សេដ្ឋកិច្ច​សិង្ហបុរី​ជា​កូន​នាគ​១​នៅ​ទ្វីបអាស៊ី តើ​ផ្សារមូលបត្រ​​នៅ​ប្រទេស​នេះ​មាន​ការ​វិវត្ត​ដូច​ម្ដេច​វិញ?​



សិង្ហបុរីត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយដែលមានប្រាក់ចំណូល​សេដ្ឋកិច្ចខ្ពស់ជាងគេ បើធៀបទៅនឹងប្រទេស​ក្នុងតំបន់អាស៊ីអាគ្នេយ៍​ ហើយ​បើ​និយាយ​ពីក្រប​ខណ្ឌ​អាស៊ី សិង្ហបុរី​ ស្ថិត​នៅ​ក្នុងកូន​នាគ​ទាំង​ ៤​របស់​អាស៊ី។ ប្រទេស​ដែន​កោះ​មួយ​នេះ​បាន​កំណត់​បទបញ្ញត្ដិជំនួញមួយដែលល្អ និងងាយស្រួលសម្រាប់សហគ្រិនក្នុងស្រុក និង​មក​ពី​ខាង​ក្រៅ​ស្រុក​ដែលប្រកបអាជីវិកម្មនៅប្រទេសសិង្ហបុរី។ គេចាត់ទុកថា ប្រទេសសិង្ហបុរីជាប្រទេសមួយដែលមានការប្រកួតប្រជែងខាងផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាបំផុត​ក្នុង​លោក។ បើនិយាយពីផ្សារមូលបត្រវិញ​សិង្ហបុរី ជាផ្សារមូលបត្រ​មួយដែលមានហេដ្ឋារចនា​សម្ព័ន្ធឈានមុខគេ ​និង​ផ្ដល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិន។ វិស័យ​ហិរញ្ញវត្ថុ​វិញ ធនាគារ​ធំៗក្នុង​លោក​សុទ្ធ​តែ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ដែន​កោះ​មួយ​នេះ។ បើ​និយាយ​អំពី​វត្តមានក្រុមហ៊ុន​ធំៗ ក៏​គេ​សង្កេត​ឃើញ​មាន​មិនលុះ​ឡើយ។ ផ្សារមូលបត្រសិង្ហបុរី Stock Exchange of Singapore ត្រូវ​បាន​បង្កើតឡើងក្នុងឆ្នាំ​១៩៧៣ នៅក្នុងប្រទេសសិង្ហបុរី។ ការ​បង្កើត​ផ្សារមូលបត្រ​នេះ​ឡើង​ គឺ​បន្ទាប់​ប្រទេស​ដែនកោះ​មួយ​នេះ​បាន​កាត់​ផ្ដាច់​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​រួម​ ហើយ​ផ្សារហ៊ុន​ក៏​បាន​បំបែក​ចេញ​ជា​ពីរ​ដូច​គ្នា។ ផ្សារហ៊ុនសិង្ហបុរី​ត្រូវ​បាន​ផ្លាស់ប្ដូរ​មក​ជា Singapore Exchange (SGX) នៅ​ឆ្នាំ​១៩៩៩ ដែល​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ Stock Exchange of Singapore និង Singapore International Monetary Exchange។ បើតាមទិន្នន័យដែលបានចេញផ្សាយកាលពី​ ខែ មករា ទី ៣១ ឆ្នាំ២០១០ មានក្រុមហ៊ុនចំនួន ៧៧៤ ក្រុមហ៊ុនដែលបានចុះបញ្ជី។ ចំពោះទីផ្សារ​មូលធនវិញ មានចំនួន ៧១២,៩៩​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់ឆ្នាំ ២០១៨នេះ ហើយ​បើ​តាម​របាយការណ៍​ចុង​ក្រោយ​នេះ មាន​ក្រុមហ៊ុន​ប្រមាណ​ ៧៧៦​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជីក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ជា​ច្រើន​ផង​ដែរ។ ផ្សារមូលបត្រសិង្ហបុរីផ្ដល់នូវសេវាកម្មក្នុងវិស័យមូលបត្រច្រើនបែបដែលទាក់ទងទៅនឹងមូលបត្រ ឧបករណ៍និទស្សន៍ និង​ ប្រភេទមូលបត្រផ្សេងៗទៀតនៅក្នុងផ្សារហ៊ុន។  ផ្សារមូលបត្រសិង្ហបុរី គឺជាសមាជិកនៃសហព័ន្ធផ្សារភាគហ៊ុនពិភពលោក ហើយក៏ជាសមាជិកសហព័ន្ធផ្សារហ៊ុនអាស៊ី និង អូសេអានីផងដែរ៕ ដោយ៖ គឹម ច័ន្ទលាភ ប្រភព៖ ផ្សារមូលបត្រសិង្ហបុរី    
X
5s