កម្មវិធីសន្និបាតលើកទី ៤ស្ដីអំពី «ទីក្រុងយើងទាំងអស់គ្នា»
ភ្នំពេញ៖ អង្គការភីពផលអ៊ីននីត(People in Need) ក្រោមការជួយជ្រោមជ្រែងពីដៃគូពាក់ព័ន្ធនានា បានរៀបចំឡើងនូវកម្មវិធីសន្និបាទលើកទី៤ដែលស្ដីអំពី «ទីក្រុងយើងទាំងអស់គ្នា» ដែលនឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃគឺ នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នាមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
នៅក្នុងកម្មវិធីសន្និបាតលើកទី ៤ នេះផងដែរ នឹងដំណើរការដោយផ្អែកទៅលើប្រធានបទ៣សំខាន់ៗគឺទី១ ផ្ដោតទៅទីក្រុងដែលមានពណ៍បៃតង និងមានភាពធន់ ទី២ផ្ដោតទៅលើ ការអភិវឌ្ឍន៍ទីក្រុងដែលមានការចូលរួម និងទី៣ គឺប្រធានបទដែលផ្ដោតទៅលើ លំនៅដ្ឋានសម្រាប់ទាំងអស់គ្នា។ ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីសន្និបាតនេះ ក៏មានរួមផ្សំជាមួយនឹងដំណើរទស្សនកិច្ចសិក្សា ការអនុវត្តន៍ផ្ទាល់ និងកម្មវិធីផ្សារភ្ជាប់បណ្ដាញទំនាក់ទំនងនាពេលល្ងាចដែលជាកិច្ចបញ្ចប់សន្និបាត។
ថ្លែងនៅក្នុងសន្និបាតទីក្រុងយើងទាំងអស់គ្នា ឯកឧត្តម នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ បានលើកឡើងថា ការរៀបចំឡើងនូវប្រធានបទសំខាន់ទាំង ៣ខាងលើ ពិតជាមានសារៈសំខាន់នឹងបានឆ្លើយតបទៅនឹងទិដ្ឋភាពពីរគឺ ទីមួយបានឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រដ្ឋាបាលរាជធានីភ្នំពេញ រដ្ឋាភិបាលនៅក្នុងក្របខណ្ឌជាតិនិងក្នុងតំបន់ផងដែរ ដែលក្នុងនោះរដ្ឋាបាលរាជធានីភ្នំពេញបានដាក់ចេញនូវចក្ខុវិស័យធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងបៃតងមានភាពធន់នឹងមានចីរភាព និងទិដ្ឋភាពទី២គឺបានឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលរាជធានីភ្នំពេញកំពុងតែជួបប្រទះ។
គួរបញ្ជាក់ផងដែរថា កម្មវិធីសន្និបាតលើកទី ៤ ស្ដីអំពី ទីក្រុងយើងទាំងអស់គ្នា ត្រូវបានផ្ដល់មូលនិធិដោយ សហភាពអ៊ឺរ៉ុប និងទីភ្នាក់ងារសាធារណៈរដ្ឋឆែក និងឧបត្ថម្ភដោយអង្គកាទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា៕