សហគ្រិន​ស្រ្តី​ឆ្នើម កញ្ញា ថូង​ ធីតា មាន​មហិច្ចតា​ចង់​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​គុណភាព​អំបិល​ធម្មជាតិ​​ខេត្ត​កំពត​​



សហគ្រិន​ស្រ្តី​ឆ្នើម​កញ្ញា ថូង ធីតា ស្ថាបនិក​នៃ​សហគ្រាស​ Thaung Enterprise ដែល​ជា​សហគ្រាស​ផលិត​និង​វេច​ខ្ចប់​អំបិល​ធម្មជាតិ​ចេញ​ពី​ខេត្ត​កំពត បាន​បង្ហាញ​ពី​មហច្ចតា​នៃ​ការ​រំពឹង​ទុក​យ៉ាង​មុតមាំ​ ពី​ការ​ផ្សព្វផ្សាយ​អំបិល​ធម្មជាតិ​ទៅ​កាន់​​​ប្រជាជន​ក្នុង​ស្រុក​ទេ ​ក៏​ដូច​ជា​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​​ ដើម្បី​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​នូវ​ផលិត​ផល​អំបិល​ធម្មជាតិ​ពី​ខេត្ត​កំពត​ ក៏​ដូច​ជា​ប្រទេស​កម្ពុជា​យើង។ សហគ្រិន​ស្រ្តីវ័យ​ក្មេង​រូប​នេះ​ បាន​លើក​ឡើង​ពី​លក្ខណៈ​ពិសេស​ក៏​ដូច​ជា​ចំណុច​ខ្លាំង​នៃ​អំបិល​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​សាធារណៈជន​ទទួល​ស្គាល់​និង​គាំ​ទ្រ​ពី​គុណ​ភាព​គឺ ដោយ​សារ​តែ​ផលិត​ផល​អំបិល​ធម្មជាតិ​នេះ​ផ្ទុក​នូវ​សារធាតុ​ចញ្ចឹម​រហូត​ជាង​៧០​មុខ​ ដែល​សុទ្ធ​សឹង​ជា​សារធាតុ​ចម្បង​សម្រាប់​ផ្គត់​ផ្គង់​សារពាង្គកាយ​របស់​មនុស្ស។ ​​លើស​ពី​នោះ​ទៅ​ទៀត ទាក់​ទង​នឹង​ការ​ផលិត​វីញ ​សហគ្រាស​របស់​កញ្ញា​ បាន​រក្សា​នូវ​ការ​ផលិត​បែប​ប្រពៃណី​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ខាង​ក្រៅ​ប្រទេស​អាច​ស្គាល់​ច្បាស់​ថា​វា​គឺ​ជា​ផលិតផល​របស់​ខ្មែរ។ កញ្ញា ធីតា រំពឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០២០​ ខាង​មុខ​នេះ​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​របស់​កញ្ញា​និង​អាច​នាំ​អំបិល​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជា​ច្រើន​ផង​ដែរ។ អ្នក​ស្រី​បាន​រៀប​រាប់​ដូច​ច្នេះ​ថា ៖«អំបិល​ធម្មជាតិ នៃ​សហគ្រាស​របស់​នាង​ខ្ញុំ ​គឺ​ផ្ដោត​ទៅ​លើ​គុណភាព​ជា​ចម្បង ដែល​ជា​ការ​ចូល​រួម​ចំណែក​មួយ​ផង​ដែរ​នៅ​ក្នុង​ការ​ផលិត​ចំណី​អាហារ​សុខភាព នឹង​ម្យ៉ាង​វិញ​ទៀត​ គឺ​ដើម្បី​ពញ្ញាក់​អារម្មណ៍​ប្រជា​ជន​កម្ពុជា​យើង​ឲ្យ​គាត់​យល់​ដឹង​ពី​ការ​ប្រើប្រាស់​ក៏ដូច​ជា​ការ​ផលិត​នូវ​ចំណីអាហារ​សុខភាព​ ដើម្បី​យើង​អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ជាតិ​ និង​អន្តរជាតិ​បាន»។ ​ គួរ​បញ្ជាក់​ផង​ដែរ​ថា សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​ Thoung Enterprise របស់​កញ្ញា ថូង ធីតា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​២០១៦ ​​​ ដែល​ដំបូង​ឡើយ​គ្រាន់​តែ​ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក​ក៏​បម្លែង​ទៅ​ជា​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​ដែល​ផ្ដោត​សំខាន់​លើ​គុណ​ភាព​ អនាម័យ​ និង​ការ​វេច​ខ្ចប់៕ អត្ថបទដោយ៖ ជួប ស្រីរ័ត្ន
X
5s