តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​ព័ត៌មាន​សាជីវកម្ម​សម្ងាត់​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូល​បត្រ​បែក​ធ្លាយ?​



ខណៈ​ដែល​ព័ត៌មាន​សាជីវកម្ម​សម្ងាត់​នៅ​ក្នុង​ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​មួយ​ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ​ដោយ​បុគ្គល​ផ្ទៃ​ក្នុង​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ទៅ​កាន់​ជន​ទី​៣ ដើម្បី​គេង​ចំណេញ​ផល​ប្រយោជន៍​ទាំង​ដែល​ព័ត៌មាន​សម្ងាត់​នោះ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​អនុញ្ញាត្ត​ឲ្យ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈដោយគណៈ​កម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក) និង​​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) ​នៅ​ឡើយ​។

ដូច្នេះ​តើ​ក្រុមហ៊ុន​ផ្ទាល់​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ? ហើយ​ចំពោះ​​និតិវិធី​ផ្លូវ​ច្បាប់​វិញ​តើ​និង​មាន​វិធាន​ការ​យ៉ាង​ណា​ចំពោះ​បុគ្គល​នោះ?        

នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ការ​អនុវត្ត​ប្រកាស​ស្ដី​ពី​ "ការ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម" កញ្ញា ប៉ុន ពេជ្រនារី មន្ត្រី​ជំនាញ​ការិយាល័យ​គ្រប់គ្រង​ព័ត៌មាន​សាជីវកម្ម​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ការ​បោះផ្សាយ​លក់​មូលបត្រ នៃ គ.ម.ក បាន​លើក​ឡើង​ថា ការ​ដែល​បុគ្គល​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សម្ងាត់​របស់​ក្រុមហ៊ុន​ទៅ​កាន់​បុគ្គល​ទី៣​មុន​ពេល​បង្ហាញ​ជា​សាធារណៈ​ នោះ​គឺ​ជា​ការ​ធ្វើ​ខុស​នឹង​ការ​អនុវត្ត​នៃ​ការ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម។ បុគ្គល​នោះ​អាច​យក​ព័ត៌មាន​សម្ងាត់​នៅ​ក្នុង​ក្រុមហ៊ុន​ទៅ​ប្រាប់​ដល់​បង​ប្អូន​សាច់ញ្ញាត្តិ មិត្តភក្កិ​ ឬ​អ្នន​ដែល​ជិតស្និត​នឹង​ខ្លួន​ ដូច្នេះ​ពួកគាត់​អាច​នឹង​ឆ្លៀត​ឱកាស​ក្នុង​ការ​ទិញ​ឬ​លក់​នូវ​មូលបត្រ។  

ទាំង​នេះ​គឺ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​ផ្សារ​មូល​បត្រ ព្រម​ទាំង​ការ​ជួញ​ដូរ​នៅ​ក្នុង​វិស័យ​នេះ ជា​ពិសេស​គឺ​ចំពោះ​ក្រុមហ៊ុន​ផ្ទាល់​ព្រោះ​ក្រុមហ៊ុន​មាន​តួនាទី​នៅ​ក្នុង​ការ​រក្សា​នូវ​ព័ត៌មាន​សម្ងាត់​របស់​ខ្លួន ដូច្នេះ​បើសិន​ជា​មាន​ករណី​បុគ្គល​ផ្ទៃ​ក្នុង​ធ្វើ​ឲ្យ​បែក​ធ្លាយ​ព័ត៌មាន​សម្ងាត់​នោះ​ក្រុមហ៊ុន​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ដែល​ទាំង​នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គាត់​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល។ នេះ​ជា​ការ​លើក​ឡើង​បន្ត​របស់​ កញ្ញា ពេជ្រនារី។ 

ជា​មួយ​គ្នា​នេះ​ផង​ដែរ​លោក សៀង ធានហុង ប្រធាន​ការិយាល័យ​គ្រប់គ្រង​ព័ត៌មាន​សាជីវកម្ម​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ការ​បោះផ្សាយ​លក់​មូលបត្រ​នៃ គ.ម.ក បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​​និតិវិធីច្បាប់​ចំពោះ​បុគ្គល​ដែល​ធ្វើ​ឲ្យ​បែក​ធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​ក្រុមហ៊ុន​ថា "តាម​រយៈ​ច្បាប់​ស្ដី​ពី​ការ​បោះផ្សាយ​និង​ការ​ជួញ​ដូរ​មូលបត្រ​មហាជន" ចែង​ថា​ការ​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​ក្រុមហ៊ុន​ទៅ​ដល់​អ្នក​ខាង​ក្រៅ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​វិស័យ​មូលបត្រ។    

លោក​ ធានហុង​ បន្តថា ការ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​ក្រុមហ៊ុន​ដល់​អ្នក​ខាង​ក្រៅ ហើយ​អ្នក​ខាង​ក្រៅ​ប្រើប្រាស់​ព័ត៌មាន​សម្ងាត់​នោះ​យក​ទៅ​ជួញដូរ​ដើម្បី​ផល​ចំណេញ​ឬ​បញ្ជៀស​ការ​ខាត​បង់ ដូច្នេះ​អ្នក​ផ្ទៃ​ក្នុង​យក​ព័ត៌មាន​សម្ងាត់​ទៅ​ប្រើ​ឬ​ជួញ​ដូរ​ក៏​ខុស​ច្បាប់ ​អ្នក​ផ្ទៃ​ក្នុង​ឲ្យ​ព័ត៌មាន​សំងាត់​ទៅ​គេ​ហើយ​គេ​យក​ទៅ​ប្រើប្រាស់​ឬ​ជួញ​ដូរ​ក៏​ខុស​ច្បាប់​ដូច​គ្នា។ ដែល​ទោស​នេះ​ត្រូវ​បាន​ចាប់​ទុក​ជា​បទ​ឧក្រិដ្ឋ​ ដែល​ត្រូវ​ជាប់​ពន្ធធនាគារ​ចាប់​ពី​៥ឆ្នាំ ដល់​១០​ឆ្នាំ ព្រម​ទាំង​មាន​ពិន័យ​ជា​ប្រាក់​ផងដែរ៕ 

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

X
5s