ហេតុអ្វីបានជា Havard Business Review ចោទសួរថា Zuckerberg ដល់ពេលលាលែងពីដំណែង?
នេះជាសំណួរមួយដែលត្រូវបានចុះផ្សាយដោយ Havard Business Review កាលពីពេលថ្មីៗ ជុំវិញរឿងរ៉ាវរបស់នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg។ ទោះជាមានការចោទសួរបែបនេះក្ដី ប៉ុន្តែរឿងពិតដែលគេបំភ្លេចមិនបាននោះគឺថា ទំហំក្រុមហ៊ុនកាន់តែមានការរីកចម្រើនឡើងៗ។
លោក Roger L. Martin ម្ចាស់អត្ថបទដែលត្រូវបានចុះផ្សាយដោយស្ថាប័នខាងលើបានសរសេររៀបរាប់ថា ៖«ខ្ញុំមានគំនិតខ្វែងយោបល់គ្នា។ ចំពោះខ្ញុំ សំណួរសំខាន់គឺថាតើលោក Zuckerberg អាចផ្លាស់ប្ដូរការគិតរបស់ខ្លួនដើម្បីចាប់ផ្ដើមជា CEO សម័យថ្មីនេះ ឬ ថាតើ គាត់អាចចាប់ផ្ដើមសករាជថ្មីប្រសិនបើគាត់ចាកចេញពីតំណែងនាពេលបច្ចុប្បន្ននេះ»។ តើការផ្លាប់ ប្ដូរអាចនឹងកើតមានទេ?
តើមានអ្វីបានជាគួរកើតមាននូវសំណួរបែបនេះ ខណៈក្រុមហ៊ុននេះកំពុងមានឈ្មោះបោះសំឡេង និងមានតម្លៃខ្លួនកើនឡើងជាលំដាប់បែបនោះអីចឹង? ជាការពិត និងមិនអាចប្រកែកបានថា កាលៈទេសៈមួយដែលក្រុមហ៊ុន Facebook ទទួលបាននូវភាពរីកចម្រើនដ៏លឿន ចាប់តាំងពីមានវត្តមាននៅលើទីផ្សារនៅឆ្នាំ២០០៤មក។ អ្វីដែលមនុស្សគ្រប់គ្នាមើលឃើញគឺថា នាយកប្រតិបត្តិវ័យក្មេងលោក Mark Zuckerberg បានធ្វើឱ្យក្រុមហ៊ុននេះមានថ្ងៃនេះ។
ទស្សនៈរបស់អ្នកនិពន្ធខាងលើបានឆ្លុះបញ្ចាំង ពីទំនួលខុសត្រូវក្រុមហ៊ុនដែលលោកបានបង្កើតឡើងនោះ។ រឿងមួយដែលគួរកត់សម្គាល់នោះគឺថា ប្រសិនបើ Zuckerberg ចង់កម្ចាត់គូប្រកួតរបស់ខ្លួនដូចជា Snapchat ជាដើម អាចនឹងត្រូវបានគេមើលឃើញថា មិនមែនជាផលប្រយោជន៍រួមសម្រាប់មនុស្សជាតិ។ ប៉ុន្តែអ្វីដែលគួរទទួលស្គាល់នោះគឺថា ក្រុមហ៊ុន Facebook គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលបង្កើតនូវបច្ចេកវិទ្យាកណ្ដាលមួយ បន្ថយនូវការទទួលខុសត្រូវសង្គមដ៏សំខាន់មួយ។ រឿងពីរដែលស្ថិតនៅលើបន្ទាប់មួយសម្រាប់ Mark Zuckerberg គឺថាតើលោកចង់ក្លាយជារដ្ឋបុរសដែលផ្លាស់ប្ដូរការគិតរបស់ខ្លួនឆ្ពោះទៅកាន់ការគិតគូរពីមនុស្សជាតិច្រើនជាងនេះ ឬក៏ជានាយកប្រតិបត្តិដែលគិតពីផលចំណេញជាត្រីមុខ?
សំណួរនិងចម្ងល់ក៏ដូចជាដំណើរនៃវិថីអាជីវកម្មនេះ គឺមិនខុសគ្នាពីមហាសេដ្ឋីល្បីឈ្មោះធំៗដូចជាលោក Andrew Carnegie, John D. Rockefeller និង Bill Gates ជាដើមដែលសុទ្ធសឹងតែត្រូវបានគេអះអាងថា ចាប់ផ្ដើមពីការធ្វើអ្វីមួយដែលគេយល់ថាមិនល្អកាលពីគ្រាដំបូងពោលគឺនាយកប្រតិបត្តិតែងតែប្រកាន់យកនូវភាពយកឈ្នះគ្រប់យ៉ាងពោលគឺមិនអនុញ្ញាតឱ្យគូប្រកួតមានប្រៀបបាន និងត្រូវផ្ដួលតែម្ដង។ ផលប្រយោជន៍អតិថិជន គឺមានបញ្ហា ហើយក្រុមហ៊ុនទាំងនោះបានវិវត្តទៅរកចំណុចមួយហាក់ប្រៀបបានទៅនឹងក្រុមហ៊ុនដែលមានតែឯងក្នុងទីផ្សារ(Monopoly)។ ប៉ុន្តែជារឿងជៀសមិនរួច គឺការបង្វែរការផ្ដោតរបស់ពួកគេទៅកាន់ការផ្សព្វផ្សាយនូវចំណេះដឹង ផ្លាស់ប្ដូរវិស័យអប់រំ និងវិទ្យាសាស្ត្រ និងជំងឺដង្កាត់ផ្សេងៗជុំវិញពិភពលោក។ ពួកគេទាំងនេះបានក្លាយជារដ្ឋបុរស (អ្នកគិតពីមនុស្សធម៌សកលច្រើន)។
ប៉ុន្តែសម្រាប់លោក Roger L. Martin នៅតែចោទជាសំណួរនៅផ្នែកចុងក្រោយនៃអត្ថបទរបស់លោក។ នោះគឺថាតើ Mark Zuckerberg អាចបន្តដឹកនាំក្រុមហ៊ុន Facebook ជាក្រុមហ៊ុនមានលក្ខណៈសម្បត្តិប្រកួតប្រជែងមួយប៉ុន្តែផ្លាស់ប្ដូរពីការផ្ដួលគូប្រកួត រំលោភបំពានទៅលើអ្នកប្រើប្រាស់និងកេងចំណេញពីអ្នកប្រើប្រាស់ឬយ៉ាងណា ? ឬមួយក៏ប្ដូរទៅកាន់មេដឹកនាំថ្មីដែលមានទិសដៅល្អប្រសើរជាងនេះ។
ទោះជាយ៉ាងណា គេមិនភ្លេចឡើងថា លោក Mark Zuckerberg ធ្លាប់បានប្រកាសថា លោកនឹងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់លោកមួយភាគធំដើម្បីបម្រើកម្មវិធីមនុស្សធម៌៕