ផ្សារទំនើបទុនជិត ១០លានដុល្លារនៅបឹងកេងកក និងគម្រោង ៥ផ្សេងៗទៀតត្រូវបានចុះបញ្ជីជាស្ថាពរដោយ CDC
តាមរយៈសំណើរសំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាប័នបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន៦ ក្នុងគម្រោងសាងសង់រោងចក្រ សណ្ឋាគារ ផ្សារទំនើប និងស្ថានីយ៍ផលិតថាមពល ដែលមានទីតាំងស្ថិតនៅរាជាធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយក្នុងគម្រោងវិនិយោគទាំង៦នោះចំណាយទុនវិនិយោគរហូតដល់ ១៧២,៩៨ លានដុល្លារអាមេរិក។ ក្រុមហ៊ុនទាំងនោះរួមមាន៖
១.ក្រុមហ៊ុន " NORO MALL CO.,LTD.” គម្រោងវិនិយោគបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានទុនវិនិយោគចំនួន៩,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៤៩៤កន្លែង។
២.ក្រុមហ៊ុន " SCHNEITEC RENEWABLE CO.,LTD.” គម្រោងសាងសង់ស្ថានីយ៍ផលិតថាមពលអង្គីសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់ មានទីតាំងវិនិយោគស្ថិតនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានទុនវិនិយោគប្រមាណ ៥៨,២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣៥កន្លែង។
៣.ក្រុមហ៊ុន "LING XIU INT'L CO.,LTD.” គម្រោងសាងសង់និងអាជីវកម្ម និង អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៤១០បន្ទប់ មានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំណាយទុនវិនិយោគប្រមាណ ៦៨,៩៨លានដុល្លារអាមេរិក និង អាចបង្កើតការងារបាន១៣៣កន្លែង។
៤.ក្រុមហ៊ុន "CATH PHARMA CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅ ដីឡូតិ៍លេខ៦៩ ភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣កន្លែង។
៥.ក្រុមហ៊ុន "SAIER (CAMBODIA) GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិនៅភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,០៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១.០២៥កន្លែង។
៦.ក្រុមហ៊ុន "HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតទុយោ និងផលិតផលប្លាស្ទិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២៦,២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៩១កន្លែង៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន