ស្ពានមាស (Golden Bridge) របស់វៀតណាមកំពុងសំញែងខ្លួនទាក់ទាញភ្ញៀវទេសចរណ៍​



ស្ពាន Cau Vang ឬម្យ៉ាងទៀតហៅថាស្ពានមាស (Golden bridge) ក្នុងតំបន់ Ba Na Hills របស់ប្រទសទេសវៀតណាមបានក្លាយជាតំបន់មួយដែលទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ឲ្យមកមើលការរចនាដ៏ចម្លែកភ្នែកមួយនេះ។ ស្ពានមួយនេះត្រូវបានសាងសង់ឡើងប្រៀបដូចជាដៃរបស់ព្រះ ដែលផុសចេញពីដីដែលមានកំពស់ជាង ១០០០ម៉ែត្រ មានប្រវែង១៥០ម៉ែត្រ ដែលចាប់បើកដំណើរការក្នុងខែកក្តដាកន្លងទៅក្នុងទឹកប្រាក់វិនិយោគ ២ ពាន់លានដុល្លារអាមេរិក។ វាជាស្ពានដែលអ្នកអាចដើរលើលំហអាកាសដែលមានពពក និងព្រៃឈើដុះនៅពីក្រោម ដែលនេះជាការសាងសង់មួយដែលទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងតំបន់ និងក្រៅប្រទេសឲ្យមកកំសាន្តនៅកន្លែងនេះ។ តំបន់ភ្នំ Ba Na Hills នេះបានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ២,៧ លាននាក់កាលពីឆ្នាំ២០១៧ នេះបើយោងតាមរដ្ឋបាលទេសចរណ៍ជាតិវៀតណាម (Vietnam National Administration of Tourism)។ បន្តាប់ពីការសាងសង់ស្ពានមាសហើយ តំបន់នេះនឹងក្លាយជាតំបន់គោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើន ដែលជាផ្នែកមួយក្នុងការជម្រុញសេដ្ឋកិច្ចវៀតណាមដ៏មានសក្តានុពល។ របាយការណ៍ឆ្នាំ ២០១៧ របស់  United Nations World Tourism Organization បានចាត់ថ្នាក់ប្រទេសវៀតណាមក្នុងចំណាត់ថ្នាក់លេខរៀងទី៧ ក្នុងពិភពលោកជាប្រទេសដែលមានទេសចរណ៍កើនឡើងខ្លាំង ហើយវៀតណាមក៏ជាប់ចំណាត់ថ្នាក់ទាំង ១០ក្នុងប្រទេសអាស៊ីអាគ្នេយ៍ផងដែរ។​ វៀតណាមមានគម្រោងទាញយកភ្ញៀវទេសចរណ៍បរទេសឲ្យបាន ១៥ ទៅ ១៧លាននាក់ក្នុងមួយឆ្នាំ។ ក្នុងរយៈពេល១ឆមាសដំបូងក្នុងឆ្នាំ ២០១៨ វៀតណាមបានទាក់ទាញភ្លៀវទេសចរណ៍សរុបប្រមាណ ៧,៨ លាននាក់ទូទាំងពិភពលោក។ នេះទំនងជាសញ្ញាល្អដែលវៀតណាមអាចនឹងសម្រេចគោលដៅរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា វៀតណាមកំពុងតែប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ានដូចជាប្រទេសថៃ ដែលទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ៣២,៦ លាននាក់ និងម៉ាឡេស៊ី ដែលទាក់ទាញបាន ២៦,៨ លាននាក់ ក្នុងឆ្នាំ ២០១៦៕ ដោយ៖ លង់ វណ្ណៈ
X
5s