យុវជន ៩រូបបង្កើតហាងកាហ្វេសរីរាង្គជួយកសិករជនជាតិដើម និងបង្កើនសុខុមាលភាពប្រជាជនខ្មែរ
បច្ចុប្បន្នប្រជាជនកម្ពុជាពិសេសយុវជនភាគច្រើនកំពុងមានទំនោរទៅលើការគាំទ្រផលិតផលបរទេសជាជាងផលិតផលក្នុងស្រុកបើទោះជាផលិតផលខ្លះខ្មែរអាចផលិតបានក៏ដោយ ក៏សន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកហាក់នៅមានកម្រិតនៅឡើយ។ បន្ថែមពីនេះទៅទៀតប្រជាជនខ្មែរជាច្រើនមានការខ្វាយខ្វល់អំពីបញ្ហាសុវត្តិភាពចំណីអាហារដែលបរិភោគរាល់ថ្ងៃ ហើយចាប់ផ្ដើមគិតគូរអំពីការសុខភាពផងជាចំបង។
យុវជន ស៊ិង សុង សហស្ថាបនិកមួយរូបក្នុងចំណោមសហស្ថាបនិក ៨រូបផ្សេងទៀត បានសម្រេចរួមគ្នាបង្កើតហាងកាហ្វេ រ៉ូប៊ូស្ដា ប៊ូស្រាកាហ្វេ ឡើងដើម្បីរួមចំណែកក្នុងការផ្លាស់ប្តូរផ្នត់គំនិតប្រជាជនឲ្យងាកមកគាំទ្រផលិតផលក្នុងស្រុក និងជាពិសេសផលិតផលអាហារសរីរាង្ដដែលជួយទៅដល់សុខភាពប្រជាជនខ្មែរ និងគាំទ្រផលិតផលកសិកម្មរបស់ជនជាតិភាគតិច។
លោក ស៊ិង សុង បានលើកឡើងថា ផលិតផលការហ្វេសរីរាង្គនេះគឺត្រូវបាននាំមកពីខេត្តមណ្ឌលគីរីដែលដាំជាលក្ខណៈសរីរាង្គដោយប្រជាកសិករជនជាតិដើមភាគតិចនៅក្នុងតំបន់ដាក់ដាំ និងប៊ូស្រា និងត្រូវបានទទួលស្គាល់គុណភាពស្តង់ដាចំណីអាហារដោយអង្គការសេដាក(CEDAC)ផងដែរ។ លោកបន្តថា ចំពោះកាហ្វេនៅក្នុងហាងមួយចំនួនដែលគេយកមកលក់ភាគច្រើនគឺយើងពុំបានដឹងពីប្រភពច្បាស់លាស់នោះទេ ប៉ុន្តែដោយឡែកចំពោះការបង្កើតហាងកាហ្វេសរីរាង្គរ៉ូប៊ូស្ដាប៊ូស្រាកាហ្វេវិញគឺគិតជាចម្បងនូវសុខភាពនិងសុខុមាលភាពរបស់ប្រជាជនខ្មែរ ដែលអាចឲ្យពួកគាត់ទុអាចទុកចិត្តបាន។
ការបើកអាជីវកម្មនេះគឺមិនមែនគិតត្រឹមតែប្រាក់ចំណេញនោះទេ ប៉ុន្តែការបើកហាងកាហ្វេសរីរាង្គនេះគឺជាប្រភេទអាជីវកម្មសង្គមដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយផលិតផលសរីរាង្គរបស់ប្រជាកសិករជនជាតិដើមភាគតិច ហើយក្នុងនោះក៏បានផ្ដល់ការងារដល់ប្រជាជននៅក្នុងតំបន់នោះផងដែរតាមរយៈការធ្វើការងារជាសង្វាក់ ដែលរួមមានអ្នកបេះអ្នកវិចខ្ចប់ជាដើមដែលបានជួយសម្រួលយ៉ាងច្រើនដល់ជីវភាពគ្រួសាររបស់ពួកគាត់។ នេះជាការលើកឡើងបន្តរបស់សហស្ថាបនិកវ័យក្មេងរូបនេះ។
លោកបានបន្ថែមថា លើសពីនេះទៅទៀតអាជីវកម្មហាងកាហ្វេសរីរាង្គនេះគឺបានគាំទ្រដល់ការដល់ការការពារបរិស្ថាន ដោយបានគាំទ្រដល់ការធ្វើកសិកម្មសរីរាង្គរបស់ប្រជាកសិករ ដែលបានរួមចំណែកនៅក្នុងការកាត់បន្ថយការបំពុលទឹក ការបំពុលដីនិងការបំពុលខ្យល់ជាដើម។ ហើយចំពោះហាងកាហ្វេសររីរាង្គ រ៉ូប៊ូស្ដាប៊ូស្រាកាហ្វេ ក្រៅពីកាហ្វេសរីរាង្គក៏មានផលិតផលសរីរាង្គជាច្រើនទៀតដូចជា ក្រូចវល្លិ៍ ផ្លែប័រ ដោយសូម្បីតែគល់ស្លឹកគ្រៃក៏ជាផលិតផលសរីរាង្គផងដែរ។
លោក ស៊ិង សុង៖ "ខ្ញុំសូមឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ ជាពិសេសយុវជនងាកមកគាំទ្រផលិតផលក្នុងស្រុក អ្វីដែលសំខាន់នោះគឺកសិផលសរីរាង្គ ដែលវាជារូបភាពដ៏ល្អក្នុងការជួយដល់សុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ និងជួយជម្រុញឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនផងដែរ ជាជាងដែលពួកគាត់គាំទ្រ ផលិតផលបរទេសដែលវាជួយឲ្យសេដ្ឋកិច្ចគេរីកចម្រើន"៕
អត្ថបទ៖ ជួប ស្រីរ័ត្ន