តើ​អ្នក​គួរ​ទទួល​យក​ឬ​អត់​ បើ​ក្រុមហ៊ុន​សុំ​ចរចា​ដំឡើង​ប្រាក់​ខែ​នៅ​ពេល​អ្នក​ដាក់​ពាក្យ​លាឈប់​ពី​ការងារ​​?​



មាន​មូលហេតុ​ច្រើន​ណាស់​ដែល​បុគ្គលិក​ម្នាក់​​បាន​​សម្រេចចិត្ត​ដាក់​ពាក្យ​​​​សុំ​លា​ឈប់​ពី​ការងារ​​ដូច​ជា​ទំនាស់​នៅ​ក្នុង​ក្រុមហ៊ុន ផ្តល់​ប្រាក់​ខែ​មិន​សម​នឹង​សមត្ថភាព ឬ ក៏​​​អាច​បណ្តាល​មក​ពី​បរិស្ថាន​ការងារ​​បច្ចុប្បន្ន​​មើល​មិន​ឃើញ​ពី​ភាព​រីកចម្រើន​ទៅ​មុខ​​ ជា​ដើម​។ មក​ដល់​ចំណុច​នេះ​មាន​សំនួរ​មួយ​ចោទ​សួរ​ឡើង​​នោះ​គឺ​ថា តើ​អ្នក​​​សុខចិត្ត​​នៅ​ធ្វើ​​ការ​​បន្ត​​ទៀត​ទេ​ ប្រសិន​បើ​​ក្រុមហ៊ុន​​​សុំ​ចរចា​​ដំឡើង​ប្រាក់​ខែ​នៅ​ពេល​អ្នក​ដាក់​ពាក្យ​សុំ​លា​ឈប់​ពី​ការងារ​​​?

១.បើ​អ្នក​ជា​បុគ្គលិក​ល្អ​ ហេតុ​អ្វី​ក្រុមហ៊ុន​មិន​ដំឡើង​ប្រាក់​ខែ​តាំង​ពី​មុន​មក? ជុំវិញ​សំនួរ​នេះ​អ្នក​ជំនាញ​ផ្នែក​គ្រប់គ្រង​​បុគ្គលិក​ក្រុមហ៊ុន​​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​អ្នក​សម្រេចចិត្ត​ដាក់​ពាក្យ​សុំ​លា​ឈប់​ពី​ការងារ​ហើយ ការ​សម្រេច​ទទួល​យក​ការ​ចរចា​ដំឡើង​ប្រាក់ខែ​​វិញ មិន​មែន​ជា​ការ​សម្រេចចិត្ត​មួយ​ដ៏​ល្អ​នោះ​ឡើយ​នៅ​ក្នុង​ជីវិត​អាជីព​ការងារ​របស់​អ្នក។ ចំណុច​មួយ​ដែល​គួរ​ឲ្យ​ពិចារណា​នោះ​គឺ​​ថា បើ​អ្នក​​ជា​បុគ្គលិក​​មាន​សក្ដានុពល និង​មាន​តម្លៃ​សម្រាប់​ក្រុមហ៊ុន​ ហេតុអ្វី​បាន​ជា​គេ​មិន​​ដំឡើង​ប្រាក់​ខែ​ឲ្យ​អ្នក​​តាំង​ពី​​មុន​មក?

​២.ហេតុ​អ្វី​ក្រុមហ៊ុន​ចង់​ចរចា​ដំឡើង​ប្រាក់​ខែ បើ​អ្នក​ដាក់​ពាក្យ​លា​ឈប់​ទៅ​ហើយ? ការ​ពិត​នៅ​ពេល​អ្នក​សុំ​លា​ឈប់​ ទំនុកចិត្ត​របស់​អ្នក និង​ក្រុមហ៊ុន​គឺ​បាន​បាត់បង់​​រួច​ទៅ​ហើយ។ អ្នក​​ត្រូវ​ដឹង​ថា មាន​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ភាគី​ក្រុមហ៊ុន​​មិន​ចង់​ឲ្យ​អ្នក​​ដើរ​ចេញ​នៅ​ពេល​នេះ ហើយ​​សុំ​ចរចា​ដំឡើង​ប្រាក់​ខែ​ឲ្យ​អ្នក​ដោយ​ហេតុ​តែ​និយោជក​របស់​អ្នក​​មើល​ឃើញ​ពី​បញ្ហា​មួយ​ចំនួន។ មូលហេតុ​ទាំង​នោះ​ដូច​ជា ក្រុមហ៊ុន​មាន​ការ​លំបាក​​​ដើម្បី​រក​បុគ្គលិក​ថ្មី​មក​ជំនួស​តំណែង​របស់​អ្នក​ឲ្យ​ទាន់​ពេល ឬ ជា​ផ្នែក​មួយ​ដើម្បី​​ទុក​ពេល​ឲ្យ​​ក្រុមហ៊ុន​​​សិក្សា​ថា តើ​​​​​ខ្លួន​​គួរ​ជ្រើសរើស​បុគ្គលិក​​របៀប​ម៉េច​ដើម្បី​ជំនួស​ដំណែង​អ្នក​​បាន​នៅ​ពេល​ក្រោយ​​? ជា​ទូទៅ​​ប្រសិន​បើ​អ្នក​ទទួល​យក​ការ​ដំឡើង​ប្រាក់​ខែ​ជាជាង​ការ​ដើរ​ចេញ ​វត្តមាន​របស់​អ្នក​នៅ​ក្រុមហ៊ុន​នេះ​មិន​សូវ​ជា​​យូរ​អង្វែង​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត វា​នឹង​កាន់​តែ​ធុញថប់​​​ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​ការងារ​អ្នក​ស្រាប់​ផង​នោះ​។ អ្នក​នឹង​សង្កេត​ឃើញ​ថា អ្នក​គ្រប់គ្រង​ ឬ ការដែល​​ក្រុមហ៊ុន​របស់​អ្នក​ស្នើ​សុំ​ឲ្យ​អ្នក​នៅ​បន្ត ប្រហែល​ជា​​​ចូលចិត្ត​ការងារ​អ្នក​​ ជាជាង​រឿង​ផ្តល់​ប្រាក់ខែ​ខ្ពស់​តាម​អ្វី​ដែល​អ្នក​ចង់​បាន​។

៣. ដក​ពាក្យ​លាឈប់​​វិញ​ទេ បើ​អ្នក​សម្រេចចិត្ត​រួច​ហើយ? តើ​អ្នក​ដឹង​ទេ នៅ​ពេល​អ្នក​​​​គ្រាន់តែ​បង្ហើប​​ចង់​លា​ឈប់ ប៉ុន្តែ​មិន​ទាន់​ដាក់​ពាក្យ​លា​ឈប់ ឥទ្ធិពល​ចរចា​ដំឡើង​ប្រាក់ខែ​របស់​អ្នក​មាន​ប្រៀប​តិច​ជាង​ភាគី​ក្រុមហ៊ុន។ បើ​អ្នក​នៅ មាន​ភាព​ស្ទាក់ស្ទើរ​ ក្រុមហ៊ុន​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក​ឲ្យ​នៅ​ធ្វើ​ការ​បន្ត​ទៀត​។ ដូចនេះ​​មុន​ពេល​សម្រេចចិត្ត​​លា​ឈប់ ​អ្នក​ត្រូវ​ឲ្យ​ប្រាកដ​ថា ​ការងារ​នៅ​កន្លែង​ថ្មី​ល្អ​ជាង​នេះ​​ និង​​ជួយ​ផ្តល់​ឱកាស​ឲ្យ​អ្នក​​អភិវឌ្ឍ​អាជីព​ការងារ​បាន​កាន់តែ​ប្រសើរ​​នៅ​ក្នុង​រយៈពេល២​ទៅ​៣​ឆ្នាំ​ខាងមុខ។ ​​ ​

៤.លិខិត​លា​ឈប់​ពី​ការងារ គួរ​សរសេរ​​អ្វី​ខ្លះ​? គ្មាន​ឡើយ​លិខិត​លា​ឈប់​ពី​ការងារ​ដ៏​ល្អ​ឥតខ្ចោះ​​នោះ​។ ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ដែល​អ្នក​គួរ​សរសេរ និង​មិន​គួរ​សរសេរ មិនមែន​ចេះ​តែ​សរសេរ​រៀបរាប់​ឲ្យ​តែ​រួច​ពី​ដៃ​នោះ​ទេ។ ជា​ទូទៅ​ដើម្បី​ឲ្យ​លិខិត​លា​ឈប់​មើល​ទៅ​មាន​ស្តង់ដារ និងថ្លៃថ្នូរ អ្នក​គួរ​​​សរសេរ​លើក​ឡើង​ពី​ចំណុច​ល្អ​របស់​ក្រុមហ៊ុន​ដូច​ជា អរគុណ​ដល់​​ក្រុមហ៊ុន​​ដែល​បាន​ចំណាយ​ពេល​បណ្តុះបណ្តាល និង ផ្តល់​ឱកាស​ការងារ​ឲ្យ​អ្នក​នៅ ពេល​កន្លង​មក។ អ្នក​ក៏​អាច​សរសេរ​បន្ថែម​ថា ​ពី​​ឱកាស​ការងារ​នៅ​កន្លែង​ថ្មី​ដែល​​មាន​​លក្ខណៈ​ប្រសើរ និង​ស្រប​តាម​ជំនាញ​របស់​អ្នក។ ការ​រៀបរាប់​ទាំងឡាយ​នៅ​ក្នុង​លិខិត​លា​ឈប់​អ្នក​សរសេរ​យ៉ាងណា​ក៏ដោយ​​ត្រូវ​ជៀសវាង​ភាសា​ជម្លោះ និង​​លើក​ហេតុផល​​រិះគន់​ដល់​ក្រុមហ៊ុន​របស់​អ្នក​នោះ​ឡើយ ​បើ​ទោះបី​ជា​អ្នក​​បាន​លាឈប់​ដោយសារតែ​ជម្លោះ​ ឬ​​បញ្ហា​ផ្សេងៗ​ក៏ដោយ​។ ការ​ធ្វើ​បែប​នេះ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​មាន​សីលធម៌​ល្អ និង​ចេះ​ឲ្យ​តម្លៃ​អ្នកដទៃ ព្រម​ទាំង​មិន​បាត់បង់​មិត្តភាព​នៅ​ពេល​អ្នក​ចេញ​ផុត​ទៅ​​ទៀត​ផង​៕

សូម​កុំ​រំលងអត្ថបទ៖ បើ​​អ្នក​សម្ភាសន៍​សួរ​ថា “ហេតុអ្វី​អ្នក​​​ដាក់​ពាក្យ​លា​ឈប់​​ការងារ​នៅ​កន្លែង​ចាស់” តើ​អ្នក​គួរ​ឆ្លើយ​យ៉ាងម៉េច?

ដោយ៖ សូរ៉ាន់ដារ

X
5s