​​ប្រ៊ុយណេ មិនសូវមានក្នុងរបាយការណ៍សេដ្ឋកិច្ចសំខាន់ៗរបស់តំបន់ តើកម្លាំងសេដ្ឋកិច្ចមានសន្ទុះយ៉ាងណា?​



ប្រ៊ុយណេ​ជា​ប្រទេស​អ្នក​មាន​​តូច​មួយ ដែល​សំបូរ​ដោយ​សហគ្រិន​​ក្នុង​និង​ក្រៅ​ស្រុក។ ប្រទេស​នេះ​ពឹង​ផ្អែក​ទាំង​ស្រុក​លើ​ការ​នាំ​ចេញ​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ ដោយ​រក​ចំណូល​ពី​វិស័យ​មួយ ស្មើ​នឹង​ពាក់​កណ្ដាល​នៃ GDP សរុប។ ប្រាក់​ចំណូល​ជាច្រើន​បាន​មក​ពី​ការ​វិនិយោគ​ក្រៅ​ស្រុក តាម​រយៈ​ផលិត​ផល​ក្នុង​ស្រុក។

នៅ​ឆ្នាំ​២០១៨ ប្រជាជន​ប្រ៊ុយណេម្នាក់មានប្រាក់ចំណូលជាមធ្យមក្នុងមួយ​ឆ្នាំប្រមាណជាង ៣ម៉ឺនដុល្លារសហរដ្ឋ​អាមេរិក ខណៈ​អត្រាអ្នកអត់មានការងារធ្វើ​មាន​ខ្ទង់ ៩ភាគរយក្នុង​រយៈពេល ៤ ទៅ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​

ប្រ៊ុយណេ ​ជា​អ្នក​ផលិត​ប្រេង​ដ៏​ធំ​បំផុត​ទី​បី​នៅ​អាស៊ី​​អាគ្នេយ៍​ ដោយ​គិត​ជាមធ្យម​មាន​ប្រហែល ១៨០,០០ បារ៉ែល​ក្នុង​មួយ​ថ្ងៃ និង​ជាអ្នក​ផលិត​ឧស្ម័ន​ធម្មជាតិ​​ធំ​ជាង​គេ​ទី ៩ នៅ​លើ​ពិភពលោក។ ក្នុង​ឆ្នាំ​ ២០១០ GDP (PPP) ប្រចាំ​ឆ្នាំ​សរុប​នៃ​ប្រទេស​ប្រ៊ុយណេ​មាន ២០,៣៨ ពាន់​លាន​ដុល្លារ​អាមេរិក ឈរ​លេខ​រៀង​ទី ១២៣​ នៅ​លើ​ពិភពលោក  និងមាន​ GDP ក្នុង​មនុស្ស​ម្នាក់ ៥១,៦០០ ដុល្លារន ឈរ​លេខ​រៀង​ទិី ៨​លើ​ពិភពលោក។ មាន​ប្រជាជន​ស្ថិត​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​តែ ១០០០ នាក់​ និង​មាន​អត្រា​អត់​ការងារ​ធ្វើ​តែ ៤,៦% ប៉ុណ្ណោះ។

ក្នុង​ឆ្នាំ​ ២០១៧​ ប្រ៊ុយណេ​មាន​ GDP (PPP) ប្រចាំ​ឆ្នាំ ៣៣,៥៤ ពាន់​លាន​ដុល្លារ និង​ GDP (PPP) ក្នុង​មនុស្ស​ម្នាក់ ៧៨,១៩៦ដុល្លារ កើន​ ០,៥% បើ​ធៀប​នឹង​ឆ្នាំ ​២០១៦ ខណៈ​អតិផរណាមាន ដកសូន្យភាគរយ (-០,១%)។ ឧស្សាហកម្ម​សំខាន់​ៗ​មាន ប្រេង​ឥន្ធនៈ​ចម្រាញ់​ប្រេងកាត ប្រេង​ឧស្ម័នធម្មជាតិ  មាន​ដល់​ទៅ​ ៩០% នៃ GDP សរុប។ Brunei Shell Petroleum (BSP) ដែល​ជា​ក្រុមហ៊ុន​​មាន​ភាគហ៊ុន​ស្មើ​គ្នា​ រវាង​រដ្ឋាភិបាល​ប្រ៊ុយណេ និង​ក្រុមហ៊ុន Royal Dutch / Shell គឺ​ជាអ្នក​ផលិត​ប្រេង និង​ឧស្ម័ន​ធំ​បំផុត​នៅ​ប្រ៊ុយណេ ហើយ​​ក៏​ជា​រោងចក្រ​ចម្រាញ់​ តែ​មួយ​គត់​ក្នុង​ប្រទេស​នេះ​ផង​ដែរ។

ក្រុមហ៊ុន BSP និង​សម្ព័ន្ធ​ក្រុមហ៊ុន​ ៤​ ផ្សេង​ទៀត បាន​បង្កើត​ការងារ​យ៉ាង​ច្រើន បន្ទាប់​ពីក្រមហ៊ុន​របស់​​រដ្ឋាភិបាល។ រោងចក្រ​ចម្រាញ់​ប្រេង​របស់​ក្រុមហ៊ុន BSP អាច​ផលិត​ប្រេង​បាន​ ១០,០០០ ធុងក្នុង​មួយ​ថ្ងៃ ស្មើ ១,៦០០ ម៉ែត្រ​គីប​ក្នុង​មួយ​ថ្ងៃ​។ ចំនួន​នេះ​​បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្គត់ផ្គង់​ប្រេង​ក្នុង​ស្រុក មាន​ភាព​គ្រប់​គ្រាន់។ ផលិត​កម្ម​ប្រេង​ប្រទេស​នេះ បាន​កើន​ឡើង​នៅ​ឆ្នាំ​ ១៩៧៩ ច្រើន​ជាង​ ២៤០,០០០ បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ ជប៉ុន​ជា​ម៉ូយ​ប្រេង​សំខាន់​ជាង​គេ​របស់​ប្រ៊ុយណេ បន្ទាប់​មក​មាន​កូរ៉េ​ខាង​ត្បូង តៃវ៉ាន់ បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​សហរដ្ឋ​អាមេរិក។

នៅ​ឆ្នាំ ២០១៥ ប្រ៊ុយណេ​បាន​ចុះ​បញ្ជី​ឆ្នាំ​ទី​បី នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ដែល​ជា​ប្រទេសអាស៊ាន​តែមួយ​គត់​ធ្វើដូច្នេះ។ ការធ្លាក់​ចុះ​តម្លៃប្រេង និង​ផលិតកម្ម​កម្មប្រេង​ បាន​កើត​មាន ដោយសារ​តែ​ការថែទាំ និង​ការជួសជុល លើអណ្ដូងប្រេង​ធំៗ ​នាំឱ្យ​មាន​ការ​កាត់​បន្ថយ​ថវិកា​ជាតិ ធ្វើ​ឱ្យ​ប្រ៊ុយណេ​មានឱនភាព ក្នុង​ឆ្នាំ​ ២០១៥-២០១៦ និង ២០១៦-២០១៧។ តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Atlas ប្រ៊ុយណេ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​នាំ​ចេញ​ធំ​លំដាប់​ទៅ ​១១០ ​លើ​ពិភព​លោក។

ឆ្នាំ​ ២០១៦​ ប្រ៊ុយណេ​ទាញ​ចំណូល​ពី​ការ​នាំ​ចេញ​បាន ៤,៣១ ពាន់​លាន​ដុល្លារ និងាមានទំហំនៃនាំ​ចូល​ ២,៦៣ ​ពាន់​លាន​ដុល្លារ។ នៅ​ឆ្នាំ​ដដែល GDP ប្រចាំ​ឆ្នាំ​នៃប្រទេស​នេះ​មាន ១១,៤ ពាន់​លាន​ដុល្លារ និង​មាន​ GDP ក្នុង​មនុស្ស​ម្នាក់​ជាង ៧​ ម៉ឺន​ដុល្លារ​អាមេរិក។ ការ​នាំ​ចេញ​សំខាន់​ជាង​គេ​ គឺ ប្រេង​ឥន្ធនៈ មាន ២,២៤ ពាន់​លាន​ដុល្លារ ប្រេងឆៅ ១,៧៥​ ពាន​លាន​ដុល្លារ អាល់កុល (Acyclic Alcohols ) ១៣២ លានដុល្លារ ពេជ្រ ៤០,៨​ លានដុល្លារ និងគ្រឿងអលង្ការ ៣០,៦ លានដុល្លារ។ ចំណែក​ការនាំចូល មាន​ប្រេង​ចម្រាញ់ (១៨១ លានដុល្លារ) រថយន្ត (១៧៩ លានដុល្លារ) គ្រឿង​អាកាស​យន្តហោះ (៦៧,៥ លានដុល្លារ) ធុង​ហ្គាស់ (៦៤,៤ លានដុល្លារ) និង​បំពង់​ដែក (៦២,៣ លានដុល្លារ) ។ ប្រទេស​នាំចេញ​សំខាន់ៗ​មាន ជប៉ុន (១,៥៩ ពាន់លានដុល្លារ) កូរ៉េខាងត្បូង (៦៤៩ លានដុល្លារ) ថៃ (៥៦៩លានដុល្លារ) ឥណ្ឌា (៤១៥ លានដុល្លារ) និងអូស្ត្រាលី (២០៥ លានដុល្លារ) ។

ប្រភពប្រទេស​នាំចូលមាន​សិង្ហបុរី (៧៥០ លានដុល្លារ) ចិន (៥១០ លានដុល្លារ) ម៉ាឡេស៊ី (៥០៤ លានដុល្លារ) ចក្រភពអង់គ្លេស (១២១ លានដុល្លារ) និងអាមេរិក (៨៨,៥ លានដុល្លារ)។ ការ​នាំ​ចេញ​របស់​ប្រ៊ុយណេ​ឆ្នាំ​ ២០១៧ មាន ៧៥០,២ លាន​ដុល្លារ​ប្រ៊ុយណេ ស្មើ​ជាង ៥០០ លាន​ដុល្លារ​អាមេរិក ខណៈ​នៅ​ខែ​ឧសភា ឆ្នាំ​ ២០១៨ មានជាង ៧២២,២ លាន​ដុល្លារ​ប្រ៊ុយណេ ស្មើ​ជាង ៥០០ លាន​ដុល្លារ​អាមេរិក

ចំណែក​ការ​នាំ​ចូល​ឆ្នាំ​ ២០១៧ មាន​ជាង ២៨២ លាន​ដុល្លារអាមេរិក និងការ​នាំ​ចេញ​ពី​​ខែ​មករា ដល់ ​ឧសភា​ឆ្នាំ​២០១៨ មានជាង ៣៤៨ លាន​ដុល្លារ​អាមេរិក។ នេះយោងតាមគេហទំព័រ Tradingeconomics៕  

ដោយ៖ សុវណ្ណមុនីលីតា 

X
5s