ស្វែងយល់ពីផ្សារមូលបត្រ៖ តើដំណើរការរ៉ូតសូ (Road Show) ជាអ្វី?
រ៉ូតសូ(Road show) ជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយក្រុមហ៊ុនបោះផ្សាយមូលបត្រក្រោយពីបានបំពេញលក្ខខណ្ឌក្នុងការបោះផ្សាយមូលបត្រជាលើកដំបូងសាធារណៈដែលទទួលបានការអនុញ្ញាតពី គណៈការមូលបត្រកម្ពុជា ក្នុងគោលបំណងកំណត់ថ្លៃលក់មូលបត្រដែលនឹងត្រូវបោះផ្សាយលក់ដែលមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ។
ក្នុងព្រឹត្ដិការណ៍រ៉ូតសូ(Road show) ក្រុមហ៊ុនបោះផ្សាយមូលបត្រមានគោលបំណងក្នុងការផ្សារភ្ជាប់ជាមួយវិនិយោគិនសក្ដានុពល ក្នុងការទិញភាគហ៊ុនរបស់ខ្លួន និង ដើម្បីផ្សព្វផ្សាយអំពីពត៌មានសំខាន់ៗរបស់ក្រុមហ៊ុន ដូចជា ប្រវត្ដិរបស់ក្រុមហ៊ុន រចនាសម្ព័ន្ធ ផែនការអាជីវកម្មរបស់ក្រុមហ៊ុនទៅថ្ងៃអនាគត ភាពរីកចម្រើនរបស់ក្រុមហ៊ុន សកម្មភាពរបស់ក្រុមហ៊ុន និងពត៌មានហិរញ្ញវត្ថុសំខាន់ៗរបស់ក្រុមហ៊ុន។
រាល់ពត៌មាន និងទិន្នន័យ របស់ក្រុមហ៊ុន ត្រូវតែជាពត៌មានពិត ដែលមិនបង្ករអោយមានភាពភាន់ច្រលំទៅដល់វិនិយោគិនសក្ដានុពល នឹងត្រូវមានច្បាស់លាស់ទៅតាមការកំណត់របស់គណៈកម្មការមូលបត្រកម្ពុជា។ ក្នុងព្រឹត្តិការណ៍រ៉ូតសូ(Road show) ក្រុមហ៊ុនបោះផ្សាយមូលបត្រត្រូវបង្ហាញពីភាពរីកចម្រើន និង វឌ្ឍនៈភាពរបស់ក្រុមហ៊ុនដើម្បីធ្វើយ៉ាងណាអោយវិនិយោគិនសក្ដានុពល មានទំនុកចិត្ត ភាពជឿជាក់ និង ចង់វិនិយោគជាមួយក្រុមហ៊ុនរបស់ខ្លួន។
ព្រឹតិ្តការណ៍រ៉ូតសូ(Road show) ជាដំណាក់កាលដែលសំខាន់មួយដែលក្រុមហ៊ុនបោះផ្សាយមូល បត្រកម្មសិទ្ធជាសាធារណៈទទួលបានជោគជ័យ នឹង ទទួលបានការអនុញ្ញាតឈានចូលទៅកាន់វគ្គប៊ុកបៀលឌីង(Book Building) និង វគ្គបរិវិសកម្ម(Subscription)៕ ដោយ៖ គឹម ច័ន្ទលាភ ប្រភព៖ គណៈកម្មការមូលបត្រកម្ពុជា