គម្រោងរោងចក្រពីរនៅខេត្តតាកែវផ្ដល់ឱកាសការងារបានជាង ២ពាន់កន្លែង
គម្រោងបង្កើតរោងចក្រពីរនៅខេត្ត តាកែវ អាចផ្ដល់ការងារជូនប្រជាពលរដ្ឋរហូតដល់២៤២២កន្លែង និងលេចជារូបរាងឡើងបន្ទាប់ពីគណៈកម្មធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ទីមួយក្រុមហ៊ុន "GO FRESH F & B CO.,LTD.” និងទីពីរគឺក្រុមហ៊ុន“LIEFENG OUTDOORS (CAMBODIA) CO.,LTD.”។
ក្រុមហ៊ុន " GO FRESH F & B CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតទឹកក្រូច ទឹកផ្លែឈើ ទឹកបរិសុទ្ធ និងនុំស្រួយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលមានទុនវិនិយោគប្រមាណជា ១៧,៥៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋចំនួន ៨២១កន្លែង។ ក្រុមហ៊ុន " LIEFENG OUTDOORS (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រដេរអាវសុវត្ថិភាព តង់ និងកាបូបគ្រប់ប្រភេទ ដែលមានទុនវិនិយោគប្រមាណ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋបានចំនួន ១.៦០១កន្លែង។ គម្រោងរោងចក្រនេះមានទីតាំងវិនិយោគស្ថិតនៅ ភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ៕ អត្ថបទ៖ ជួប ស្រីរ័ត្ន