តូក្យូគឺជាទីក្រុងដែលមានការចរាចរណ៍រថភ្លើងក្រោមដីដ៏មមាញឹកជាងគេ ក្នុងឆ្នាំ ២០១៧
រថភ្លើងក្រោមដីគឺជាចល័តភាពដ៏សំខាន់ ខណៈពេលដែលសង្គមទាំងមូលក្លាយជាសង្គមទីក្រុង។ នៅចុងឆ្នាំ ២០១៧ មានរថភ្លើងក្រោមដីក្នុងទីក្រុងចំនួន ១៧៨ ក្នុង ៥៦ប្រទេស ដែលដឹកអ្នកដំណើរប្រមាន ១៦៨ លាននាក់ក្នុងមួយថ្ងៃៗ។ រថភ្លើងក្រោមដីចំនួន ៧៥ បានបើកដំណើរការតាំងពីឆ្នាំ ២០០០។ ការកើនឡើងដ៏ច្រើននេះគឺដោយសារតែការអភិវឌ្ឍក្នុងប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី នេះបើយោងតាមតួលេខឆ្នាំ២០១៨ របស់ UITP ដែលជាអង្កភាពមិនរកប្រាក់ចំណូលដែលជួយលើកកម្ពស់ទៅដល់ការដឹងជញ្ចូនសាធារណៈទូទាំងពិភពលោក។
រវាងឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ ចំនួនអ្នកធ្វើដំណើរតាមរថភ្លើងក្រោមដីប្រចាំឆ្នាំមានការកើនឡើងប្រមាណ ១៩,៥% ទូទាំងពិភពលោក ដោយចំនួននេះមានការកើនឡើងខ្លាំងគឺនៅតំបន់មជ្ឈឹមបូព៌ា និងតំបន់អាហ្រិ្វកខាងជើងរហូតដល់ទៅ ៥៨% ដែលចេញតាមពីក្រោយដោយអាស៊ី ២៨% និងអាមេរិកឡាទីន ២០%។
UITP បានធ្វើការវិភាគលើសូចនាករមួយចំនួនដូចជាចំនួនអ្នកធ្វើដំណើរ ចំនួនខ្សែរថភ្លើង ប្រវែងខ្សែរថភ្លើង ចំនួនស្ថានីយ៍ និងចំនួនដំណើរការជាដើម។ ខាងក្រោមនេះគឺជា ប្រព័ន្ធរថភ្លើងក្រោមដីដែលមានសកម្មភាពមមាញឹកទាំង ១០ ដែលមានចំនួនអ្នកធ្វើដំណើរប្រចាំឆ្នាំគិតជា លាននាក់៖
១) ទីក្រុងតូក្យូ មានចំនួនអ្នកធ្វើដំណើរ ៣ ៤៦៣ លាននាក់
២) ទីក្រុងម៉ូស្គូ មានចំនួនអ្នកធ្វើដំណើរ ២ ៣៦៩ លាននាក់
៣) ទីក្រុងសៀងហៃ មានចំនួនអ្នកធ្វើដំណើរ ២ ០៤៤លាននាក់
៤) ទីក្រុងប៉េកាំង មានចំនួនអ្នកធ្វើដំណើរ ១ ៩៨៨ លាននាក់
៥) ទីក្រុងសេអ៊ូល មានចំនួនអ្នកធ្វើដណើរ ១ ៨៨៥ លាននាក់
៦) ទីក្រុងញូយ៉ក មានចំនួនអ្នកធ្វើដំណើរ ១ ៨០៦លាននាក់
៧) ទីក្រុងញូដេលី មានចំនួនអ្នកធ្វើដំណើរ ១ ៧៨៩ លាននាក់
៨) ទីក្រុងក្វាងចូវ មានចំនួនអ្នកធ្វើដំណើរ ១ ៧៣០លាននាក់
៩) ទីក្រុងម៉ិកស៊ិកកូ មានចំនួនអ្នកធ្វើដំណើរ ១ ៦៧៨ លាននាក់
១០) ហុងកុង មានចំនួនអ្នកធ្វើដំណើរ ១ ៦០០ លាននាក់៕
ដោយ៖ លង់ វណ្ណៈ