ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី សម្រេចចិត្តបិទគម្រោងរៀងៗគ្នា ក្រោយពីមានជម្លោះផ្លូវអាកាស
ប្រទេសម៉ាឡេស៊ី និងប្រទេសសឹង្ហបុរីជាប្រទេសជិតខាងនឹងគ្នាដែលបានចែករម្លែក នូវលក្ខណះវប្បធម៌ ភាសា និងប្រជាជនប្រហាក់ប្រហែលគ្នា ដោយសារតែប្រទេស ទាំងពីរនេះធ្លាប់មានប្រវត្តិសាស្ត្រជាប្រទេសតែមួយប៉ុណ្ណោះ ពោលគឺប្រទេសសិង្ហបុរី ទើបតែចែកចេញពីប្រទេសម៉ាឡេស៊ីនៅឆ្នាំ១៩៦៥ តែប៉ុណ្ណោះ។
ទោះជាធ្លាប់មាន ប្រវត្តិ និងបទពិសោធន៍ជាមួយគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេស ទាំងពីរហាក់បីដូចចានដែលនៅក្នុងរាវអីចឹងដែរ ពោលគឺថាប្រទេសទាំងពីរនេះមាន ជម្លោះជាមួយគ្នាលើរឿងមួយចំនួនដែលមិនទាន់អាចដោះស្រាយចេញនៅឡើយទេ។
សព្វថ្ងៃ ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី កំពុងតែមានបញ្ហា ២ធំៗ ដែលកំពុង ដុតដៃដុតជើងដោះស្រាយ ដោយក្នុងនោះមួយគឺពាក់ព័ន្ធនឹងតំបន់ផ្លូវទឹក និងមួយទៀត គឺពាក់ព័ន្ធនឹងផ្លូវអាកាស ដោយកាលពីថ្ងៃ៨ ខែមករាឆ្នាំ២០១៨ ប្រទេសទាំង២ក៏បាន សម្រេចជួបប្រជុំគ្នាដើម្បីរកចំណុចប្រសព្វមួយជាការដោះស្រាយតាមសន្តិវិធី។
ប៉ុន្តែបន្ទាប់ពីការជួបប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសសិង្ហបុរីគឺលោក Vivian Balakrishnan និងខាងប្រទេសម៉ាឡេស៊ីគឺលោក Saifuddin Abdullah ហើយនោះ ប្រទេសទាំងពីរបានសម្រេចដកខ្លួនម្នាក់មួយជំហានសិន នៅលើទីតាំង ជម្លោះ ដែលស្ថិតនៅទីក្រុង Pasir Gudang ដែលជាតំបន់ឧស្សាហកម្មពិសេស មួយនៅខេត្ត Johor ប្រទេសម៉ាឡេស៊ី។
តំបន់ជម្លោះនេះ ជាតំបន់ដែលប្រទេសម៉ាឡេស៊ីបានដាក់ចូលជាតំបន់ហាម ឃាត់អចិន្ត្រៃយ័មួយ ពោលគឺថាពុំមានសកម្មភាពហោះហើរណាមួយមានចរាចរណ៍ នៅតំបន់នេះបានឡើយ។ ដោយឡែក ប្រទេសសិង្ហបុរីវិញ ផ្ផ្លូវហោះហើររបស់ ព្រលានយន្តហោះ Seletar ដែលស្ថិតនៅ ភាគខាងជើងឆៀងខាងកើតប្រទេសនេះ ត្រូវហោះឆ្លងកាត់ តំបន់ជម្លោះនេះ។
ប៉ុន្តែដោយសារតែមានបញ្ហាលើផលប្រយោជន៍៍ជាតិរៀងៗខ្លួននេះហើយ ទើបប្រទេស ទាំងពីរសម្រេចចិត្តថយក្រោយម្នាក់មួយជំហាន ដោយពេលនេះប្រទេសសិង្ហបុរីបាន ផ្អាកការហោះហើរយន្តហោះរបស់ខ្លួននេះលើតំបន់នេះសិន ដោយប្រទេសម៉ាឡេស៊ី ក៏ផ្អាកនូវការហាមឃាត់មិនឱ្យហោះហើរកាត់លើតំបន់នោះដែរ។
ការផ្អាកទាំងសងខាងនេះ គឺធ្វើឡើងនៅក្នុងគោលបំនងដើម្បីរង់ចាំឱ្យ បញ្ហាដ៏ក្តៅគគុក នេះត្រូវបានរដ្ឋាភិបាលទាំងពីរចរចារ និងដោះស្រាយជាមួយគ្នាដោយសន្តិវិធីសិន។
ទង្វើរបស់រដ្ឋាភិបាលទាំងពីរនេះត្រូវបានគេឱ្យ តម្លៃថាជាការដោះស្រាយជម្លោះប្រកប ដោយសន្តិវិធី និងគួរយកជាគម្រូ។ អ្នកជំនាញជឿជាក់ថា រដ្ឋាភិបាលទាំងពីរនឹងរក ឃើញចំនុចកណ្តាលមួយដែលអាចបម្រើឱ្យផលប្រយោជន៍ប្រទេសទាំងពីរបានបន្ទាប់ពីការចរចារមួយនេះបានបញ្ចប់៕