ក្រុមហ៊ុនយក្ស Google មានគម្រោងសាងសង់ទីតាំងដែលមានតម្លៃ ១ពាន់លានដុល្លារក្នុងទីក្រុងញូយ៉ក​



ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសកាលពីថ្ងៃចន្ទកន្លងទៅថាខ្លួននឹងធ្វើការសាងសង់មជ្ឈមណ្ឌលថ្មីរបស់ខ្លួននៅទីក្រុងញូវយ៉ក។ ក្រុមហ៊ុនយក្សមួយនេះនឹងធ្វើការចំណាយទឹកប្រាក់របស់ខ្លួនប្រមាណ ១ ពាន់លាន់ដុល្លារ (ប៊ីលាន) ក្នុងការសាងសង់មជ្ឈមណ្ឌលមួយដែលមានទំហំ ១,៧ លានហ្វីតការ៉េ ដែលគេឲ្យឈ្មោះថា Google Hudson Square ក្នុងភូមិភាគខាងលិចក្រុងម៉ែនហាតាន់ (Manhattan) នេះបើតាមការឲ្យដឹងពីលោក  Ruth Porat ប្រធានគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Google។ ទីតាំងនៅ Hudson នេះនឹងក្លាយជាការិយាល័យកណ្ដាលរបស់នៃអង្គភាពពាណិជ្ជកម្មសកល (Global Business Organization) របស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន Google បច្ចុប្បន្នដែលមានបុគ្គលិក ៧០០០នាក់ បានប្រកាសថាខ្លួននឹងធ្វើការពង្រីកទីតាំងនេះដើម្បីបន្ថែមបុគ្គលិកប្រមាណ ៧ ០០០នាក់ថែមទៀតក្នុងរយៈពេល១០ឆ្នាំទៅមុខ។ គួរឲ្យដឹងផងដែរថា Google បានទិញផ្សារ Chelsa តំបន់ភាគខាងលិច ក្នុងទឹកប្រាក់ ២,៤ពាន់លានដុល្លារ (ប៊ីលាន) កាលពីដើមឆ្នាំនេះ។ កាលពីខែមុន ក្រុមហ៊ុន Amazon បានប្រកាសថាខ្លួននឹងផ្លាស់ប្ដូរបុគ្គលិក ៥០ ០០០នាក់ទៅកាន់ការិយាល័យថ្មីក្នុងតំបន់ Queens, New York, Arlington, និង Virginia ខណៈពេលដែលក្រុមហ៊ុនអេផល នឹងបន្ថែមទីតាំងរបស់ខ្លួនក្នុងតំបន់ Austin ក្នុងរដ្ឋតិចសាស (Texas)៕ ដោយ៖ លង់ វណ្ណៈ
X
5s