សុក​ចិត្ត​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន​ជាង​ ៨០០​​ដុល្លារ​​ក្នុង​មួយ​ខែ ​ផ្គត់​ផ្គង់​មជ្ឈមណ្ឌល​បង្រៀន​សិស្ស​ឥត​គិត​ថ្លៃ​នៅ​​ស្វាយ​រៀង​



លោក​ មៃ ទិត្យថារ៉ា ការី​និពន្ធ​ព័ត៌មាន​ជាតិ​នៃ​កាសែត​ Khmer Times បាន​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន​របស់​លោក រហូត​ជាង​ ៨០០​ដុល្លា​រ​ក្នុង​មួយ​ខែ  ដែល​ជា​ប្រាក់​ខែ​​សន្សំ​ដោយ​ការ​ងារ​ជា​​ការីនិពន្ធ​ និង​ការ​​បំពេញ​ការងារ​ជា​បុគ្គលិក​ក្រៅម៉ោង ​Freelance ​នានា​ ដើម្បី​​ទុក​សម្រាប់​ចំណាយ​ដល់​ការ​​ផ្គត់​ផ្គង់​ទាំង​អស់​ ក្នុង​មជ្ឈមណ្ឌល​ភាសា​បរទេស​តាគិន​ ដែល​លោក​បង្កើត​ឡើង​ដោយ​ផ្ទាល់​សម្រាប់​ជួយ​ផ្ដល់​ចំណេះ​ដឹង​បន្ថែម​ដល់​ក្មេងៗ ដែល​មាន​ទីតាំង​ស្ថិត​នៅ កណ្ដាល​ក្រុង​ស្វាយ​រៀង។ លោក ទិត្យថារ៉ា បាន​លើក​ឡើង​ថា​ កាល​ពី​បង្កើត​សាលា​ដំបូង​ គាត់​ត្រូវ​ចំណាយ​ថវិការ​រហូត​ដល់​ជាង​ ១ពាន់​ដុល្លារ​ឯណោះ​ក្នុង​មួយ​ខែ​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ក្នុង​សាលា ប៉ុន្តែ​បច្ចុប្បន្ន​ការ​ចំណាយ​​ធ្លាក់​មក​នៅ​ថេរ​​​ត្រឹម​តែ​ជាង​ ៨០០​ដុល្លារ​ទៅ​៩០០​ដុល្លា​រ​​​​​ក្នុង​មួយ​ខែ​ ដែល​ទាំង​អស់​នេះ ​សុទ្ធ​សឹង​តែ​ជា​ថវិកា​ផ្ទាល់​របស់​លោក​ផ្ទាល់​តែម្ដង។ លោក​បាន​បន្ត​ថា កាល​ពី​ចាប់​ផ្ដើម​ដំបូង​លោក​មាន​គំនិត​ចង់​រក​មនុស្ស​ឲ្យ​បាន ​១០០​នាក់​ដើម្បី​ជួួ​យ​គាំទ្រ​ផ្នែក​ថវិកា​ ព្រោះ​លោក​គិត​ថា​ បើ​ម្នាក់​ត្រឹម​ ៥​ដុល្លារ​ ​ក៏​អាច​បាន ​៥០០​ដុល្លារ​ដែរ​ក្នុង​មួយ​ខែ។​ ​ដោយ​សារ​តែ​លោក​ ​មាន​មិត្តភក្ដិ​ជា​អ្នក​កាសែត​​ច្រើន​ ពួក​គាត់​បាន​ជួយ​​​ក្នុង​មួយ​ខែ​​ ​ទទួល​បាន​ប្រាក់​ពី​ ១០០ទៅ ​១៥០​ដុល្លា​ដែរ ប៉ុន្តែ​រយៈ​ពេល​៣​ទៅ​៤​ខែ​ក្រោយ​ក៏​សាប​រលាប​អស់​ទៅ។​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​​ក្រោយ​មក​នេះ​ ​លោក​​បាន​ខំ​ប្រឹង​ប្រែង​បន្ត​ធ្វើ​តែម្នាក់​ឯងរហូត​មក​ដល់​ពេល​នេះ។ ការី​និពន្ធ​ព័ត៌មាន​ជាតិ​នៃ​កាសែត Khmer Times ​និង​ជា​គ្រូ​បណ្ដុះបណ្ដាល​ផ្នែក​សារព័ត៌មាន​នៅ​មហាវិទ្យាល័យ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សាកលវិទ្យាល័យ​កម្ពុជា​រូប​នេះ​​ បាន​លើក​ឡើង​​ថា មជ្ឈមណ្ឌល​ភាសា​បរទេស​តាគិន​បង្កើត​ឡើង​ដោយ​សារ​តែ នៅ​គ្រា​មួយ​ដែល​លោក​កំពុង​ធ្វើ​ការ​នៅ​កាសែត​ភ្នំពេញ​បុស្ដិ៍​ លោក​បាន​ចុះ​ទៅ​ធ្វើ​បទ​យកការណ៍​មួយ​នៅ​ស្រុក​កំពង់រោរិ៍​ ខេត្ត​ស្វាយ​រៀង ​ ហើយ​លោក​បាន​ប្រទះ​ឃើញ​ក្មេង​មួយ​ក្រុម​ហើយ​លោក​ក៏​​បាន​ដើរ​តាម​ក្មេងៗ​ដែល​​ធ្វើ​ដំណើរ​ទៅ​លក់​ឆ្នោត​នៅ​​ទីក្រុង​ ហូជីមិញ​ ប្រទេស​វៀតណាម។ លោក​សង្កេត​ឃើញ​ថា​ ​ក្មេងៗ​ទាំង​នោះ​នៅ​ពេល​យប់​ត្រូវ​ប្រឈម​នឹង​ការ​ធ្វើ​បាប​ពី​ពួក​បង​ធំ​បង​តូច ដូច្នេះ​លោក​ក៏​រក​នឹក​វិធី​ដើម្បី​ទប់​ស្កាត់​ក្មេងៗ​ជំនាន់​ក្រោយ​កុំ​ឲ្យ​ប្រឈម​នឹង​បញ្ហា​ទាំង​នោះ។ លោក​ ថារ៉ា មាន​ប្រសាសន៍​ដូច្នេះ​ថា​ ៖"បើ ​សិន​ជា​ខ្ញុំ​ឲ្យ​អង្ករ​ នោះ​ពួកគាត់​ហូប​បាន​ពីរ​ថ្ងៃ​ហ្នឹង​​អស់​ហើយ ប៉ុន្តែ​បើ​យើង​ឲ្យ​ជា​ចំណេះ​ដឹង​ ខ្ញុំ​គិត​ថា ​ថ្ងៃ​អនាគត​គ្រួសារ​របស់​គាត់​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ដូច្នេះ​ខ្ញុំ​គិត​រយៈ​ពេល​២ ទៅ​៣​ ឆ្នាំ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​បើក​សាលា​នេះ​ឡើងតែម្ដង"។ ក្រៅ​អំពី​ការ​បង្កើត​សាលា​ដើម្បី​ជួយ​ដល់​សង្គម លោក​ថារ៉ា​ ក៏​មាន​បំណង​ចង់​ជួយ​អ្នក​ដែល​មិន​អាច​រៀន​កើត ​តាម​រយៈ​ការ​ទិញ​ម៉ាស៊ីន​ដេរ​ដើម្បី​ឲ្យ​ពួកគាត់​រៀន​ជួស​ជុល​ម៉ាស៊ីន​ ដើម្បី​ឱ្យ​​​ថ្ងៃ​អនាគត​ពួកគាត់​អាច​ធ្វើ​ជា​ជាង​ជួសជុល​ម៉ាស៊ីន​នៅ​រោងចក្រ​​ ​អាច​ទទួល​បាន​ប្រាក់​ខែ​គួសម​​ ដូច្នេះ​យូរ​ទៅ​ក្មេងៗ​ដែល​បំពុល​សង្គម​នឹង​លែង​មាន​ទៀត​។ គួ​រ​បញ្ជាក់​ផង​ដែរ​ថា មជ្ឈមណ្ឌល​ភាសាបរទេស​តាគិន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ភូមិ​គយ​ត្របែក ឃុំ​គយ​ត្របែក ស្រុក​ស្វាយរៀង ខេត្ត​ស្វាយរៀង បាន​ដំណើរ​ការ​តាំង​ពី ខែវិច្ឆិកា ឆ្នាំ​២០១៤ នឹង​ទទួល​បាន​អជ្ញាប័ណ្ណ​​ពី​មន្ទី​អប់រំ​នៅ​ឆ្នាំ​២០១៥ ដែល​បច្ចុប្បន្ន​មាន​សិស្ស​កំពុង​សិក្សា​ប្រមាណ​ជាង ​២០០​នាក់ និង​គ្រូ​ចំនួន​ ៦នាក់​ ដោយ​ក្នុង​នោះ​សាលា​មាន​ភាសា​អង់​គ្លេស​២​ថ្នាក់​ មាន​ថ្នាក់​កុំព្យូទ័រ​អ៊ីន​ធឺណេត និង​បណ្ណាល័យ​មួយ៕
អត្ថបទ៖ ជួប ស្រីរ័ត្ន
X
5s