កំពូលអ្នកវិនិយោគផ្សារហ៊ុនទាំង៥រូបជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្ដពិភពលោក!
ចរន្តលំហូរសាច់ប្រាក់ត្រូវបានគេបែងចែកជា ៤គឺ ESBI ដោយ E (Employee) គឺមានន័យថានយោកជិក អ្នកដែលធ្វើការឲ្យគេដើម្បីរកលុយ។ S (Self-Employed)គឹមានន័យថា អ្នកដែលមានអាជីវកម្មផ្ទាល់ខ្លួន ហើយកម្លាំង ឬប្រាជ្ញាដើម្បីរកលុយ។ B (Business Owner) គឺសហគ្រិនដែលមានអាជីវកម្មផ្ទាល់ខ្លួន ហើយក្នុងអាជីវកម្មនោះមានការគ្រប់គ្រងត្រឹមត្រូវ។ ហើយចុងក្រោយនោះគឹ I (Investor) មានន័យថាអ្នកដែលយកលុយទៅវិនិយោគទៅលើក្រុមហ៊ុនផ្សេងៗ ឬអ្វីផ្សេងៗ។ មនុស្សម្នាក់ៗតែងតែប្រាថ្នាចង់ធ្វើជាវិនិយោគិន ពីព្រោះអាចរកចំណូលបានច្រើន។ ថ្ងៃនេះ BizKhmer សូមលើកយកកំពូលអ្នកវិនិយោគគិនទាំង៥រូបដែលជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ៖
១) លោក Warren Buffet
លោក Warren Buffet ត្រូវបានគេចាត់ថាជាអ្នកវិនិយោគដ៏ជោគជ័យនិងឆ្នើមមួយរូបក្នុងពិភពលោកដោយផ្អែកទៅលើ ចំនួនទឹកប្រាក់ដែលលោកបានចាប់ផ្ដើមវិនិយោគដំបូងធៀបនឹងទំហំវិនិយោគរបស់លោកសព្វថ្ងៃ។ លោក Warren Buffet កាន់កាប់ការងារវិនិយោគជាច្រើនហើយ ចំណូលដំបូងរបស់លោកក្នុងមួយឆ្នាំគឺ ១២០០០ដុល្លារអាមេរិកក្នុងប៉ុណ្ណោះ។ នៅពេលគាត់បានចេញមកធ្វើការឲ្យខ្លួនឯងវិញគាត់រកចំណូល ១៧៤០០០ ដុល្លារ។ ហើយសព្វថ្ងៃលោក Warren Buffet មានប្រាក់សរុប ៨៤,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។
យុទ្ធសាស្រ្ដវិនិយោគរបស់គាត់គឺសាមញ្ញមែនទែន គឺគាត់ទិញក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងតម្លៃទាបបំផុត ហើយគាត់បានកែប្រែការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬកែប្រែផ្នែកណាមួយដែលធ្វើឲ្យក្រុមហ៊ុនងើបនោះមកវិញ។ ហើយបានធ្វើឲ្យក្រុមហ៊ុនមានតម្លៃហ៊ុននៅក្នុងផ្សារហ៊ុនមួយដែលល្អ។ គាត់បានធ្វើការស្វែងយល់អំពីក្រុមហ៊ុននោះមុនការវិនិយោគយ៉ាងសាមញ្ញបំផុត។
២) លោក Benjamin Graham
លោក Benjamin Graham ត្រូវបានគេទទួលស្គាល់ថាជាគ្រូរបស់ Warren Buffet។ វារឿងមួយដែលគួរឲ្យកត់សម្គាល់គឺរូបលោកត្រូវបានគេប្រសិទ្ធនាមថាជាបិតានៃការវិនិយោគ។ គាត់រកចំណូលបានយ៉ាងច្រើនមិនថាខ្លួនឯង និងអតិថិជនរបស់ខ្លួនដោយមិនមានហានិភ័យនៅក្នុងផ្សារហ៊ុន។ យុទ្ធសាស្រ្ដរបស់លោក គឺគ្រាន់តែធ្វើការវិភាគទៅលើហិរញ្ញវត្ថុតែប៉ុណ្ណោះ។
៣) លោក Bill Gross
លោក Bill Gross ត្រូវបានគេចាត់ទុកថាជាបិតានៃសញ្ញាប័ណ្ណ។ គាត់គឺជាស្ថាបនិក និង ជាអ្នកគ្រប់គ្រងនៃក្រុមហ៊ុន PIMCO ហើយលោកនិងក្រុមការងាររបស់លោកមានប្រាក់ចំណូល ៦០០ពាន់លានដុល្លារស្ថិតនៅក្រោមការវិនិយោគប្រាក់ចំណូលសុទ្ធ។
អំឡុងពេលនោះ Bill Gross ផ្ដោតទៅលើការទិញតែសញ្ញាប័ណ្ណតែប៉ុណ្ណោះ។ របៀបនៃវិនិយោគរបស់លោកគឺផ្ដោតទៅកត្ដាពីរយ៉ាងគឺ ត្រូវតែមានទស្សនៈវែងឆ្ងាយក្នុងការវិនិយោគ និង ចេះរៀបចំចាត់ចែងរបៀបនៃការវិនយោគឲ្យបានជាក់លាក់។ លោកបានបញ្ជាក់ថាការវិនិយោគរយៈពេលវែង ជួយឲ្យវិនិយោគិនមិនសូវមានអាការៈឈឺក្បាលជាមួយការឡើងចុះនៃភាគហ៊ុន។
៤) John Templeton
John Templeton គឺជាអ្នកបង្កើតគម្រោងវិនិយោគរួម(Fund)។ គំនិតនេះកើតឡើងដោយសារតែបទពិសោធន៍របស់គាត់ក្នុងឆ្នាំ១៩៣៩ គាត់បានទិញភាគហ៊ុន ១០០ ហ៊ុនពី១០៤ក្រុមហ៊ុនដែលបានធ្វើការជួញដូរក្នុងផ្សារមូលបត្រញូវយ៉កដោយក្នុង១ហ៊ុនមានតម្លៃក្រោម ១ដុល្លារអាមេរិក។ លោកបានចំណាយប្រាក់ទិញហ៊ុនសរុប១០៤០០$។ បន្ទាប់ពី៤ឆ្នាំក្រោយមកក្រុមហ៊ុនដែលគាត់បានទិញហ៊ុនចំនួន៣៤បានក្ស័យធន ប៉ុន្ដែគាត់នូវតែអាចលក់ភាគហ៊ុនដែលនៅសេសសល់ទាំងនោះបានចំនួន៤០០០០$បានមកវិញ។ វាជាមេរៀនមួយដែលលោកបានរៀនពីការវិនិយោគ វាឲ្យធ្វើគាត់បានយល់ច្បាស់ពីការបែងចែកប្រាក់ក្នុងវិនិយោគទៅលើក្រុមហ៊ុនផ្សេងៗគ្នា (Diversification)។លោកបានបញ្ជាក់ថានៅពេលក្រុមហ៊ុនមួយចំនួនក្ស័យធនវានឹងអាចមានក្រុមហ៊ុនផ្សេងកំពុងតែរីកចម្រើន។ ភាគហ៊ុនដែលល្អភាគច្រើនជាប្រភេទភាគហ៊ុនដែលគេមើលរំលង។
5) លោក Peter Lynch
Peter Lynch ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាអ្នកគ្រប់គ្រងគម្រោងវិនិយោគរួម Fidelity Magellan Fund ជាង១៣ឆ្នាំ ក្នុងអំឡុងពេលនោះទ្រព្យសម្បត្ដិរបស់គាត់មាន២០លានដុល្លារសហរដ្ឋអាមេរិកហើយក៏បានកើនឡើងរហូតដល់១៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។លោក Peter Lynch បានចែករំលែកយុទ្ធសាស្រ្ដមួយចំនួនមុនសម្រេចចិត្តក្នុងការវិនិយោគ៖
- ត្រូវច្បាស់ពីអ្វីដែលបានដឹង
- ការវិភាគទៅលើសេដ្ឋកិច្ច និងអត្រាការប្រាក់របស់មូលបត្រវាអាចជារឿងមិនសូវចាំបាច់
- យើងមានពេលវេលាជាច្រើនក្នុងការស្វែងយល់សិក្សាពីក្រុមហ៊ុនមុនធ្វើការសម្រេចវិនិយោគ
- ត្រូវមើលក្រុមហ៊ុនដែលមានការគ្រប់គ្រងល្អជារឿងសំខាន់
- ត្រូវមានការអត់ធ្មត់ និង រៀនសូត្រពីកំហុស
- មុនសម្រេចទិញយើងគួរតែធ្វើពិចារណាឲ្យបានល្អិតល្អន់ថាហេតុអ្វីយើងគួរតែទិញវា?
- ត្រូវដឹងពីហានិភ័យដែលអាចកើតមានឡើង៕