ផ្សារមូលបត្រហ្វីលីពីន ជាផ្សារមូលបត្រមានវ័យចាស់ជាងគេនៅក្នុងតំបន់អាស៊ាន
ប្រទេសហ្វីលីពីនជាប្រទេសទី ៣៤ ដែលមានទំហំសេដ្ឋកិច្ចធំជាងគេ ក្នុងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ១៣ មានសេដ្ឋកិច្ចធំជាងគេក្នុងទ្វីបអាស៊ី។ ជាមួយគ្នាដែរ ទំហំសេដ្ឋកិច្ចហ្វីលីពីនបច្ចុបុ្បន្ន ឈរនៅលេខ ៣ នៅក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី និង ប្រទេសថៃ។ ចំពោះផ្សារមូលបត្រហ្វីពីនវិញ ត្រូវបានគេចាត់ទុកថា ជាទីផ្សារដែលចាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គិតមកដល់បច្ចុប្បន្ន ពោលគឺមានអាយុកាល ៩១ ឆ្នាំហើយ។
ផ្សារមូលបត្រហ្វីលីភីន ជាផ្សារមូលបត្រតែមួយគត់នៅប្រទេសហ្វីលីពីន និងជាផ្សារមូលបត្រដែលមានវ័យចំណាស់គួរសមក្នុងទ្វីបអាស៊ី។ ដើមឡើយ ផ្សារមូលបត្រហ្វីលីពីន កើតឡើងពីផ្សារមូលបត្រ ម៉ានីណា ដែលបង្កើតឡើងក្នុងខែសីហា ឆ្នាំ ១៩២៧ និងផ្សារមូលបត្រ ម៉ាកាទី ដែលបង្កើតឡើងក្នុងខែ ឧសភា ឆ្នាំ ១៩៦៣។
នៅអំឡុងឆ្នាំនោះ ផ្សារមូលបត្រទាំងពីរ ជាក្រុមផ្សារមូលបត្រដែលចរាចរមូលបត្រដូចគ្នាប៉ុន្ដែគ្រាន់តែពីរក្រុមហ៊ុនផ្សេងគ្នាប៉ុណ្ណោះ។ រហូតដល់ខែ ធ្នូ ឆ្នាំ ១៩៩២ ទើបផ្សារហ៊ុនទាំងពីរសហការគ្នា និងបានច្របាច់បញ្ចូលគ្នាធ្វើជាផ្សារមូលបត្រតែមួយ គឺផ្សារមូលបត្រហ្វីលីពីនដែលមានវត្តមានរហូតមកដល់សព្វថ្ងៃ។
តាមរបាយការណ៍ដែលចេញផ្សាយ ដោយក្រុមហ៊ុនផ្សារមូលបត្រហ្វីលីពីនកាលពីឆ្នាំ ២០១២ មានក្រុមហ៊ុនចុះបញ្ជីចំនួន ៣២៤ ក្រុមហ៊ុន។ ផ្សារភាគហ៊ុនហ្វីលីពីន ជាផ្សារភាគហ៊ុនធំបំផុតទី ៣០ ក្នុងចំណោមផ្សារហ៊ុនធំៗក្នុងពិភពលោកទាំង ៧៩។ មូលធនទីផ្សាររបស់ផ្សារហ៊ុនហ្វីលីពីនមានចំនួន ២៤៩,៥ ពាន់លានដុល្លារអាមេរិក បើគិតត្រឹមខែមីនា ឆ្នាំ ២០១៨។
ការជួញដូរនៅផ្សារមូលបត្រមួយនេះ ដំណើរការចាប់ពី ម៉ោង ៩:៣០ ព្រឹករហូតដល់ម៉ោង ៣:៣០ នាទីរសៀល ជារៀងរាល់ថ្ងៃនិងចាប់ពីម៉ោង ១២:០០ថ្ងៃត្រង់ ដល់ម៉ោង ១:៣០ នាទីរសៀល៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ ផ្សារមូលបត្រហ្វីលីពីន និង stockmarketdock.com