កន្លងផុតទៅ ២ទស្សវត្សហើយមែន ប៉ុន្តែវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ ១៩៩៧នៅតែជាមេរៀនដែលត្រូវយកចិត្តទុកដាក់
បើទោះបីជាកន្លងផុតទៅអស់រយះពេលប្រមាណជាង ២ទស្សវត្សហើយក៏ពិតមែន ប៉ុន្តែព្រឹត្តការណ៍វិបិត្តសេដ្ឋកិច្ចអាស៊ីហាក់ដូចជានៅថ្មីៗ ដែលតែងតែដើរតួជាព្រលឹងអន្ទោលតាមប្រាណមិនឈប់មិនឈរ ជាពិសេសចំពោះប្រទេស ក៏ដូចជាប្រជាជនដែលធ្លាប់ទទួលរងគ្រោះដោយសារព្រឹត្តការណ៍មួយនេះ។
បើយើងក្រឡេកទៅមើលអតីតកាល កាលពីខែកក្កដា ឆ្នាំ ១៩៩៧ កាលពីដំបូងឡើយ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីដូចជា ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី និងហ្វីលីពីន សុទ្ធតែទទួលបាននូវបទពិសោធន៍សេដ្ឋកិច្ចលូតលាស់យ៉ាងលឿន ដោយមើលទៅលើបរិមាណនាំចេញពីប្រទេសទាំងនេះ។ ដោយសារតែហេតុនេះហើយឱ្យ អ្នកវិនិយោគទុនជាច្រើន បានសម្រេចចិត្តបណ្តាក់ទុនទៅលើប្រទេសទាំងប៉ុន្មានខាងលើនេះ។
ការដែលមានអ្នកវិនិយោគចូលមកបណ្ដាក់ទុនច្រើន ប្រទេសនីមួយៗ គឺត្រូវការអភិវឌ្ឍន៍វិស័យផ្សេងៗរបស់ខ្លួនក្នុងពេលស្របជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជារឿងដែលប្រទេសនីមួយៗធ្វើភាគច្រើន។ ដើម្បីអាចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកឱ្យបានល្អ ប្រទេសនីមួយសុទ្ធតែត្រូវការកម្ចីពីធនាគារផ្សេងៗយកមកប្រើប្រាស់ ក្នុងក្តីសង្ឃឹមថាវានឹងអាចទទួលបានផលប្រយោជន៍មកដល់ខ្លួនវិញ។ ទន្ទឹមនឹងនេះផងដែរ លំហូរចូលរបស់វិនិយោគិនពីបរទេស ធ្វើឱ្យតម្លៃអចនទ្រព្យកកើនឡើងខ្ពស់ៗទៅ ដែលជំរុញទឹកចិត្តឱ្យមានការវិនិយោគកាន់តែខ្លាំងឡើង ថែមទៀតទៅក្នុងវិស័យអចលនទ្រព្យនេះ។
សម្រាប់ធនាគារវិញ ដើម្បីចង់បានចំណេញពីការប្រាក់ ខ្លួនបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនទៅដល់អ្នកវិនិយោគ ដែលធ្វើឱ្យកើតចេញជាបញ្ហាពោល គឺការវិនិយោគគ្មានគុណភាព។ រីឯ សហរដ្ឋអាមេរិកវិញ កាលបើឃើញកម្ចីមានបរិមាណខ្ពស់បែបនេះហើយ ខ្លួនបានតម្លើងការប្រាក់ និងតម្លៃរូបិយបណ្ណរបស់ខ្លួនកាន់តែខ្លាំងជាងមុនទៀត។ ប៉ុន្តែ កាលណាការផ្គត់ផ្គង់មានចំនួនច្រើនជាងតម្រូវការ វានឹងធ្វើឱ្យទីផ្សារមួយត្រលប់ទៅរកសមភាពរបស់ខ្លួនវិញ នោះមានន័យថា ក្រុមហ៊ុនមួយចំនួនពុំមានជម្រើសអ្វីផ្សេងនោះទេ ក្រៅពីប្រកាសក្ស័យធន។
ដូចគ្នានេះដែរ ដោយសារតែការប្រាក់ក៏មានតម្លៃថ្លៃ ធ្វើឱ្យអ្នកវិនិយោគទាំងនោះពុំមានលទ្ធភាពសងវិញតាមដែលខ្លួនបានសន្យានោះឡើយ។ ហេតុការណ៍ដំបូងកើតចេញមកពីប្រទេសថៃ ខណះដែលក្រុមហ៊ុនវិនិយោគអចនទ្រព្យមួយត្រូវបានដួលរលំ ឈ្មោះថា សុំប្រាសុង(Somprasong Land) និង ហ្វាយណាន់វ័ន (Finance One) ដែលជាក្រុមហ៊ុនផ្នែកហិរញ្ញវិត្ថុធំបំផុតមួយនៅប្រទេសថៃបានដួលរលំក្នុងអំឡុងដើមឆ្នាំ ១៩៩៧។ ក្រោយពីហេតុការណ៍នេះបានកើតឡើង ពួកអ្នកឈ្មួញដូរលុយជាច្រើនបានចាប់ផ្តើមទិញលុយដុល្លារទុក ដែលជាលទ្ធផលធ្វើឱ្យតម្លៃលុយ បាតថៃ ធ្លាក់ចុះខ្លាំងទៅៗ។
ចុងក្រោយ បញ្ហានេះបានរាលដាលទៅដល់ប្រទេសផ្សេងៗដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជប៉ុន និងកូរ៉េ ជាដើម ធ្វើឱ្យបញ្ហាវិបតិ្តសេដ្ឋកិច្ចនេះក្លាយជាកង្វល់ដ៏ធំបំផុតសម្រាប់រដ្ឋាភិបាលជំនាន់នោះ។ មកទល់ឥឡូវនេះ ថ្វីត្បិតតែកន្លងផុតទៅប្រមាណជាង ២០ឆ្នាំហើយក៏ពិតមែន ប៉ុន្តែបញ្ហានេះ មិនគួរត្រូវបានបំភ្លេចទាល់តែសោះ ដោយសារតែប្រសិនជាកាលណា មិនបានយកចិត្តទុកដាក់ទៅនឹងដំណើរការសេដ្ឋកិច្ចនោះទេ បញ្ហានេះអាចនឹងកើតឡើងម្តងទៀតនៅពេលខាងមុខណាមួយ។
លើសពីនេះទៅទៀត ដោយសារតែឥឡូវនេះតំបន់អាស៊ីអាគ្នេយ៍កំពុងក្លាយជាតំបន់ឋានសួគ៌សំរាប់អ្នកវិនិយោគមកពីគ្រប់ប្រទេសមិនថាពីក្នុងតំបន់ ឬក្រៅតំបន់ ដូច្នេះហើយប្រសិនជាកាលណារដ្ឋាភិបាលរបស់ប្រទេសនីមួយៗត្រូវតែមានការកំណត់នូវគោលនយោបាយ រឺយុទ្ធសាស្ត្ររបស់ខ្លួនឱ្យបានត្រឹមត្រូវបំផុត បើមិនចង់ឱ្យប្រវត្តិសាស្ត្រខ្មៅងងឹតនេះកើតឡើងមកវិញម្ដងទៀត៕
ដោយ៖ វត្តី សុត្ថា