មេចារកម្មអាមេរិក បង្ហើបពីរឿងគំរាមកំហែងពិភពលោកធំៗកើតមាននៅឆ្នាំ២០១៦នេះ
លោក James Clapper ប្រធានចារកម្មជាតិរបស់សហរដ្ឋអាមេរិកបានបង្ហាញពីការវាយតម្លៃធំៗដល់គណៈកម្មាធិការសភាទទួលបន្ទុកប្រដាប់អាវុធអំពីបញ្ហាគំរាមកំហែងសកលលោកដែលបាន និងកំពុងកើតមានឡើងនៅឆ្នាំ២០១៦ នេះ។
១) បញ្ហាចារកម្ម និងការលួចព័ត៌មាននៅលើអ៊ីនធឺណិត៖ បញ្ហាចារកម្ម និងការលួចព័ត៌មាន (hack) តាមប្រព័ន្ធអ៊ីនធឺណិតបាននិងកំពុងរីកសាយភាយយ៉ាងខ្លាំង។ ការរីកចម្រើននៃបច្ចេកវិទ្យាមានដូចជាឧបករណ៍ឆ្លាតវៃជាដើម ជាប្រភពដែលធ្វើឱ្យក្រុមលួចព័ត៌មានអាចជ្រៀតចូលបាន។ បណ្ដាតួអង្គអាចអុកឡុកសហរដ្ឋអាមេរិកមាន រុស្ស៊ី ចិន អ៊ីរ៉ង់ កូរ៉េខាងជើង និងតួអង្គមិនមែនជាប្រទេសទៀត។
២) បញ្ហាភេរវកម្ម៖ ជាបញ្ហាក្ដៅគគុកដែលរីកសាយភាយជុំវិញពិភពលោក ជាពិសេសនៅអឺរ៉ុប អាមេរិក និងអាស៊ី។ ក្រុមដែលកំពុងបង្កបញ្ហាមានដូចជាក្រុមជ្រុលនិយមម៊ូស្លីមនិកាយស៊ុននី ក្រុម ISIS ក្រុមអាល់កៃដា ក្រុមប៊ូហ្គោហារ៉ាម ក្រុមនៅតំបន់អាស៊ីអាគ្នេយ៍ និងក្រុមដែលមានទំនាក់ទំនងនឹងបណ្ដាញអាល់កៃដាជាច្រើនទៀត។
៣) អាវុធប្រល័យលោក៖ កម្មវិធីនុយក្លេអ៊ែរនៅកូរ៉េខាងជើង ការធ្វើទំនើបកម្មកម្លាំងនុយក្លេអ៊ែររបស់ចិន និងរុស្ស៊ី ការប្រើប្រាស់អាវុធគីមីនៅស៊ីរី និងកម្មវិធីនុយក្លេអ៊ែរនៅអ៊ីរ៉ង់បាននិងកំពុងតែគំរាមកំហែងពិភពលោកខ្លាំងមែនទែន។
៤) ការប្រកួតប្រជែងក្នុងវិស័យអវកាស៖ ចិន និងរុស្ស៊ីកំពុងប្រជែងគ្នាទៅលើការប្រកួតប្រជែងសមត្ថភាពយោធា និងផ្កាយរណបចារកម្មដែលអាចគំរាមកំហែងដល់ប្រព័ន្ធអវកាសរបស់សហរដ្ឋអាមេរិកបាន។
៥) បញ្ហាចារកម្ម៖ ក្រុមបណ្ដាប្រទេសជាច្រើន បានយកសហរដ្ឋអាមេរិកជាគោលដៅចារកម្មរបស់ខ្លួន។ ការយកចារកម្មនេះមិនមែនធ្វើឡើងតែចំពោះរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវិស័យឯកជនក៏ប្រឈមនឹងការយកការណ៍នេះដែរ។ អ្នកគំរាមកំហែងអាមេរិកមាន រុស្ស៊ី ចិន អ៊ីរ៉ង់ និងគុយបា។
៦) ឧក្រិដ្ឋកម្មឆ្លងដែន៖ បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនក៏កំពុងតែរីកដុះដាលខ្លាំងដែរ។ ក្រុមអ្នកលក់គ្រឿងញៀនពីម៉ិកស៊ីកូចូលអាមេរិក និងក្រុមជួញដូរមនុស្សពីប្រទេសមួយទៅប្រទេសមួយក៏ពុងតែកើតមានច្រើនករណីដែរ។
៧) បញ្ហាសេដ្ឋកិច្ច និងធនធានធម្មជាតិ៖ ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់មហាយក្សចិន អាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារថាមពល និងទីផ្សារវត្ថុធាតុដើម ហើយក៏ប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោកទាំងមូលផងដែរ។ តម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង ហើយមិនងាយនឹងងើបឡើងវិញដែលកត្តានេះបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាច្រើន។
៨) សុវត្ថិភាពរបស់មនុស្ស៖ ជំងឺឆ្លងមានផ្ទុះឡើងដូចជាវីរុស ហ្ស៊ីហ្កា និងជំងឺឆ្លងផ្សេងៗទៀតក៏គំរាមកំហែងដល់ពិភពលោកខ្លាំងមែនទែនដែរ៕
ដោយ៖ រតនៈវិភូ