច្នេះប្រជាជនតិច​ រឺច្រើនអាចជះឥទ្ធិពលទៅលើការអភិវឌ្ឍឬអត់ គឺត្រូវមើលទៅលើសេដ្ឋកិច្ចប្រទេសនោះ ទីតាំងភូមិសាស្ត្រប្រទេសនោះ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលរបស់គេជាដើម៕

ដោយ៖ វត្តី​ សុត្ថា

X
5s