ឯក​ឧត្តម គួច សុមាន៖ តាម​ការ​ព្យាករណ៍ កម្ពុជា​នឹង​មាន​កំណើន​ការ​ងារ​ខ្ទង់​ ២៧​ម៉ឺន​កន្លែងនា​ពេល​​អនាគត​



នៅ​ក្នុង​កម្មវិធី​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី៥​ ដែល​រៀប​ចំដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ស្ដី​អំពី "ការ​ពង្រីក​ប្រភព​កំណើន​សេដ្ឋកិច្ច​កម្ពុជា"  ឯក​ឧត្តម គួច សុមាន អគ្គនាយករង​នៃ​ទីភ្នាក់​ងារ​ជាតិ​មុខរបរនិង​ការងារ បាន​បង្ហាញ​ពី​ទិន្នន័យ​ការ​ព្យាករណ៍​ពី​កំណើន​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​ ថា​នឹង​អាច​កើន​ឡើង​ដល់​ចំនួន​២៧​ម៉ឺន​កន្លែង​ក្នុង​ពេល​ខាង​មុខ​នេះ។ ឯកឧត្តម​បាន​លើក​ឡើង​ថា ប្រសិន​បើ​សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​១%​នោះ​កំណើន​ការ​ងារ​នឹង​អាច​កើន​ឡើង​ដល់​៩ម៉ឺន​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​ក្នុង​នោះ​វិស័យ​កសិកម្ម​អាច​កើន​ប្រហែល​៣ម៉ឺន​កន្លែង​ និង​វិស័យ​ឧស្សាហកម្ម​អាច​នឹង​កើន​ឡើង​ខ្ទង់​២ម៉ឺន​កន្លែង​។ បើ​យើង​មើល​ទៅ​លើ​កំណើន​ការងារ​នៃ​ឆ្នាំ​នីមួយៗ​វិញ​យើង​ឃើញ​ថា​ កំណើន​ការងារ​ជា​មធ្យម​នៅ​កម្ពុជា​គឺ​ខ្ទង់​៣.៦% ហើយ​ក្នុង​មួយ​ឆ្នាំ​កំណើន​ការ​ងារ​ខ្ទង់​២៣ម៉ឺន​កន្លែង ចំណែក​ឯ​ការ​ព្យាករណ៍​ពី​កំណើន​ការងារ​នៅ​ពេល​អនាគត​វិញ​គឺ​២.៩% ដែល​អាច​នឹង​មាន​កំណើន​ដល់​២៧​ម៉ឺន​កន្លែង​ក្នុង​ឆ្នាំ​២០២១​។ វិស័យ​ដែល​មាន​កំណើន​លឿន​គឺ​មាន​ដូច​ជា វិស័យ​ដែល​ទាក់​ទង​នឹង​ការ​ផលិត​ដែល​ក្នុង​មួយ​ឆ្នាំ​អាច​បង្កើត​ការងារ​បាន​ជាង​៥ម៉ឺន​កន្លែង​ វិស័យ​ពាណិជ្ជកម្ម​អាច​បង្កើត​បាន​ជាង​៤ម៉ឺន​កន្លែង​ វិស័យ​វាយនភ័ណ​បង្កើត​បាន​ជាង​៦ម៉ឺន​កន្លែង​ វិស័យ​សំណង់​បង្កើត​បាន​ជិត​៨​ម៉ឺន​កន្លែង​ និង​មួយ​ទៀត​គឺ​ ផ្នែក​សណ្ឋាគារ និង​ភោជនីយដ្ឋាន​បង្កើត​បាន​ជាង​៤ម៉ឺន​កន្លែង។ ជា​ការ​ពិត​តាម​រយៈ​ការ​ព្យាករណ៍​បង្ហាញ​ថា​វិស័យ​ឧស្សាហកម្ម​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​និង​បាន​រួម​ចំណែក​ជម្រុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ចំនួន​១០.៥% ដែល​ជា​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​កំណើន​វិស័យ​ការងារ​ផងដែរ។ បញ្ហា​ការ​ងារ​ដែល​ត្រូវ​ដោះ​ស្រាយ​សម្រាប់​ប្រទេស​កម្ពុជា​យើង​គឺ​កង្វះ​តម្រូវ​ការ​អ្នក​ដែល​មិន​ទទួល​បាន​ការ​អប់រំ និង​អ្នក​ដែល​ទទួល​បាន​ការ​អប់រំ​ទាប ក្នុង​នោះ​នៅ​កម្ពុជា​អ្នក​ដែល​មាន​កម្រិត​សិក្សា​ទាប​ជាង​ថ្នាក់​បឯម​សិក្សា​គឺ​មាន​អាយុចាប់​១៥​ឆ្នាំ​ឡើង​មាន​ប្រមាណ​ជា​ខ្ទង់​៦០%​ ដែល​នេះ​ជា​មូលហេតុ​ជម្រុញ​ឲ្យ​មាន​អត្រា​អត់​ការ​ធ្វើ​កើត​ឡើង​ដែល​តម្រូវ​ឲ្យ​មាន​វិធាន​ការ​ក្នុង​ការ​ដោះ​ស្រាយ។ បញ្ហា​សំខាន់​មួយ​ទៀត​គឺ​ការ​កើន​ឡើង​នូវ​ឱកាស​ការងារ​សម្រាប់​អ្នក​ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពស់​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ ដូច្នេះ​បើ​យើង​មិន​ចាប់​យក​ឱកាស​នេះ​ទេ នោះ​ប្រទេស​ជិត​ខាង​នឹង​មក​ធ្វើ​ការ​ជំនួស​យើង៕ អត្ថបទដោយ៖ ជួប ស្រីរ័ត្ន
X
5s