ការ​ព្យាករណ៍​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ពិភពលោក​​ចំនួន ៦ នៅ​ក្នុង​រយៈពេល ១​ទសវត្ស​ខាងមុខ​​



នៅ​ក្នុង​រយៈពេល​ ១០​ឆ្នាំ​ខាងមុខ ពិភពលោក​នឹង​បោះ​ជំហាន​ទៅ​​ក្នុង​បរិបទ​ថ្មី​មួយ​ដែល​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​កាន់តែ​​ខ្លាំង​ឡើងៗ​ជា​ពិសេស​​​​អំ​ពី​អនាគត​មហាអំណាច​អាមេរិក​នៅ​លើ​ឆាក​អន្តរជាតិ​ ខណៈ​ដែល​ចិន​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ថ្មី។ ខាងក្រោម​នេះ​​គឺ​ជា​ការ​ព្យាករណ៍​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​សាកលលោក​នៅ​​រយៈពេល​១​ទសវត្ស​ខាងមុខ៖ ​​​ ១)សេដ្ឋកិច្ច​អាមេរិក​នឹង​ស្ទុះ​ងើប​ឡើង​វិញ ធនាគារ​កណ្តាល​​អាមេរិក (Federal Reserve) បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​​ក្នុង​ស្រុក​​របស់​ខ្លួន​នឹង​មាន​កំណើន​២,៤% នៅ​ក្នុង​ឆ្នាំ ២០១៩ ខាងមុខ​។ នេះ​ជា​កំណើន​ល្អ​បំផុត​មួយ​​ដែល​ស្ថិត​នៅ​ក្នុង​ចន្លោះ​​ពី ២ ទៅ ៣​% ។ ២) បំណុល​អាមេរិក​នឹង​កើន​ឡើង​បន្ត​ទៀត បំណុល​អាមេរិក​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​នឹង​កើន​លើស ២១ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០១៨ នេះ​ ។ វា​​អាច​នឹង​មាន​​ស្ថិរភាព​ប្រសិន​បើ​រដ្ឋាភិបាល​សហព័ន្ធ​តម្រូវ​ឱ្យ​​កាត់បន្ថយ​ចំនួន ១០% នៃ​ការ​ចំណាយ​សរុប​របស់​ថវិកា​ជាតិ​នៅ​ក្នុង​ឆ្នាំ ២០២១ ខាងមុខ ។ យ៉ាងណាមិញ​​​គម្រោង​នេះ អាច​នឹង​ត្រូវ​បាន​លុប​ចោល​ក្រោម​ការ​ដឹកនាំ​​អាណត្តិ​ប្រធានាធិបតី Donald Trump។ ប្រធានាធិបតី​រូប​នេះ​បាន​​​សន្យា​ថា នឹង​កាត់​បន្ថយ​បំណុល ប៉ុន្តែ​គោលនយោបាយ​របស់​លោក​អាច​នឹង​ធ្វើ​ឲ្យ​បំណុល​របស់​ខ្លួន​កើន​ឡើង ៥,៦ ពាន់​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត។ ៣) សករាជ​ថ្មី​​នៃ​មហាយក្ស​ចិន​នឹង​ចូល​មក​ដល់ ​ចិន​​ត្រូវ​បាន​គេ​ចាត់ទុក​ថា ​ជា​មហា​អំណាច​សេដ្ឋកិច្ច​​ធំ​បំផុត​លំដាប់​ទី​២ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក។ ​ប៉ុន្តែ​កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ ​ប្រទេស​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​​នៅ​លើ​ពិភពលោក​។ ថ្វីត្បិត​តែ​កំណើន​សេដ្ឋកិច្ច​​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​ពី២ ខ្ទង់​មក​ត្រឹម ៧%​ ជា​រៀងរាល់​ឆ្នាំ ​ ប៉ុន្តែ​​​នៅ​ពេល​បច្ចុប្បន្ន​មហាអំណាច​​មួយ​នេះ​​​កំពុង​ពង្រីក​ឥទ្ធិពល​ទាំង​នយោបាយ​ និង​សេដ្ឋកិច្ច​កាន់តែ​ធំ​ឡើង​ដែល​នឹង​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​​ផលប្រយោជន៍​អាមេរិក​ជាង​មុន។ ហេតុផល​មួយ​​ដ៏​សំខាន់​នោះ​គឺ​ថា​ បំណុល​​អាមេរិក​ជំពាក់​ចិន​នៅ​តែ​មាន​​​ចំនួន​ច្រើន​ជាង​បំណុល​អាមេរិក​ជំពាក់​​ប្រទេស​ផ្សេង​ទៅ​ទៀត ហើយ​ថ្វីត្បិត​តែ​ ឱនភាព​ពាណិជ្ជកម្ម​រវាង​​មហាអំណាច​ទាំងពីរ​កំពុង​ធ្លាក់​ចុះ​ក៏​ដោយ ក៏​វា​នៅ​តែ​មាន​ទំហំ​ធំ​នៅ​ឡើយ។ ៤) ប្រាក់​ដុល្លារ​នឹង​បន្ត​ធ្លាក់​ចុះ​ទៀត ចាប់តាំង​ពី​​ធនាគារ​កណ្តាល​ពង្រឹង​គោលនយោបាយ​រូបិយប័ណ្ណ​របស់​ខ្លួន​ជា​បន្តបន្ទាប់​តាំង​​ពី​ឆ្នាំ ២០១៤ ២០១៥ និង ២០១៦ កន្លង​ទៅ​ក៏ដោយ​ ក៏​តម្លៃ​ប្រាក់ដុល្លារ​នៅ​តែ​មាន​សញ្ញាណ​មិន​ល្អ​ប៉ុន្មាន​នោះ​ទេ​ក្នុង​ឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨ នេះ​។ អ្នក​ជួញដូរ​រូបិយប័ណ្ណ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Forex) សប្បាយ​ចិត្ត​ក្នុង​ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ពេល​ដែល​ធនាគារ​កណ្តាល​បាន​ដំឡើង​អត្រា​ការប្រាក់ ប៉ុន្តែ​​ការ​ដំឡើង​អត្រា​ការប្រាក់​ធ្វើ​ឡើង​ក្នុង​អត្រា​មួយ​ដ៏​យឺត​បំផុត ហេតុដូច្នេះ​ហើយ​អ្នក​ជួញដូរ​​កំពុង​ចាប់​អារម្មណ៍​ងាក​ទៅ​ជួញដូរ​រូបិយប័ណ្ណ​ផ្សេង​ទៀត។ ​វិនិយោគិន​បរទេស​​កំពុង​ព្រួយបារម្ភ​​ខ្លាំង​អំពី​បំណុល​​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​អាមេរិក។ ពួកគេ​យល់​ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​មាន​ចេតនា​ធ្វើ​ឲ្យ​​ប្រាក់​ដុល្លារ​ធ្លាក់​ថ្លៃ​ដើម្បី​ឱ្យ​តម្លៃ​​ប្រាក់​បំណុល​ជាតិ​របស់​ខ្លួន​ធ្លាក់​ចុះ។ នេះ​បាន​ជំរុញ​ឲ្យ​អ្នក​បង្វិល​ពី​ការ​កាន់កាប់​សាច់ប្រាក់​ដុល្លារ​មក​ជា​ទ្រព្យសម្បត្តិ​វិញ​​កាន់តែ​ច្រើន​ឡើង។ ៥) តម្លៃ​ប្រេងនិង​ហ្គាស៍​នឹង​ឡើង​វិញ កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ​ តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​ខ្លាំង​ដោយសារតែ​​ប្រាក់ដុល្លារ​​ឡើង​ថ្លៃ​ ខណៈ​ដែល​ក្រុមហ៊ុន​ប្រេង​អាមេរិក​បាន​បង្កើត​​ផលិត​ប្រេងឆៅ​បន្ថែម​ទៀត​​ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង​ ហើយ​ជា​លទ្ធផល​​វា​បាន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុងរយៈពេល ១៣​ ឆ្នាំ​ ដោយលក់​ចេញ​ ២៦ ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាល​ពី​ឆ្នាំ ២០១៦។ ប៉ុន្តែ​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ OPEC ចាប់​តាំង​ពី​ឆ្នាំ ២០១៧ មក បាន​ធ្វើ​ឲ្យ​តម្លៃប្រេង​ឡើង​ថ្លៃ​មក​កាន់​កម្រិត​មួយ​​ក្នុង​រង្វង់ ៧០ ដុល្លារ​ក្នុង​មួយ​បារ៉ែល។ ​មន្ទីរ​ព័ត៌មាន​ថាមពល​អាមេរិក (EIA)​ បាន​​បង្ហើប​ពី​​ទស្សនវិស័យ​មួយ​​នៃ​អនាគត​តម្លៃ​ប្រេងសាំង និង​ហ្គាស៍​​ចាប់​ពី​ឆ្នាំ ២០១៨ នេះ​តទៅ​ដល់​ឆ្នាំ ២០៤០។ ស្ថាប័ន​នេះ​បាន​ព្យាករណ៍​ថា តម្លៃ​ប្រេង​នឹង​​ឡើង​ថ្លៃ​ជា​មធ្យម​ ៥៧ ដុល្លារ​ឡើង​ទៅ​ដល់​ ៧០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​​នៅ​​ក្នុង​ឆ្នាំ ២០១៨ នេះ។ វា​​នឹង​ឡើង​ថ្លៃ ៩៥ ដុល្លារ​ក្នុង​​ឆ្នាំ ២០៣០ និង ១១៤ ដុល្លារ​ក្នុង​ឆ្នាំ ២០៥០ ដោយសារតែ​នៅ​ពេល​នោះ​ការ​ផលិត​ប្រេង​អាមេរិក​នឹង​ធ្លាក់​ចុះ​ច្រើន។ ៦) គោលនយោបាយ​វាតទីនិយម​អាមេរិក​នឹង​ធ្លាក់ចុះ បំណុល​ចំនួន ២១ ពាន់​ពាន់​លាន​ដុល្លារ​​មាន​ន័យ​ថា​ អាមេរិក​ពិត​ជា​មិន​អាច​មាន​លទ្ធភាព​ធ្វើ​សង្គ្រាម​​លើ​សមរភូមិ​យោធា​ជុំវិញ​ពិភពលោក​ដូច​ពេល​បច្ចុប្បន្ន​ទៀត​​បាន​ទេ។ ​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៨ ​កន្លង​ទៅ​ ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​​បង្កើន​ថវិកា​​យោធា​ ៨២ ​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ ២០១៩ ខាងមុខ​​​ដែល​ចំនួន​សរុប​បាន​កើន​ដល់ ៧១៦ ពាន់​លាន​ដុល្លារ​ ឬ​ប្រហែល​ ១៧% ​នៃ​ថវិកា​ជាតិ​សម្រាប់​វិស័យ​ការពារ​ជាតិ។ មន្ត្រី​យោធា​កំពូលៗ​របស់​ខ្លួន​បាន​លើក​ឡើង​​ថា ​ការ​បង្កើន​ទឹកប្រាក់​សម្រាប់​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​​គឺ​ជា​ដង្ហើម​ដើម្បី​ឲ្យ​អាមេរិក​មាន​ឥទ្ធិពល​លើ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ក្នុង​ការ​​​ឆ្លើយតប​​ទៅ​នឹង​វិបត្តិ​សកលលោក​។ ប៉ុន្តែ​​វា​កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​​ដោយសារតែ​សាធារណជន​យល់​ថា ការ​ចំណាយ​នេះ​​ឥតប្រយោជន៍ និង​ធ្វើ​ឲ្យ​បំណុល​ជាតិ​កាន់​តែ​កើន​ឡើង៕ ប្រភព៖ thebalance​​​
X
5s