គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ចុះបញ្ជីលក់ជាផ្លូវការ «សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុត នៅកម្ពុជាលេខ១»​



នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ​នេះ​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីធីត បានធ្វើពិធីចុះបញ្ជីលក់ផ្លូវការ «សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុត នៅកម្ពុជា លេខ១» ដោយមានការអញ្ចើញចូលរួមជាគណៈអធិបតី និងផ្ដល់មតិអបអរសាទរពី លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ និង​ការ​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​ធនាគារ​ជាតិ​នៃ​កម្ពុជា។ 

ប្រភព៖ ធនាគារជាតិ

ការចុះបញ្ជីលក់ជាផ្លូវការនូវសញ្ញាប័ណ្ណសាជីវកម្មរបស់គ្រឹះស្ថានបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជា ដោយបច្ចុប្បន្នវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងសហគ្រាសវិនិយោគនានាមានជម្រើសឧបករណ៍វិនិយោគច្រើនជាងមុន ហើយគ្រឹះស្ថានផ្ទាល់ក៏មានលទ្ធភាពក្នុងការស្វែងរកទុនវិនិយោគបន្ថែមជាមួយនឹងថ្លៃចំណាយទាបសម្រាប់បំពេញតម្រូវការកំណើនឥណទាន។

ទន្ទឹមនេះ ការចេញផ្សាយសញ្ញាប័ណ្ណសាជីវកម្មជាប្រាក់រៀលឆ្លុះ បញ្ចាំងឱ្យឃើញពីស្មារតីខ្ពស់របស់គ្រឹះស្ថានក្នុងការជួយគាំទ្រនិងលើកកម្ពស់គោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបានមានប្រសាសន៍លើកទឹកចិត្តដល់គ្រឹះស្ថានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។

ប្រភព៖ ធនាគារជាតិ

គួរបញ្ចាក់ថា ហត្ថាកសិករ បានទទួលការអនុញ្ញាត និងចុះបញ្ជីជាស្ថាពរ ពីគណៈកម្មការមូលបត្រ-កម្ពុជា (គ.ម.ក.) សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មជាសាធារណៈ តាមរយៈសេចក្តីសម្រេចលេខ ១៦៥ / ១៨ គ.ម.ក /ស.ស.រ ចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨។ សញ្ញាបណ្ឌសាជីវកម្មរបស់ហត្ថាកសិករ និងក្លាយជាសញ្ញាបណ្ឌសាជីវកម្មដំបូងបំផុតដែលបានបោះផ្សាយលក់នៅទីផ្សារមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រភព៖ ធនាគារជាតិ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (ហត្ថាកសិករ) និងក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ស៊ីឃ្យួរឹធី (អេសប៊ីអាយ) បានដាក់ពាក្យធ្វើបរិវិសកម្ម សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មជាសាធារណៈ របស់ហត្ថាកសិករ ចាប់ពី ថ្ងៃទី ០៨ ដល់ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ហើយការធ្វើបរិវិសកម្ម បានប្រពឹត្តទៅប្រកបដោយជោគជ័យ។ ចំនួនសញ្ញាបណ្ណសាជីវកម្មសរុបចំនួន ១.២០០.០០០ សញ្ញាបណ្ណ ត្រូវបានបញ្ជាទិញ និងបែកចែកជូនវិនិយោគិនទាំងអស់។ លទ្ធផលនៃការធ្វើបរិវិសកម្ម បានទទួលការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) រួចហើយ៕ ដោយ៖ លង់ វណ្ណៈ
X
5s