អេស្បាញនឹងក្លាយជាប្រទេសដែលមានអាយុរំពឹងទុកជាប់ចំណាត់ថ្នាក់លេខ១ ខ្ពស់ជាងប្រទេសជប៉ុន ក្នុងឆ្នាំ ២០៤០​



សារៈសំខាន់នៃរបបអាហារនិងការរស់នៅត្រូវបានទទួលស្គាល់ដោយអ្នកជំនាញខាងសុខភាពជាយូរណាស់មកហើយ ថាជាផ្នែកមួយនៃគន្លឹះដើម្បីធ្វើឲ្យមានអាយុវែងនិងជីវិតរីករាយ។ សម្រាប់ប្រជាជនអេស្បាញ ភស្ដុតាងទាំងនេះបានបង្ហាញឲ្យឃើញថាអេស្បាញនឹងទទួលយកដំណែងរបស់ប្រទេសជប៉ុន ក្លាយជាប្រទេសដែលមានអាយុរំពឹងរស់វែងជាងគេជាប់ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ ២០៤០។

ត្រឹមឆ្នាំ ២០៤០ ប្រជាជនអេស្បាញរំពឹងថានឹងអាចរស់នៅត្រឹមអាយុជាមធ្យម ៨៥,៨ ឆ្នាំ។ ដែលអាយុនេះមានការកើនឡើងពីក្នុងឆ្នាំ ២០១៦ ដែលមានអាយុជាមធ្យម ៨២,៩ ឆ្នាំ ដែលនៅពេលនោះប្រទេសអេស្បាញជាប់ចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងចំណោម ១៩៥ប្រទេស។ បើយោងតាម វិទ្យាស្ថានវាយតម្លៃនិងវាស់វែងសុខភាព (Institute for Health Metrics and Evaluation) ប្រទេសជប៉ុននឹងជាប់ចំណាត់ថ្នាក់លេខ២ ដែលមានប្រជាជនមានអាយុរំពឹងទុក ៨៥,៧ ក្នុងឆ្នាំ ២០៤០ បើគិតក្នុងឆ្នាំ ២០១៦ ប្រជាជនជប៉ុនមានអាយុរំពឹងទុកតែ ៨៣,៧ឆ្នាំប៉ុណ្ណោះ។

ការកើនឡើងនៃអាយុរបស់ប្រជាជនអេស្បាញគឺដោយសារតែប្រទេសនេះបរិភោគអាហារដែលស្ថិតក្នុងតំបន់មីឌីទែរ៉ាណេ ដែលអាហារទាំងនោះជួយការពារទៅនឹងជំងឺទាំង ៥ដែលបណ្ដាលឲ្យឆាប់ស្លាប់ក្នុងយុគស័យទំនើបដែលមានដូចជា ជំងឺធាត់លើសទម្ងន់ ជំងឺសម្ពាធឈាមខ្ពស់ កម្រិតជាតិស្ករខ្ពស់ក្នុងឈាម ការជក់បារី និងការទទួលទានជាតិអាកុលលើសជ្រុល។ អ្នកសិក្សាស្រាវជ្រាវរបស់ វិទ្យាស្ថានវាយតម្លៃនិងវាស់វែងសុខភាព (Institute for Health Metrics and Evaluation (IHME)) បានធ្វើការវាយតម្លៃទៅលើ ការវាស់វែងលើប្រជាសាស្រ្តសង្គម ចំណូលរបស់មនុស្សម្នាក់និងការអប់រំ ជាមួយនឹងកត្តាមួយចំនួនទៀតដូចជាការជក់បារី ទម្ងន់ និងការប្រើប្រាស់ទឹកស្អាតនិងអនាម័យ។

ខាងក្រោមនេះគឺជាប្រទេសដែលមានអាយុរំពឹងទុកខ្ពស់ជាងគេក្នុងឆ្នាំ ២០៤០ ដោយយោងតាមវិទ្យាស្ថានវាយតម្លៃនិងវាស់វែងសុខភាព (Institute for Health Metrics and Evaluation (IHME)) ក្នុងឆ្នាំ ២០១៨ ដែលចុះផ្សាយដោយគេហទំព័រវេទិការសេដ្ឋកិច្ចពិភពលោក៖  

១) ប្រទេសអេស្បាញ មានអាយុរំពឹងទុក ៨៥,៨ឆ្នាំ

២) ប្រទេសជប៉ុន មានអាយុរំពឹងទុក ៨៥,៧ ឆ្នាំ

៣) ប្រទេសសិង្ហបុរី មានអាយុរំពឹងទុក ៨៥,៤ឆ្នាំ

៤) ប្រទេសស្វីស មានអាយុរំពឹងទុក ៨៥,២ ឆ្នាំ

៥) ប្រទេសព័រទុយកាល់ មានអាយុរំពឹងទុក ៨៤,៥ ឆ្នាំ

៦) ប្រទេសអ៊ីតាលី មានអាយុរំពឹងទុក ៨៤,៥ ឆ្នាំ

៧) ប្រទេសអ៊ីស្រាអែល មានអាយុរំពឹងទុក ៨៤,៤ ឆ្នាំ

៨) ប្រទេសបារាំង មានអាយុរំពុងទុក ៨៤,៣ ឆ្នាំ

៩) ប្រទេសលុចសំបួរ មានអាយុរំពឹងទុក ៨៤,១ឆ្នាំ

១០) ប្រទេសអូស្ត្រាលី មានអាយុរំពឹងទុក ៨៤,១ឆ្នាំ៕

ដោយ៖ លង់ វណ្ណៈ

X
5s