អត្ថ​ប្រយោជន៍នៃការវិនិយោគទៅលើ មូលបត្របំណុល ឬ​សញ្ញាប័ណ្ណ (bond)​



អត្ថបទមុនយើងបានពន្យល់មិត្តអ្នកអានទាំងអស់គ្នាពីមូលបត្របំណុលខ្លះៗរួចមកហើយ។ ក្នុងថ្ងៃនេះ យើងនឹងចែករំលែកនូវចំនេះដឹងមួយចំនួនបន្ថែមពីមូល​បត្រ​​បំណុលអំពី គុណសម្បតិ្តនៃការវិនិយោគ ទៅលើមូលបំណុល និង​ ហានិភ័យដែលអាចកើតមានឡើងជាមួយមូលបត្របំណុល។

តើមូលបត្របំណុល ឬសញ្ញាប័ណ្ឌនឹងកើតមានហានិភ័យអ្វីខ្លះដល់វិនិយោគិន? មូលបត្របំណុលគឺការខ្ចីប្រាក់របស់ក្រុមហ៊ុនបោះផ្សាយមូលបត្រពីវិនិយោគិននឹងសន្យាសងប្រាក់វិញតាមកាលដែលបានកំណត់ ឬ អាចសងជាការប្រាក់ប្រចាំឆ្នាំទៅអោយវិនិយោគិនវិញ។ហានិភ័យដែល​អាចកើតមានចំពោះវិនិយោគិននៅពេលទិញមូលបត្របំណុលពីក្រុមហ៊ុនបោះផ្សាយមូលបត្រ គឺ ប្រាក់ដែលក្រុមហ៊ុនបោះផ្សាយមូលបត្រខ្ចីពីវិនិយោគិនអាចមានសមត្ថភាពក្នុងការសងប្រាក់មកវិញដែលទេ។ប៉ុន្ដែជាទូទៅ វិនិយោគិនអាចកាត់បន្ថយហានិភ័យនេះដោយ ដោយពិចារណា ឬពិភាក្សាជាមួយអ្នកជំនាញ ហើយជ្រើសរើស ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រដែលមានការវិភាគ វាយតម្លៃ លើលទ្ធភាពសង និងសូចនាករនានាដែលរៀបចំដោយក្រុមហ៊ុន ជំនាញក្នុងវិស័យមូលបត្រ ដោយគោរពតាមបែបបទ និងនីតិវិធី ច្បាស់លាស់

គុណសម្បតិ្តរបស់មូលបត្របំណុល វិនិយោគិនដែលកាន់កាន់កាប់មូលបត្របំណុល(Bond)មិនសូវទទួលរងហានិភ័យដូចអ្នកកាន់កាប់មូលបត្រកម្មសិទ្ធ(Stock) ទេ ។​អ្នកកាន់កាប់មូលបត្របំណុលមិនទទួលរងហានិភ័យនៅពេលដែលក្រុមហ៊ុនខាតបង់ឡើយ។ ម្យ៉ាងវិញទៀត អ្នកកាន់កាប់ប័ណ្ណមូលបត្របំណុល នឹងមិនចូលរួមខាតបង់ទេ ទោះបីជាម្ចាស់មូលបត្រនោះ (រដ្ឋាភិបាល ឬក្រុមហ៊ុនឯកជន) មិនទទួលបាន ប្រាក់ចំណេញក៏ដោយ។ អ្នកកាន់កាប់សញ្ញាប័ណ្ណអាចទាមទារ ការទូទាត់ប្រាក់សង់វិញពេញលេញ (សងមកវិញទាំងប្រាក់ដើម និងការប្រាក់ទាំងអស់) បើទោះជាម្ចាស់មូលបត្រនោះ (រដ្ឋាភិបាល ឬក្រុមហ៊ុនឯកជន) ប្រឈមមុខនឹងការក្ស័យធនក៏ដោយ។

ផលចំណេញដែលទទួលបានមូលបត្របំណុល ផលចំណេញ ដែលអ្នកទិញមូលបត្របំណុលទទួលបាន ពីមូលបត្របំណុល នឹងត្រូវវាស់វែងតាមរយៈភាគរយនៃអត្រា ការប្រាក់ ដែលអ្នកបោះផ្សាយលក់មូលបត្របំណុលសងមកឱ្យវិនិយោគិនវិញ ដោយផ្អែកលើតម្លៃពិតនៃមូលបត្រនោះ។ តម្លៃមូលបត្របំណុលនៅលើទីផ្សារនឹងឡើងចុះ នៅពេលដែល មូលបត្រនោះត្រូវបោះផ្សាយ និងធ្វើអាជីវកម្មនៅលើទីផ្សារទិញលក់ ដោយផ្អែកជាចម្បងលើអត្រាការប្រាក់នៅលើទីផ្សារ និងការប្រែប្រួលតម្លៃឥណទាន របស់ក្រុមហ៊ុនបោះផ្សាយលក់ មូលបត្រ៕

ដោយ៖ ច័ន្ទលាភ

ប្រភព៖ គណៈកម្មការមូលបត្រកម្ពុជា    

X
5s