តើអ្នកគួរយល់ដឹងអ្វីខ្លះពីតែស្លឹកអង្កាញ់ (Senna leaves) ?
ស្លឹកអង្កាញ់ឬឈ្មោះជាភាសាអង់គ្លេសហៅថា Senna leaves គឺជារុក្ខជាតិមួយប្រភេទដែលត្រូវបានគេយកមកធ្វើជាឱសថសម្រាប់ព្យាបាលជំងឺ។ វាមានរសជាតិផ្អែមបន្តិច និងមានរសល្វីងខ្លាំង។ ហេតុនេះហើយទើបស្លឹករបស់វាត្រូវបានគេយកទៅធ្វើជាតែលាយជាមួយទឹកឃ្មុំឬតែបៃតងសម្រាប់ព្យាបាលអាការទល់លាមក និងគាំទ្រដល់ការបញ្ចុះទម្ងន់។
យ៉ាងណាមិញ បើយោងតាមសមាគមផលិតផលឱសថរបស់អាមេរិក (American Herbal Products Association) ស្លឹកអង្កាញ់មិនត្រូវបានណែនាំឲ្យទទួលទានក្នុងរយៈពេលវែងនោះទេ។ ម្យ៉ាងទៀត ពួកគេក៏បានណែនាំមិនឲ្យប្រើប្រាស់ឱសថនេះបើសិនជាអ្នកមានការឈឺចុកចាប់ពោះ និងមានអាការរាគ។ អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យបើសិនជាអ្នកកំពុងពពោះឬកំពុងតែទទួលការព្យាបាលជំងឺដទៃ។
ការប្រើប្រាស់ស្លឹកអង្កាញ់នេះក្នុងរយៈពេលវែងអាចធ្វើឲ្យអ្នកត្រូវអាស្រ័យលើវានៅពេលត្រូវបញ្ចេញចោលម្ដងៗ និងអាចបង្កឲ្យមានការខូចខាតដល់ថ្លើមផងដែរ។
លើសពីនេះ អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យក្នុងករណីដែលអ្នកមានជំងឺបេះដូង ជំងឺថ្លើម និងភាពមិនប្រក្រតីនៃពោះវៀន។ ទទួលទានតែស្លឹកអង្កាញ់អាចធ្វើឲ្យអ្នកទទួលរងឥទ្ធិពលដូចជា រមួលពោះ រាគ និងវិលមុខដែលជាលទ្ធផលពីការបាត់បង់ជាតិទឹកច្រើនក្រោយពេលរាគ។ សម្រាប់ការព្យាបាលអាការទល់លាមកក្នុងរយៈពេលខ្លី តែស្លឹកអង្កាញ់គឺជាឱសថដ៏ល្អដែលអ្នកគួរទទួលទាន ហើយវាថែមទាំងអាចកម្ចាត់ជាតិពុលនិងកាកសំណល់ផ្សេងៗពីក្នុងរាងកាយរបស់អ្នកផងដែរ៕
ដោយ៖ ស្រីពៅ