កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​ធៀប​នឹង​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយ​នេះ​



កំណើន​សេដ្ឋកិច្ច​កម្ពុជាក្នុង​ឆ្នាំ​២០១៨ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​កើន​ឡើង​ក្នុង​អត្រា ៧,៣% ជា​កម្រិត​ខ្ពស់​ធៀប​និង​អត្រាកំណើន​រយៈ​ពេល​៦​ឆ្នាំ​ចុង​ក្រោយ​ និង​ខ្ពស់​ជាង​អត្រា​កំណើន​មធ្យម​នៃ​ប្រទេស​កំពុង​លូត​លាស់​ និង​ប្រទេស​ក្នុង​តំបន់​ផង​ដែរ។ នេះ​គឺ​ដោយ​សារ​តែវិស័យ​កាត់​ដេរ​ សំណង់ និង​ទេសចរណ៍ បន្ត​មាន​កំណើន​ក្នុង​អត្រា​ពីរ​ខ្ទង់​ក្នុង​បរិយាកាស​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ និង​ដោយ​មាន​ការ​គាំទ្រ​ដោយ​គោល​នយោបាយ​សារពើពន្ធវិត្ថារកម្ម គោល​នយោបាយ​រូបិយវត្ថុ និង​ផ្លែផ្កា​នៃ​វិស័យ​ធនាគារ​​និង​វិស័យ​ដទៃ​ទៀត។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា។

វិនិយោគ​ផ្ទាល់​ពីបរទេស​ (FDI)បន្ត​កើន​ឡើង​ក្នុង​អត្រា​ខ្ពស់​ (១២%) ជា​ពិសេស​វិស័យ​ធនាគារ​ អចលនទ្រព្យ និង​កាត់​ដេរ ហើយ​បាន​គាំ​ទ្រ​ជញ្ជីង​ទូទាត់​ឲ្យ​មាន​អតិរេប្រមាណ ៤,៥% នៃ​ផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ មួយ​វិញ​ទៀត​ ការ​​នាំ​ចេញ​របស់​កម្ពុជា​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ជា​ពិសេស​ផលិតផល​កាត់​ដេរ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​កើន​ឡើង ២៤,៧% ស្រប​ពេល​ដែល​ការ​នាំ​ចេញ​ផលិតផល​មួយ​ចំនួន​ត្រូវ​បាន​កើន​ឡើង​ក្នុង​អត្រា​ពីរ​ទៅ​បី​ខ្ទង់​ ដូច​ជា​ការ​នាំ​ចេញ​អង្ករកើន​ ២៣% ទោចក្រយាន​យន្ត​កើន​១២% និង​គ្រឿង​បន្លាស់​​រថយន្ត​កើន​៣ដង។

ក្នុង​នោះ​ផង​ដែរ​វិស័យ​ធនាគារ​បាន​ចាក់​ឬស​ទៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​យ៉ាង​រឹង​មាំ​ដោយ​បាន​ជម្រុញ​ឲ្យ​មានភាព​ស៊ី​ជម្រៅ​ផ្នែក​ហិរញ្ញវត្ថុ​ (M2/GDP) កើន​ដល់​ ៧៨% ធៀប​នឹង​៧៣% ​នៅ​ឆ្នាំ​២០១៧ ហើយ​ទ្រព្យសកម្ម​សរុប​បាន​កើន​ឡើងដល់​ ១៧៤% នៃ​ផ.ស.ស (កើន​២០%)។ ទន្ទឹម​នោះ​ជំនឿ​ទុក​ចិត្ត​ពី​សាធារណៈ​ជន​មក​លើ​ធនាគារ​និង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ត្រូវ​បាន​ពង្រឹង និង​បាន​ជម្រុញ​ឲ្យ​ប្រាក់​បញ្ញើរ​កើន​ដល់ ៩១% នៃ​ផ.ស.ស (កើន​ ១៦%)។

ជា​មួយ​គ្នា​នេះ​ឥណទាន​ចំពោះ​វិស័យ​ឯកជន​បាន​កើន​ឡើង​ដល់​ ១០២%​នៃ​ផ.ស.ស (កើន ២០,១%) ដែល​បាន​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ និង​បរិយាប័ន្ន។ ជា​មួយ​គ្នា​នេះ វិស័យ​ធនាគា​បាន​ចូល​រួម​ចំណែក​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​បាន​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ជា​លំដាប់​ដែល​បច្ចុប្បន្ន ៦៩% នៃ​ប្រជា​ជន​ពេញ​វ័យ​ទទួល​បាន​សេវាហិរញ្ញវត្ថុ​ ស្រប​ពេល​ដែល​ចំណេះ​ដឹង​ពី​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ត្រូវ​បាន​ពង្រឹង​ជា​ប្រចាំ៕

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

X
5s