ឥណ្ឌូនេស៊ី៖ បើចាំពឹងផ្អែកលើការផលិត និងនាំចេញប្រេងនោះប្រាកដជាដាច់ខ្យល់ហើយ!​



អស់រយៈពេលជាង១០ឆ្នាំហើយតាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨បានកើត​ឡើង ប៉ុន្តែសុបិនអាក្រក់ដែលបន្សល់ទុកពីព្រឹត្តការណ៍ពិភពលោកមួយនេះមិនទាន់​បានសាបរលត់នោះទេ ព្រោះឧស្សាហកម្មមួយចំនួនដែលធ្លាប់បានរងគ្រោះកាល​ពីពេលនោះ នៅមិនទាន់បានត្រលប់ទៅរកធាតុដើមដូចមុនពេលដែលវិបត្តិសេដ្ឋកិច្ចនេះកើតឡើងនោះទេ។

តួយ៉ាងដូចជាឧស្សាហកម្មប្រេង និងហ្គាសដែលធ្លាប់តែមានតម្លៃខ្ពស់កប់ពពកដល់ទៅ $១៤៥អាមេរិចក្នុងមួយបារ៉ែលតែបែជាធ្លាក់តម្លៃដល់ទៅ ៧០% ពោលគឺនៅសល់ត្រឹម​តែ$៤០អាមេរិចប៉ុណ្ណោះក្នុងមួយបារ៉ែលនៅចុងឆ្នាំ២០០៨នោះ។ ចាប់ពីឆ្នាំ ២០១១​ដល់២០១៤ តម្លៃប្រេងបានទៅដល់តម្លៃធម្មតាវិញទៅហើយ ប៉ុន្តែបែរជាត្រូវធ្លាក់ចុះ​កាន់តែខ្លាំងម្តងទៀតនៅឆ្នាំ២០១៤។

តាំងពីឆ្នាំ២០១៤មក តម្លៃប្រេង​មិនបានឡើងទៅដល់តម្លៃខ្ពស់ដែលវាធ្លាប់បានគេជួញដូរនោះ សម្រាប់ប្រទេសដែលសេដ្ឋកិច្ចត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធានធម្មជាតិកម្រមួយនេះ គឺត្រូវជួបប្រទះបញ្ហាដ៏ធំមួយហើយ នៅពេលដែលតម្លៃប្រេងបន្តស្ថិតក្នុងតម្លៃ​ទៀតបែបនេះ។ ក្នុងនោះ ឥណ្ឌូនេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសប៉ុន្មានផ្សេង​ទៀត។ តាមរយះទិន្នន័យពីក្រុមហ៊ុនPwC បានបង្ហាញឱ្យឃើញថា កាលពីជាង១០ឆ្នាំ​មុន ពោលគឺចាប់ពីឆ្នាំ ២០០៤ ដល់ ២០០៦ ចំណូលដែលបានពីឧស្សាហកម្មប្រេងនេះគឺ​មានរហូតដល់ទៅ $៤៥,៦ពាន់លានដុល្លារ ស្មើនឹង២០%នៃផលិតផលសរុបក្នុង​ប្រទេសឥណ្ឌូនេស៊ីនេះទាំងមូល។

ប៉ុន្តែនៅពេលដែលមានបញ្ហាឆ្នាំ២០១៤ដោយសារតែតម្រូវការប្រេងធ្លាក់ចុះ និងដៃគូប្រកួតប្រជែងនាំចេញធនធាននេះមានច្រើនផងនោះ តម្លៃមួយបារ៉ែលគឺធ្លាក់​នៅត្រឹមតែ$៣៥ប៉ុណ្ណោះ ដែលចំនួននេះធ្វើឱ្យឧស្សាហកម្មមួយដែល​ធ្លាប់តែមានភាព​សកម្មទៅ​ជាមានត្រឹមតែ ៤%ក្នុងឆ្នាំ២០១៥ និង៣%ក្នុងឆ្នាំ២០១៦។

បើទោះបីជាតម្រូវការប្រេង និងហ្គាសប្រចាំថ្ងៃនៅតែមានអ៊ីចឹងប៉ុន្តែសេដ្ឋកិច្ចរបស់មួយ​នេះហាក់បីដូចជាមិនមានជោគវាសនាលើវិស័យនេះសោះ។ សូម្បីតែការវិនិយោគលើ​ការរុករកប្រេងដែលធ្លាប់តែមានតម្លៃ ១,៣ពាន់លានដុល្លារកាលពីឆ្នាំ២០១២ បែរជា​ធ្លាក់​តម្លៃចុះជាង១០ដងឯនោះ ពោលគឺមកនៅសល់ត្រឹមតែ១០០លានដុល្លារប៉ុណ្ណោះ​នៅឆ្នាំ២០១៦។​

ដើម្បីព្យាបាលដំបៅសេដ្ឋកិច្ចមួយនេះ ឥណ្ឌូនេស៊ីបានងាកទៅរកការផលិតថាមពល​ថ្មីផ្សេងទៀត ដែលហៅថា Geothermal Energy។ នេះជាការស្រូបយកថាមពល ដែលចេញមកពីកម្តៅ​របស់ផែនដី។ ជាមួយនឹងការផ្តោតសំខាន់ទៅលើផលិតផលថ្មីនេះ បានធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រទេសធំជាងគេបំផុតទី២ក្នុងពិភពលោក ដែលនាំចេញថាមពលមួយនេះយកទៅលក់នៅក្នុងទីផ្សារពិភពលោក។

តាមរយៈការលើកឡើងពីភ្នាក់ងារអន្តរជាតិនៃថាមពលកើតឡើងវិញ ( The International Renewable Energy Agency (IRENA) បានបង្ហាញថាឥណ្ឌូនេស៊ី មានមហិច្ឆតានាំចេញថាមពលប្រភេទនេះឱ្យបាន ២៣%នៅឆ្នាំ ២០៣០ នៅ៣១% នៅឆ្នាំ២០៥០។ ប៉ុន្តែបើតាមការលើកឡើងដដែលពីភ្នាក់ងារនេះ ឥណ្ឌូនេស៊ីមិនពិបាកក្នុងការសម្រេចបំនងនេះឡើយ ព្រោះសព្វថ្ងៃនេះការផ្គត់ផ្គង់របស់ឥណ្ឌូនេស៊ីកំពុងតែឈានទៅរកចំនួននេះហើយ។

ការងាកចេញពីឧស្សាហកម្មមួយទៅមួយប្រភេទទៀតដូចអ្វីដែលឥណ្ឌូនេស៊ីបានធ្វើនេះត្រូវបានគេជឿថាជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃបំផុត ព្រោះជៀសវាងចំណាយធនធានទៅលើអ្វីដែលមិនសូវបានផល ឥណ្ឌូនេស៊ីបានចាប់ផ្តើម ខណៈដែលប្រទេសផ្សេងៗមិនទាន់បានចាប់ភ្លឹកដល់។ ដូច្នេះវាបានផ្តល់ឳកាសឱ្យឥណ្ឌូនេស៊ីយ៉ាងល្អនៅក្នុង ការរើបម្រាស់ខ្លួន ក៏ដូចជាក្តោបយកទីផ្សារពិភពលោកផងដែរ៕

X
5s