តោះថ្ងៃនេះនាំគ្នាមកស្វែងយល់ ផ្សារមូលបត្រប្រទេសឡាវម្ដង! មានអ្វីពិសេស?
មនុស្សមួយចំនួនតែងគិតថា ប្រទេសឡាវជាប្រទេសមួយដែលក្រីក្របំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុន្ដែបច្ចុប្បន្នវាមិនមែនជាអ្វីដែលអ្នកគិតនោះទេ។ ប្រទេសឡាវ មានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅលើពិភពលោកដែលមានកំណើនជាមធ្យម ៨% ក្នុងមួយឆ្នាំបើគិតទៅលើកំណើនផលិតផលក្នុងស្រុកសរុប។ ភាពរីកចម្រើនគួរឲ្យកត់សម្គាល់ដែលជាហេតុផលទាក់ទាញវិនិយោគិនបរទេសមកវិិនិយោគប្រទេសមួយបន្ថែមមួយកម្រិតទៀត។
ដោយឡែក បើនិយាយពីប្រាក់ចំណូលក្នុងមនុស្សម្នាក់ ប្រជាជនឡាវបច្ចុប្បន្នខ្ពស់ជាងប្រជាជនវៀតណាម ភូមា និងកម្ពុជាទៀតផង។ ចំពោះវិស័យមូលបត្រវិញឡាវបង្កើតឡើងមុនកម្ពុជាតែពីរឆ្នាំប៉ុណ្ណោះ ហើយក៌មានភាគហ៊ុនវិនិយោគពីក្រុមហ៊ុនកូរ៉េ ៤៩% ប្រហាក់ប្រហែលនឹងការបង្កើតឡើងនៃផ្សារមូលបត្រកម្ពុជាកាលពីឆ្នាំ២០១២ ដែរ។
ផ្សារមូលបត្រឡាវបង្កើតឡើងក្នុង២០១០ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។ ផ្សារមូលបត្រឡាវ មានភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េចំនួន ៤៩% និងក្រុមហ៊ុនឡាវចំនួន ៥១%។
ផ្សារមូលបត្រឡាវ ជាទីផ្សារមូលធនដំបូងគេនៅក្នុងប្រទេសឡាវដែលជាកន្លែងគៀងគរដើមទុនដ៏ធំសម្រាប់អភិវឌ្ឍប្រទេសនិងបង្កើនទុន ដល់ក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារមូលបត្រឡាវ។ មិនខុសពីមុខងារនៃផ្សារមូលបត្រប្រទេសដទៃទេ ទីផ្សារមូលបត្រឡាវ ជាកន្លែងចាំបាច់ក្នុងការបង្កើតទីផ្សារមូលធនដើម្បីស្វែងរកដើមទុនផ្តល់ឱ្យក្រុមហ៊ុនចុះបញ្ជីដែលត្រូវការសម្រាប់ការអភិវឌ្ឍ ពង្រីកការផលិត និង សេវាកម្មរបស់ពួកគេប្រកបដោយចីរភាព។
បច្ចុប្បន្នក្រុមហ៊ុនដែលចុះបញ្ជីជាមួយផ្សារមូលបត្រឡាវមានចំនួន ៧ បើតាមការចេញផ្សាយរបស់ក្រុមហ៊ុនផ្សារមូលបត្រឡាវកាលពីថ្ងៃ ២ មីនា ឆ្នាំ ២០១៨។ ចំពោះទីផ្សារមូលធន (Market Cap) មានទឹកប្រាក់ចំនួនប្រមាណ ១,៣៣ពាន់លានដុល្លារ តាមការចេញផ្សារមូលបត្រឡាវកាលពីចុងឆ្នាំ ២០១៧។
ចំពោះរបៀបនៃការ វិនិយោគទៅលើវិស័យមូលបត្រវិញ ក៏មិនខុសពីផ្សារមូលបត្រកម្ពុជាយើងប៉ុន្មានដែរប៉ុន្តែមានលក្ខណៈ ខុសគ្នាបន្តិចបន្តួចត្រង់ម៉ោងជួញដូរប៉ុណ្ណោះ។
ម៉ោងជួញដូរនៅផ្សារមូលបត្រឡាវ ចាប់ពីម៉ោង 8:30ព្រឹក-11:30ព្រឹក។
ដោយ៖ ច័ន្ទលាភ
ប្រពភ៖ ផ្សារមូលបត្រឡាវ