សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចប្រចាំសប្ដាហ៍ក្នុងប្រទេស
ដើម្បីជាជំនួយដល់លោកអ្នកក្នុងការបង្កើនការយល់ដឹងផ្នែកសេដ្ឋកិច្ច និងងាយស្រួលក្នុងការសម្រេចចិត្តទៅលើការធ្វើអាជីវកម្ម ថ្ងៃនេះ Bizkhmer នឹងផ្ដល់ជូនលោកអ្នកនូវការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចក្នុងប្រទេសពីស្ថាប័នព័ត៌មានល្បីក្នុងស្រុកចំនួន៤គឺ កាសែតភ្នំពេញបុស្ដិ៍ កាសែតរស្មីកម្ពុជា កាសែតកោះសន្តិភាព និងសារព័ត៌មាន Sabay News។
តាមរយៈកាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅបានចេញផ្សាយអំពី អាកាសយានដ្ឋានអន្តរជាតិកម្ពុជារំពឹងទទួលភ្ញៀវទេសចរណ៍ ១០លាននាក់នៅដំណាច់ឆ្នាំ២០១៨៖ ក្រោយពីការពង្រីកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ធ្វើឲ្យល្អប្រសើរឡើងនូវសេវាកម្មរបស់ខ្លួន អាកាសយានដ្ឋានកម្ពុជារំពឹងថា ភ្ញៀវទេសចរណ៍ដែលធ្វើការហោះហើរក្នុងស្រុកនិងក្រៅស្រុកតាមអាកាសយានដ្ឋានអន្តរជាតិទាំងបី គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងឈានដល់១០លាននាក់នៅដំណាច់ឆ្នាំ២០១៨នេះ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
តាមរយៈប្រភពខាងលើដែលបានផ្សាយក្នុងថ្ងៃដដែលនោះ បានចុះផ្សាយស្ដីអំពី ប្រធានព្រឹទ្ធសភា រដ្ឋសភានិងនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទៅទស្សនាគម្រោងវិនិយោគទីក្រុងវិស្សមកាល «តារាសាគរ»៖ នៅព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានអញ្ជើញទស្សនាតំបន់អភិវឌ្ឍន៍ទីក្រុង វិស្សមកាលទេសចរណ៍ «តារាសាគរ» ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុនចម្រុះមកពីប្រទេសចិន។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់កាសែត កោះសន្តិភាពវិញ បានចេញផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ស្ដីអំពី រយៈពេល១១ខែ ចំណូលពន្ធដារបានជាង២ពាន់លានដុល្លាអាមេរិក៖ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង ២.០៥៥ លានដុល្លារអាមេរិក ក្នុងរយៈពេល១១ខែនាឆ្នាំនេះ កើនឡើង១៣២លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹងជាង១០៦%នៃផែនការកំណត់ដោយច្បាប់។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
យោងតាមប្រភពខាងលើដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ដីអំពី វិនិយោគិនអឺរ៉ុបស្នើឱ្យកម្ពុជាបន្តចរចាជាមួយEU៖ ក្នុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការដកការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប វិនិយោគិនអឺរ៉ុបដែលកំពុងបណ្ដាក់ទុនរកស៊ីនៅកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបន្តចរចាជាមួយសហភាពអឺរ៉ុបដើម្បីទទួលបានការអនុគ្រោះពន្ធសម្រាប់ទំនិញនាំចូលសហភាពអឺរ៉ុបបន្តទៀត ក្នុងគោលបំណងផ្ដល់អត្ថប្រយោជន៍ ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតសម្រាប់សារព័ត៌មាន Sabay News កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ បានចុះផ្សាយស្ដីអំពី ថៃសន្យាជួយវិស័យអប់រំកម្ពុជា ខណៈទំហំពាណិជ្ជកម្មប្រទេសទាំង២ កើនឡើង៖ ប្រភពពីទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះផ្សាយថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងថៃឡង់ដ៍ បានកើនឡើងរហូតដល់ជាង ៧ប៊ីលានដុល្លារ នៅត្រឹមបំណាច់ខែតុលា ឆ្នាំ២០១៨។ នេះជាសញ្ញាវិជ្ជមានសម្រាប់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ខណៈដែលប្រមុខរដ្ឋាភិបាល គ្រោងបង្កើនទំហំពាណិជ្ជកម្មឱ្យបានដល់ ១៥ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកចំពោះកាសែតភ្នំពេញបុស្ដិ៍ បានចេញផ្សាយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ស្ដីអំពី ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជាវៀតណាម កើនជិត ៤០ ភាគរយ៖ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស កម្ពុជា វៀតណាម បានមើលឃើញពីកំណើនខ្ពស់ដោយសម្រេចបាន ៣,០៦ ពាន់លានដុល្លារក្នុងអំឡុងពេល ១០ ខែដំបូងនៅឆ្នាំ ២០១៨ នេះ គឺកើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងទៅតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន