ប្រទេស ៥ មានប្រព័ន្ធសុខមាលភាពសាធារណៈល្អបំផុត សិង្ហបុរីជាប់លេខ ២ លើលោក
ក្នុងចំណោមប្រទេស ៥ ដែលមានប្រព័ន្ធសុខមាលភាពសាធារណៈ ល្អបំផុតលើពិភពលោក សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ២ វាយតម្លៃដោយ Legatum មានមូលដ្ឋានគ្រឹះនៅប្រទេសអង់គ្លេស។
សិង្ហបុរី
សិង្ហបុរី ជាប្រទេសកូនកោះតូចមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយស្ថិតលើផ្ទៃដីសរុបត្រឹមប្រមាណ ៧២១,៥ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ជាមួយចំនួនពលរដ្ឋសរុបគិតត្រឹមឆ្នាំ២០១៧ ជាង ៥ លាន ៦ សែននាក់។
ទោះជាប្រទេសតូចមួយក៏ពិតមែន ប៉ុន្តែសឹង្ហបុរី ជាឋានសួគ៌ដ៏សុខដុម ជាកន្លែងពលរដ្ឋរាប់សិបលាននាក់ជុំវិញពិភពលោកប្រាថ្នាចង់រស់នៅ ព្រោះប្រទេសនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយរបស់ពិភពលោក ជាកន្លែងប្រមូលផ្តុំដោយគ្រឹះស្ថានអប់រំប្រកបសោយស្តង់ដារពិភពលោក ខណៈ GDP ប្រចាំឆ្នាំសម្រាប់ពលរដ្ឋសិង្ហបុរីម្នាក់ៗគឺមានដល់ទៅជាង ៦១,៧០០ ដុល្លារអាមេរិក។
អ្វីកាន់តែសំខាន់ ប្រទេសនេះ មានសេវាសុខមាលភាពសាធារណៈល្អបំផុតសម្រាប់ពលរដ្ឋខ្លួន នាំឲ្យសឹង្ហបុរីអាចឈរនៅលេខរៀងទី២ ខណៈពលរដ្ឋសឹង្ហបុរីជាធម្យមអាចរស់ដល់អាយុ ៨៣ ឆ្នាំ។
យោងតាមបណ្តាញសារព័ត៌មាន Business Insider លទ្ធផលនេះ គឺជាការស្រាវជ្រាវរបស់វិទ្យាស្ថាន Legatum Institute ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស កាលពីចុងឆ្នាំ ២០១៧ កន្លងទៅ ដោយវាយតម្លៃលើប្រទេសសរុប ១០៤ ជុំវិញពិភពលោក ដើម្បីប្រៀបធៀបប្រព័ន្ធសុខមាលភាពសាធារណៈល្អបំផុត សម្រាប់មនុស្សជាតិ។ លេខ១ បានទៅលើប្រទេស លុច្សហ្សំបួរ។
១- ប្រទេស លុច្សហ្សំបួរ
លុច្សហ្សំបួរ ជាប្រទេសសុខដុមរម្យនាមួយក្នុងទ្វីបអឺរ៉ុប ស្ថិតនៅចន្លោះរវាងប្រទេសប៊ែលហ្សិក បារាំង និងអាល្លឺម៉ង់ និងជាប្រទេសមានបំផុតលំដាប់កំពូលរបស់ពិភពលោកផ្អែកលើ GDP ជាធម្យមប្រចាំឆ្នាំនៃពលរដ្ឋម្នាក់ៗមានដល់ទៅជាង ១២ម៉ឺនដុល្លារអាមេរិក។ លុច្សហ្សំបួរ ក៏ជាប្រទេសមានសេវាសុខមានភាពសាធារណៈល្អបំផុតលើលោកដូចគ្នា ដែលនាំឲ្យពលរដ្ឋក្នុងប្រទេសនេះ ជាធម្យមអាចរស់បានដល់អាយុ ៨២ ឆ្នាំ។
៣- ប្រទេស ស្វីស
ស្ថិតនៅតំបន់ភាគខាងលិចឈាងខាងត្បូងទ្វីបអឺរ៉ុប មានព្រំដែនជាប់ប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលី, ស្វីស ជាប្រទេសមានបំផុតមួយលើលោក ជាប្រទេសដ៏ស្រស់ស្អាតលើផែនដី ក៏ជាប្រទេសមានសេវាសុខាភិបាលអស្ចារ្យបំផុតផងដែរ។
ក្រៅពីជាប្រទេសឈរនៅលេខរៀងទី២ មាន GDP ប្រចាំឆ្នាំជាធម្យមខ្ពស់បំផុតលើលោក គឺប្រមាណ ជាង ៨០,៨០០ ដុល្លារអាមេរិក សម្រាប់ពលរដ្ឋម្នាក់ៗ ស្វីស ក៏ជាកន្លែងមនុស្សស្ទើរទូទាំងពិភពលោក ប្រាថ្នាចង់រស់នៅ និងជាប្រជាជាតិមានសេវាសុខាភិបាលស្តង់ដារសកលលោក ដោយមានសេវាធានារ៉ាប់រងសុខភាពគ្រប់ពលរដ្ឋស្វីសទាំងអស់ ដោយឈរនៅលេខរៀងទី៣ នៃតារាងវាយតម្លៃរបស់វិទ្យាស្ថាន Legatum Institute ដោយពលរដ្ឋម្នាក់ៗអាចរស់នៅជាមធ្យមដល់អាយុ ៨២ឆ្នាំ។
៤- ប្រទេស ជប៉ុន
ជប៉ុន ជាប្រទេសជាដែនកោះដ៏ខ្លាំងក្លាមួយក្នុងទ្វីបអាស៊ីប ជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៣លើពិភពលោក ជាទឹកដីមួយដែលពលរដ្ឋអាចទទួលបានចំណូលប្រចាំឆ្នាំជាមធ្យមជាង ៤០,៨០០ ដុល្លារអាមេរិក។
ក្រៅពីជាប្រទេសមានសេដ្ឋកិច្ចដ៏ខ្លាំងក្លាហើយនោះ ជប៉ុនក៏ជាប្រទេសមានសេវាសុខមាលភាពសាធារណៈដ៏អស្ចារ្យដូចគ្នា អាចឈរនៅលេខរៀងទី៤ លើកំពូលតារាងវាយតម្លៃរបស់វិទ្យាស្ថាន Legatum Institute ខណៈពលរដ្ឋជប៉ុនជាធម្យមអាចរស់បានដល់អាយុ ៨៣ឆ្នាំ។
៥- ប្រទេស ហូឡង់
ហូឡង់ ដែលស្ថិតនៅភាគខាងលិចទ្វីបអឺរ៉ុប គឺជាប្រទេសដ៏សុខដុមរម្យនាមួយ ជាប្រទេសធ្លាប់ឈរលើកំពូលតារាង វាយតម្លៃប្រព័ន្ធសុខមាលភាពសាធារណៈរបស់សហភាពអឺរ៉ុបឆ្នាំ២០១៥ ជាប្រទេសមានសេដ្ឋកិច្ចរឹងមាំឈរនៅលេខរៀងទី ១៣ សម្រាប់ចំណូលប្រចាំឆ្នាំជាមធ្យមនៃពលរដ្ឋម្នាក់ជាង ៥៥,០០០ ដុល្លារអាមេរិក។
ក្នុងឆ្នាំ២០១៥ ប្រទេសនេះ គឺមានស្តង់ដារ និងប្រព័ន្ធសុខមាលភាពសាធារណៈល្អបំផុតលើលោកវាយតម្លៃដោយសហភាពអឺរ៉ុប ជាមួយពិន្ទុ ៩១៦ នៃពិន្ទុសរុប ១០០០ ប៉ុន្តែសម្រាប់តារាងវាយតម្លៃរបស់វិទ្យាស្ថាន Legatum Institute ហូឡង់គឺស្ថិតនៅលេខរៀងទី៥ ជាប្រទេសមានប្រព័ន្ធសុខមាលភាពសាធារណៈល្អបំផុតលើលោក៕
ដោយ៖ សុវណ្ណមុនីលីតា